ទីក្រុងសានហ្វ្រានស៊ីស្កូៈ ចៅក្រម​ក្នុង​រដ្ឋ​តិចសាស់​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន Apple បង់ប្រាក់​ចំនួន​ ៥០៣ ​លាន​ដុល្លារ​ពី​បទរំលោភ​បច្ចេកវិទ្យា​បណ្តាញ​ឯកជន​និម្មិត​ដែល​ទទួលបាន​ប៉ាតង់​ដោយ​ក្រុមហ៊ុន​សន្តិសុខ Software ក្រុមហ៊ុន​ VirnetX​។

យោងតាម​ឯកសារ​តុលាការ​ជម្លោះ​ផ្លូវច្បាប់​រវាង​ក្រុមហ៊ុន Apple និង VirnetX ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​ Nevada ទាក់ទិន​នឹង​សន្តិសុខ​ចម្លង​ទិន្នន័យ​ក្នុង​ឧបករណ៍​ដូចជា iPhone, iPad និង iPod Touch​។

ក្រុមហ៊ុន Apple បាន​ឆ្លើយតប​ចំពោះ​សំណួរ​របស់​អ្នកសារព័ត៌មាន AFP ដោយបាន​លើកឡើង​ថា​៖ «​យើង​សូម​អរគុណ​ដល់​ចៅក្រម​សម្រាប់​ពេលវេលា​របស់​ពួកគេ និង​ថ្លែងអំណរគុណ​ចំពោះ​ការពិចារណា​របស់​ពួកគេ ប៉ុន្តែ​ខកចិត្ត​ជាមួយ​សាលក្រម​ និង​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​»​។

ក្រុមហ៊ុន Apple បាន​បន្ថែមថា​៖ «​ករណីនេះ​បានកើត​មាន​ជាង​ ១ ​ទសវត្សរ៍​ទៅហើយ ដោយ​ប៉ាតង់​ដែល​មិន​ពាក់ព័ន្ធ​ទៅនឹង​ប្រតិបត្តិការ​ស្នូល​នៃ​ផលិតផល​របស់​ពួកយើង និង​ត្រូវបាន​គេ​មើលឃើញ​ថា​ផុត​សុពលភាព​ដោយ​ការិយាល័យ​គ្រប់គ្រង​ប៉ាតង់​»​។

ក្រុមហ៊ុន VirnetX បាន​ជំទាស់​ក្នុង​បណ្តឹង​ដែល​ថា​មុខងារ VPN On Demand របស់​ Apple បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​មាន​ប៉ាតង់​របស់​ក្រុមហ៊ុន​ខ្លួន​។

ក្រុមហ៊ុន​ VirnetX មាន​មូលដ្ឋាន​នៅ​រដ្ឋ Nevada ប៉ុន្តែ​បណ្តឹង​ប៉ាតង់​ជាធម្មតា​ត្រូវបាន​គេ​ប្តឹង​នៅក្នុង​រដ្ឋ​ដែល​តុលាការ​ត្រូវបាន​គេ​រកឃើញថា​មាន​ទំនោរ​ទៅនឹង​ច្បាប់​ប្រឆាំងនឹង​ក្រុមហ៊ុន​យក្ស Silicon Valley​។

ក្រុមហ៊ុន Apple ប្រឈម​ចំពោះ​សុពលភាព​នៃ​ប៉ាតង់​របស់​ក្រុមហ៊ុន VirnetX​។

យោង​តាម​របាយការណ៍​របស់ Dallas Morning News ស្តីពី​សាលក្រម​តុលាការ​បាន​ឱ្យ​ដឹងថា​ក្រុមហ៊ុន VirnetX ដែល​មិនអាច​ទទួលបាន​ការចាប់​អារម្មណ៍​ពី Software របស់ខ្លួន​ពឹង​ផ្អែកលើ​សិទ្ធិ​ប៉ាតង់​សម្រាប់​ប្រាក់ចំណូល​របស់ខ្លួន​។

ក្រុមហ៊ុន Apple បាន​និយាយថា៖ «​ករណី​បែប​នេះ​គ្រាន់តែ​ជួយ​រារាំង​ការច្នៃប្រឌិត និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​អតិថិជន​តែប៉ុណ្ណោះ​» ។

ក្រុមហ៊ុន VirnetX មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​ទេ​៕ RR