The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តួលេខ​ទេសចរ​ខេត្ត ​៣​ កើន​លើស​ពី​ការ​រំពឹងទុក​នៅក្នុង​ពិធី​ឆ្លងឆ្នាំ

តួលេខ​ទេសចរ​ខេត្ត ​៣​ កើន​លើស​ពី​ការ​រំពឹងទុក​នៅក្នុង​ពិធី​ឆ្លងឆ្នាំ

តួលេខ​ទេសចរ​ខេត្ត ​៣​ កើន​លើស​ពី​ការ​រំពឹងទុក​នៅក្នុង​ពិធី​ឆ្លងឆ្នាំ

ភ្នំពេញៈ ការ​រៀបចំ​ពិធីបុណ្យ​ឆ្លងឆ្នាំ​នៅ​បណ្តា​ខេត្ត មាន​ការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ច្រើន​កុះករ​ជាង​ឆ្នាំ​មុន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​ទេសចរណ៍​ខេត្ត​។

លោក ឆឺយ ឆន អនុប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ចាប់​តាំងពី​ថ្ងៃ​ទី​៣០​រហូត​ដល់​ថ្ងៃ​ម្សិលមិញ ខេត្ត​សៀមរាប​បាន​ទទួល​ភ្ញៀវ​សរុប​ជាង​១០​ម៉ឺន​នាក់​កើន​១៥,២០​ភាគរយ​ធៀប​រយៈពេល​បុណ្យ​ឆ្លង​ឆ្នាំ​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣​។

ក្នុង​នោះ​ភ្ញៀវជាតិ​សរុប​មាន​៧៣ ០០០​នាក់ កើន​១៧,៧៤​ភាគរយ ខណៈ​ភ្ញៀវបរទេស​សរុប​មាន​២៧ ៤០០​នាក់ កើន​ពី​ឆ្នាំ​២០១៣ ចំនួន​៩​ភាគរយ។ លោក​ថ្លែង​ថា៖​«ការ​រៀបចំ​ឆ្នាំ​នេះ​បាន​ល្អ​។ ផាប់ស្ទ្រីត ផ្សាររាត្រី និង​កន្លែង​ប្រគំតន្ត្រី​ប្រមូលផ្តុំ​ទៅ​ដោយ​ភ្ញៀវ​»។

ខេត្ត​ព្រះសីហនុ​ដែល​ល្បី​ដោយសារ​ឆ្នេរសមុទ្រ​ស្អាត​នោះ ក៏​ទទួល​បាន​ភ្ញៀវ​ប្រមាណ​១១​ម៉ឺន​នាក់​ផង​ដែរ​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ឆ្លងឆ្នាំ​នេះ។

លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ខណៈ​ការ​រំពឹងទុក​ថា​មាន​ភ្ញៀវ​ប្រមាណ​តែ​៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​ចូលរួម តែ​តួលេខ​បាន​កើន​ដល់​១១​ម៉ឺន​នាក់​នៅ​យប់​ឆ្លង​ឆ្នាំ​តែ​ម្តង។

លោក​បន្ត​ថា៖ «​តួលេខ​ភ្ញៀវ​កើន​ដល់​១១​ម៉ឺន​នាក់ ភាគច្រើន​ជា​ភ្ញៀវ​ជាតិ​ដែល​មក​ចូលរួម​ទស្សនា​ការ​បាញ់​កាំជ្រួច និង​ការ​ប្រគំតន្ត្រី​នៅ​ឆ្នេរ​អូរឈើទាល​»។ លោក​បន្ត​ថា ការ​រៀបចំ​ឆ្នាំ​នេះ​មាន​លក្ខណៈ​ប្រសើរ​និង​ទទួល​បាន​ជោគជ័យ​ជាង​នៅក្នុង​ឆ្នាំ​មុន។

ជាមួយ​នឹង​ការ​ព្យាយាម​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស ខេត្ត​បាត់ដំបង​ដែល​ជា​ទិសដៅ​ទេសចរណ៍​កំពុង​រីកចម្រើន​ដោយសារ​អគារ​បេតិកភ័ណ​បន្សល់ទុក​ពី​សម័យ​អាណានិគម​និយមបារាំង បាន​បង្កើត​ហាង​តាម​ដងផ្លូវ​សាធារណៈ​និង​ផ្សាររាត្រី​ជាដើម​។

ជា​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​សកល​លើក​ដំបូង ខេត្ត​នេះ​បាន​មើលឃើញ​មនុស្ស​ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់​ចូលរួម​ពិធីបុណ្យ​នេះ​។ នេះ​បើ​តាម​លោក អ៊ុច ឱមធីនី សារ៉ា ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង​។ លោក​បន្ត​ថា​៖ «​យើង​ប្រារព្ធ​ពិធី​នេះ​ជា​លើក​ដំបូង​ជាមួយ​ការ​ប៉ាន់ប្រមាណ​ថា នឹង​មាន​អ្នក​ចូលរួម​ប្រហែល​៣០ ០០០​នាក់​នៅក្នុង​រាត្រី​មុន​បុណ្យ​ចូលឆ្នាំ​សកល​នេះ​»​។

លោក​ថ្លែង​ថា ខណៈ​ភាគច្រើន​នៃ​អ្នក​មក​ចូលរួម​គឺជា​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក ៣០​ភាគរយ​គឺជា​ភ្ញៀវទេសចរ​បរទេស​មកពី​ខេត្ត​សៀមរាប និង​ប្រទេស​ថៃ​។ លោក​បន្ថែម​ថា ខេត្ត​នេះ​នឹង​ប្រារព្ធ​ពិធី​នេះ​កាន់តែ​ធំ​នៅ​ឆ្នាំ​ក្រោយ​ដើម្បី​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​បន្ទាប់ពី​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ​៕PB

អត្ថបទគួរចាប់អារម្មណ៍