ក្រុងឡុងដ៍ៈ ចៅក្រម​ចក្រភព​អង់គ្លេស​កាលពី​ចុង​សប្តាហ៍​មុន​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ក្រុមហ៊ុន​ឯកជន​តូច​មួយ​ឲ្យ​រឹបអូស​ទ្រព្យ​តម្លៃ ៩ ​ពាន់​លាន​ដុល្លារ​ ពី​រដ្ឋាភិបាល​នីហ្សេរីយ៉ា ដោយសារ​ការបរាជ័យ​អនុវត្ត​កិច្ចព្រមព្រៀង​ឧស្ម័ន​ធម្មជាតិ​។

ក្រុមហ៊ុន Process and Industrial Developments Limited (P&ID) ដែល​ត្រូវបាន​សារព័ត៌មាន​រាយការណ៍​យ៉ាង​ទូលំទូលាយ​ថា ត្រូវបាន​ចុះបញ្ជី​នៅ​កោះ British Virgin ដែល​ជា​ដែនដី​អង់គ្លេស​ត្រូវ​បាន​បង្កើតឡើង​ដោយ​ដៃគូ​ធុរជន​ជនជាតិ​អៀរឡង់​ ២ ​នាក់​ក្នុង​គោលបំណង​អនុវត្ត​កិច្ចព្រមព្រៀង​ឆ្នាំ​ ២០១០ ជាមួយ​រដ្ឋាភិបាល​នីហ្សេរីយ៉ា​។

កិច្ចព្រមព្រៀង​ដែល​មាន​រយៈពេល​ ២០ ​ឆ្នាំ​នេះ​នឹង​មើល​ឃើញ​ថា​ក្រុមហ៊ុន P&ID «​សាងសង់​រោងចក្រ​កែច្នៃ​ឧស្ម័ន​បច្ចេកវិទ្យា​ខ្ពស់​មួយ ដើម្បី​ចម្រាញ់​ឧស្ម័ន​ធម្មជាតិ​ដែល​ប្រទេស​នីហ្សេរីយ៉ា​នឹង​ទទួល​បាន​ថាមពល​សម្រាប់​បណ្តាញ​ថាមពល​ថ្នាក់ជាតិ​របស់​ខ្លួន​ដោយ​ឥតគិតថ្លៃ​»​។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន P&ID​។

ឯកសារ​របស់​តុលាការក្រុង​ឡុងដ៍​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញថា កិច្ចព្រមព្រៀង​នេះ​បាន​បរាជ័យ​អនុវត្ត​ក្នុង​ឆ្នាំ​ ២០១២​។

តុលាការ​មជ្ឈត្តការ​អង់គ្លេស​បាន​ចេញ​សាលក្រម​ផ្តល់ ៦,៦ ​ពាន់​លាន​ដុល្លារ​​ ជា​ថ្លៃ​សំណង​ខូចខាត​នៅ​ឆ្នាំ​ ២០១៧ ដល់​ក្រុមហ៊ុន P&ID​។ តែ P&ID ថា ការប្រាក់​បង្គរ​បាន​ធ្វើឲ្យ​ទឹកប្រាក់​នេះ​កើន​ដល់​ជាង ៩ ពាន់​លាន​ដុល្លារ​។

ក្រុមការងារ​ផ្នែក​ច្បាប់​របស់​រដ្ឋាភិបាល​នីហ្សេរីយ៉ា​បាន​ជំទាស់​ថា តុលាការ​អង់គ្លេស​គ្មាន​យុត្តាធិការ​ដោះស្រាយ​ជម្លោះ​នេះ​ឡើយ​៕ KC