ក្រុង​សេអ៊ូលៈ តុលាការ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​សៅរ៍​បាន​អនុម័ត​ដីកា​ចាប់​ខ្លួន​អនុ​ប្រធាន​ក្រុមហ៊ុន Samsung Electronics ចំនួន ២ នាក់ ​ជុំវិញ​រឿង​អាស្រូវ​គណនី ប៉ុន្តែ​បាន​ច្រាន​ចោល​ដីកា​មួយ ​ដើម្បី​ចាប់​ខ្លួន​ប្រធាន​ក្រុមហ៊ុន​​ឱសថ​​របស់​ក្រុមហ៊ុន Samsung Group។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាង​ត្បូង។

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​រាយការណ៍​ថា តុលាការ​កូរ៉េ (Central District Court) ក្នុង​​ទីក្រុង​សេអ៊ូល បាន​ឲ្យ​ដឹង​ថា៖ «មាន​ឱកាស​សម្រាប់​ការ​តតាំង​គ្នា» ជុំវិញ​ករណី​តួនាទី​ស្នូល​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​របស់​លោក Kim Tae-han អគ្គនាយក​ក្រុមហ៊ុន Samsung BioLogics ក្នុង​សំណុំ​រឿង​​​កម្ទេច​ភ័ស្តុតាង​ក្នុង​ឆ្នាំ ២០១៥។

ក្រុមហ៊ុន Samsung BioLogics ដែល​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​តាម​កិច្ចសន្យា គឺ​ជា​​ក្រុមហ៊ុន​ធំ​​ទី​៣ ក្នុង​ពិភព​​លោក​ក្នុង​វិស័យ​​នេះ​បើ​គិត​តាម​ចំណែក​ទីផ្សារ និង​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​​​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​បំផុត​ចំនួន ១០ របស់​​​កូរ៉េ​ខាង​ត្បូង។

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន គណៈកម្មការ​សេវា​ហិរញ្ញវត្ថុ (FSC) របស់​ទីក្រុង​សេអ៊ូល បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​​នៅ​ទីក្រុង​អ៊ីនជុន​នេះ បាន​រំលោភ​បំពាន​វិធាន​​គណនី «ដោយ​​ចេតនា» ក្នុង​ឆ្នាំ​ ២០១៥ ពោល​​​គឺ​មួយ​ឆ្នាំ​មុន​ពេល​ក្រុមហ៊ុន​​នេះ​បោះផ្សាយ​មូលបត្រ​ជា​​សាធារណៈ​លើក​ដំបូង តាមរយៈ​ការ​បំប៉ោង​តម្លៃ​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ខ្លួន។

បន្ទាប់​ពី​​ខាតបង់​​​ជា​ច្រើន​ឆ្នាំ​ ក្រុមហ៊ុន Samsung BioLogics បាន​ផ្លាស់​ប្តូរ​វិធីសាស្រ្ត​គណនា​តម្លៃ​ភាគហ៊ុន​ចំនួន ៨៥ ភាគរយ​របស់​ខ្លួន​ក្នុង​​ក្រុមហ៊ុន Samsung Bioepis ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន Samsung Group ដោយ​បង្កើន​តម្លៃ​របស់​ក្រុមហ៊ុន​នេះ​ចំនួន ៤,៥ ពាន់​ពាន់​លាន​វ៉ុន (បច្ចុប្បន្ន​ស្មើ ៣,៨ ពាន់​លាន​ដុល្លារ) និង​បាន​បណ្តាល​ឲ្យ​ក្រុមហ៊ុន​នេះ​​ទទួល​បាន​ប្រាក់​ចំណេញ​​ចំនួន ១,៩ ពាន់​ពាន់​លាន​វ៉ុន។

ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​រាយការណ៍​ទៀត​ថា ទាក់ទង​​នឹង​រឿង​អាស្រូវ​នេះ តុលាការ​កូរ៉េ​បាន​អនុម័ត​ដីកា​ចាប់​ខ្លួន​​អនុប្រធាន​របស់​ក្រុមហ៊ុន Samsung Electronics ចំនួន ២ នាក់ ពី​បទ​ចោទ​ប្រកាន់​​ថា​ បាន​បំផ្លាញ​ និង​ក្លែង​បន្លំ​ភ័ស្តុតាង៕ AFP/KC