
ក្រុមកម្មករកំពុងប្រមូលជ័រកៅស៊ូកកពីក្នុងចម្ការក្នុងខេត្តរតនគិរីដាក់លើរថយន្ត។ រូបថត រ៉ាហ៊ីម
ភ្នំពេញៈ កំណើននៃតម្រូវការនៅប្រទេសចិន បានធ្វើឱ្យតម្លៃកៅស៊ូកម្ពុជានៅទីផ្សារអន្តរជាតិកើនឡើងជាង ១០ ភាគរយក្នុងត្រីមាសទី១ នេះធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៦ ខែមីនាថា ភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្វើឱ្យតម្រូវការប្រើប្រាស់កៅស៊ូកើនឡើងច្រើន ដោយធ្វើឱ្យកៅស៊ូកម្ពុជាដឹកទៅដល់កំពង់ផែក្រុងហូជីមិញ ប្រទេសវៀតណាម មានតម្លៃក្នុងរង្វង់ ១ ៨០០ ដុល្លារ ក្នុង ១ តោន កើនពីតម្លៃប្រមាណ ១ ៥០០ ដុល្លារ កាលពីអំឡុងខែមីនា ឆ្នាំ ២០២០។ លោកបន្តថា និន្នាការនេះចាប់ផ្តើមតាំងពីចុងឆ្នាំ ២០២០។
លោកថ្លែងថា៖ «ខ្ញុំគិតថា តម្លៃកៅស៊ូកើនឡើងនៅពេលនេះ គឺដោយសារតម្រូវការប្រើប្រាស់នៅប្រទេសចិនកើនឡើង ក្រៅពីនោះក៏អាចមាននៅប្រទេសឥណ្ឌាខ្លះដែរ»។
យោងតាមលោក សុផា វិបត្តិខ្វះកម្លាំងពលកម្មតាមបណ្តាប្រទេសដាំដើមកៅស៊ូក្នុងតំបន់ក៏អាចជាមូលហេតុធ្វើឱ្យការនាំចេញ និងតម្លៃជ័រកៅស៊ូកម្ពុជាកើនឡើងដែរ។ លោកអះអាងថា៖ «បើតម្លៃនៅតែល្អបែបនេះ ការដាំដើមកៅស៊ូនៅកម្ពុជានឹងកើនឡើងបន្ថែមទៀត»។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២១ កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុប ៤០៤ ១១៨ ហិកតា និងផ្ទៃដីប្រមូលផល ២៩២ ៤៩៧ ហិកតា។
លោក ម៉ែន សុភក្តិ ប្រធានក្រុមហ៊ុនវិនិយោគ សុភក្តិនីកា ដែលជាក្រុមហ៊ុនដាំដុះ និង នាំចេញកៅស៊ូបានប្រាប់ថា បើទោះបីក្រុមហ៊ុនលោកមិនទាន់បាននាំចេញកៅស៊ូទៅលក់នៅក្រៅប្រទេស ប៉ុន្តែលោកដឹងថា តម្លៃកៅស៊ូពេលនេះបានកើនឡើងជាង ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយនៅព្រំដែនប្រទេសវៀតណាម កៅស៊ូកម្ពុជាមានតម្លៃជាង ១ ៧០០ ដុល្លារ ក្នុង ១ តោន ខណៈអំឡុងពេលដូចគ្នានេះឆ្នាំមុនមានតម្លៃប្រមាណ ១ ៤០០ ដុល្លារ។ តម្លៃខ្ពស់នេះ គឺដោយសារកៅស៊ូនៅមិនទាន់ផ្តល់ជ័រមានច្រើន។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថា តម្លៃកៅស៊ូកើនឡើងដោយសារតែមានតម្រូវការច្រើននៅប្រទេសចិន ខណៈទីផ្សារក្រៅពីនោះហាក់មិនមានសញ្ញាវិជ្ជមានទេ»។
ទោះយ៉ាងណា លោកប្រាប់ថា តម្លៃខ្ពស់នៅពេលនេះអាចនឹងធ្លាក់ចុះវិញខ្លះនារយៈពេល ២-៣ ខែខាងមុខ ដោយនៅពេលនោះការប្រមូលផលកៅស៊ូតាមប្រទេសនីមួយៗនឹងកើនឡើងខ្ពស់។
Sailun Group ដែលជាក្រុមហ៊ុនមួយរបស់ប្រទេសចិននៅពេលនេះកំពុងពិចារណាពីការបង្កើតរោងចក្រផលិតកង់រថយន្តដឹកអ្នកដំណើរក្នុងតំបន់សេដ្ឋកិច្ចពិសេស QiLu (Cambodia) ខេត្តសា្វយរៀង។ ជាមួយគ្នានេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែកុម្ភៈក៏បានអនុម័តឱ្យក្រុមហ៊ុន Cart Tire Co Ltd ដើម្បីសាងសង់រោងចក្រផលិតកង់រថយន្តតម្លៃប្រមាណ ១៥ លានដុល្លារនៅកម្ពុជាផងដែរ។
ទាក់ទងទៅនឹងព័ត៌មាននេះលោក សុផា បានប្រាប់ថា នេះជាការចង់បានរបស់កម្ពុជាយូរមកហើយ។ នៅពេលមានការវិនិយោគលើរោងចក្រផលិតកង់រថយន្តវានឹងជួយធ្វើឱ្យការដាំដុះ និងទីផ្សារកៅស៊ូកម្ពុជាកាន់តែមានភាពរឹងមាំ ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចេញស្ទើរទាំងស្រុង។ លោកនិយាយថា៖ «យើងសង្ឃឹមថា គម្រោងវិនិយោគនេះការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកច្រើនជាមិនខាន»។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រយៈពេល ២ ខែដំបូងឆ្នាំ ២០២១ កម្ពុជាបាននាំចេញកៅស៊ូសរុប ៨៣ ៦២០ តោន កើន ១០,៣ ភាគរយពីចំនួន ៧៥ ៨០៩ តោន ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២០៕ LA