ក្រុងអង់ការ៉ាៈ ​ ប្រទេស​តួ​ក​គី​កាល​ពី​ថ្ងៃ​ពុធ​បានសម្រួល​លក្ខខណ្ឌ​សម្រាប់​ការ​ក្លាយជា​ពលរដ្ឋ​តួកគី​ ​ដោយ​កាត់បន្ថយ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ ​និង​ការវិនិយោគ​ដែល​តម្រូវឱ្យមាន​សម្រាប់​ការចង់​ចូល​ស​ញ្ជា​ត្តិតួកគី។ នេះ​បើ​យោងតាម​ក្រឹត្យ​មួយ​របស់​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan ​កាលពី​ថ្ងៃ​ពុធ។

ក្រឹត្យ​ដែល​ចេញផ្សាយ​ក្នុង​សៀវភៅ​ក្រឹត​ផ្លូវ​ការ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជនបរទេស​ត្រូវ​ដាក់​ប្រាក់​កក់​តែ​ចំនួន​ ៥សែន​ដុល្លារ​ប៉ុណ្ណោះ​ទៅក្នុង​ធនាគារ​ទួរគី​ ដែល​បាន​ធ្លាក់ចុះ​ពី ៣ លាន​ដុល្លារ​កាលពី​ពេលមុន ខណៈ​​​ទុនវិនិយោគ​ថេរ ត្រូវបាន​កាត់​បន្ថយ​ពី ២ លាន​ដុល្លារ​ចុះមក​នៅត្រឹម ៥សែន​ដុល្លារ​ដែរ។

ទន្ទឹមនឹង​នេះ​ដែរ បុគ្គល​​ម្នាក់​ៗ​អាច​ទទួលបាន​សញ្ជាតិ​ ប្រសិនបើ​ពួកគេ​ជួល​មនុស្ស​ធ្វើការ​ចាប់​ពី​ ៥០ នាក់ឡើង​ទៅ ដែល​ពីមុន​តម្រូវ​ឲ្យ​ជូ​លម​នុស្ស​ធ្វើការ​ចាប់ពី ១០០ នាក់ ចំណែកឯ​អ្នក​​ដែលមាន​អចលន​ទ្រព្យ​​​តម្លៃ ២៥ម៉ឺន​ដុល្លារ​ឡើងទៅ អាច​ក្លាយជា​ពលរដ្ឋ​តួកគី​​បាន ធៀប​ពីមុន​គឺ​ត្រូវមាន​តំលៃ ​១ លាន​ដុល្លារ។

ក្រឹត្យ​នោះជា​វិធានការ​​​ចុង​ក្រោយ​បំផុត​ដែល​ចេញ​ដោយ​លោក Erdogan នៅក្នុង​អ្វីដែល​មើលទៅ​ហាក់ដូចជា​ធ្វើឡើង​ដើម្បី​ពង្រឹង​តម្លៃ​រូបិយ​ប័ណ្ណ​​លី​រ៉ារបស់​​តួ​ក​គី​ និង​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ដែល​បាន​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី​ពីរ​នេះ។

កាលពី​សប្តាហ៍​មុន លោក​ប្រធា​នាធិបតី​បានចេញ​បញ្ជាថា រាល់​​កិច្ច​សន្យា​សម្រាប់​លក់​និង​ជួល​អចលនទ្រព្យ​ជារូបិយ​ប័ណ្ណ​បរទេស ឬ​ភ្ជាប់​ទៅនឹង​​រូបិយប័ណ្ណ​បរទេស​នឹងមិន​ត្រូវ​បាន​អនុ​ញ្ញាត​ឡើយ។

រូបិយប័ណ្ណ​របស់​ប្រទេស​ទួ​ក​គី​បាន​ធ្លាក់ចុះថ្លៃ​​យ៉ាងខ្លាំង​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ក្នុង​ខែសីហា ​បន្ទាប់ពី​មាន​បញ្ហា​ល្អក់កករផ្នែក​ការទូត​​យ៉ាងខ្លាំង​រវាង​ទី​ក្រុង​អង់កា​រ៉ា ​និង​ទីក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ការឃុំ​ខ្លួន​គ្រូ​គង្វាល​ជនជាតិ​អាមេរិកកាំង​ម្នាក់។

រូបិយ​ប័ណ្ណ​​លី​រ៉ា​បាន​បាត់បង់​តម្លៃ​អស់​ជិត​មួយ​ភាគ​បួន​បើ​ធៀប​នឹង​ប្រាក់​​ដុល្លារ​អាមេរិក​កាលពី​ខែសីហា៕ AFP/NS