ក្រុងវ៉ាស៊ីនតោនៈ មន្ដ្រីរបស់ប្រទេស តួកគី បានឲ្យដឹងកាលពីថ្ងៃពុធថា ទីក្រុងអង់ការ៉ា បានបញ្ឈប់ការនាំចូលប្រេងពីអ៊ីរ៉ង់ចាប់តាំងពីដើមខែ ឧសភា ដោយ «គោរព» តាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសមួយនេះ។
មន្ដ្រីដែលស្នើសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Yavuz Selim Kiran អនុរដ្ឋមន្ដ្រីក្រសួងការបរទេសប្រទេស តួកគី ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា៖ «ក្នុងនាមជាសម្ព័ន្ធមិត្តយុទ្ធសាស្ដ្រ» របស់អាមេរិក «យើងគោរព» ការដាក់ទណ្ឌកម្មនេះ ។
ចាប់តាំងពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេស អ៊ីរ៉ង់ រយៈពេលមួយឆ្នាំកន្លងមក រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានវាយប្រហារប្រទេស អ៊ីរ៉ង់ តាមរយៈការដាក់ទណ្ឌកម្មហាមឃាត់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ ព្រមទាំងការកំណត់ដល់បណ្ដាប្រទេសដែលបន្តទិញប្រេងពីប្រទេសមួយនេះ ។
តួកគី ស្ថិតនៅក្នុងចំណោមប្រទេស ៨ ដែលក្នុងនោះក៏រួមមាន ចិន ឥណ្ឌា និងជប៉ុន ផងដែរ ដែលដំបូងឡើយ ត្រូវបានលើកលែងពីការដាក់ទណ្ឌកម្មនេះ និងបានអនុញ្ញាតឲ្យបន្តការនាំចូលប្រេងឆៅរបស់ប្រទេស អ៊ីរ៉ង់ ប៉ុន្តែការលើកលែងនេះបានបញ្ចប់កាលពីថ្ងៃទី ២ ខែ ឧសភា និងមិនបានបន្តឡើងវិញទេ ។
ខណៈកិច្ចប្រជុំជាមួយលោក ត្រាំ ក្រុមគណៈប្រតិភូតួកគី នៅទីក្រុងវ៉ាស៊ីនតោន បានពិភាក្សាចំណុចផ្សេងៗនៃភាពតានតឹងរវាងសម្ព័ន្ធមិត្តអង្គការ NATO ទាំង ២ នេះ ដែលរួមទាំងការទិញប្រព័ន្ធមីស៊ីល S-400 ពីទីក្រុងម៉ូស្គូដ៏ចម្រូងចម្រាសនៅពេលថ្មីៗរបស់ទីក្រុងអង់ការ៉ា។
ទីក្រុងវ៉ាស៊ីនតោនឲ្យដឹងថា ទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ គឺជាការគំរាមកំហែងមួយដល់ការការពារជាតិរបស់ប្រទេសលោកខាងលិច។
រដ្ឋាភិបាលប្រទេស តួកគី បានស្នើឲ្យមានក្រុមការងារបច្ចេកទេសរួមមួយជាមួយរដ្ឋបាលលោក ត្រាំ ដើម្បីលុបបំបាត់ក្តីបារម្ភរបស់អាមេរិក ដែលថា ប្រព័ន្ធមីស៊ីល S-400s នេះនឹងត្រូវប្រើប្រាស់ ដើម្បីប្រមូលទិន្នន័យលើយន្តហោះយោធារបស់អង្គការ NATO ដែលប្រទេស រុស្ស៊ី នឹងអាចចូលយកទិន្នន័យបាន។
ទំនាក់ទំនងរវាងអាមេរិក និងប្រទេស តួកគី មានភាពតានតឹងដោយសារបញ្ហាជាច្រើន រួមមាន ការគាំទ្ររបស់អាមេរិកដល់កងកម្លាំងស៊ីរី ឃើដ ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា ដាក់ឈ្មោះជាក្រុមភេរវករ និងការបដិសេធការធ្វើបត្យាប័នលោក Fethullah Gulen នៅរដ្ឋ Pennsylvania ដែលត្រូវបានរដ្ឋាភិបាលតួកគី ចោទប្រកាន់ពីបទនៅពីក្រោយរដ្ឋប្រហារមិនបានសម្រេចនៅតួកគី កាលពីឆ្នាំ ២០១៦៕ AFP/LA