ក្រុង​ប៉េកាំងៈ ប្រទេស​ចិន​អាច​នឹង​សម្លឹង​មើល​ហួស​ពី​ការដក​ហូតពន្ធ​សងសឹក​ទៅវិញ​ទៅមក​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ឡើងក​ម្តៅ​ជាមួយ​សហរដ្ឋអាមេរិក​ជាមួយ​នឹង​ជម្រើស​ថ្មីៗ​ជាច្រើន​នៅក្នុង​ដៃ​របស់​ខ្លួន​រួម​ទាំង​ផ្ដោត​ទិសដៅ​លើ​ខ្សែភាពយន្ត​ហូលីវូដ​ ឬ​ឈប់​លូកដៃ​ចូល​​ក្នុង​វិបត្តិ​កូរ៉េ​ខាង​ជើង​។ នេះ​បើ​តាម​ការលើក​ឡើង​របស់​ក្រុម​អ្នក​វិភាគ​។

ភាពភ័យខ្លាច​នៃ​ការកើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏ធ្ងន់ធ្ងរ​មួយ​រវាង​សហរដ្ឋអាមេរិក និង​ចិន​កំពុង​កើនឡើង បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​និយាយ​ថា​នឹង​ដំឡើង​ការដក​ហូត​ពន្ធ​លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ​រហូត​ដល់ ៤៥០ ពាន់​លាន​ដុល្លារ​ដែល​ស្ទើរ​តែ​ការ​នាំ​ចេញ​ទំនិញ​ទាំងអស់​របស់​ចិន​ទៅកាន់​សហរដ្ឋអាមេរិក​។

ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ភ្លាមៗ​ដោយ​បាន​ហៅ​ការគំរាម​របស់​លោក​ ត្រាំ ថា​ជា «​ការ​គំរាម​យក​ផលប្រយោជន៍​» និង​បាន​ព្រមាន​ថា​ខ្លួន​អាច​នឹង​ឆ្លើយតប​វិញ​ជាមួយ​នឹង «​វិធានការ​ឆ្លើយតប​ដ៏ខ្លាំងក្លា​ដែល​រួមមាន​ទាំង​វិធានការ​លើ​បរិមាណ និង​គុណភាព​» ផង​ដែរ ។

ប៉ុន្តែ​ជាមួយ​នឹង​ការ​នាំចូល​ដែល​មាន​តម្លៃ​ត្រឹមតែ​ ១៣០ ​ពាន់​លាន​ដុល្លារ​ពី​អាមេរិក​កាលពី​ឆ្នាំ​មុន តើ​ប្រទេស​ចិន​នឹង​ឆ្លើយតប​វិញ​ដោយ​របៀប​ណា​?

ហេតុអ្វី​បានជា​ទីក្រុង​ប៉េកាំង​សងសឹក​?

លោក Yukon Huang សមាជិក​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន Carnegie Endowment for Peace International ដែល​បាន​ពិភាក្សា​អំពី​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​មន្ត្រី​កំពូលៗ​របស់​ចិន​បាន​ថ្លែង​ថា​៖ «​ការ​សងសឹក​ត្រូវ​តែ​ធ្វើ​ឡើង​។ ប្រសិន​បើ​អ្នក​មិន​សងសឹក​ទេ នោះ​អ្នក​នឹង​ខាតបង់​កាន់តែ​ច្រើន​ដូច្នេះ​ហើយ​បាន​ជា​មាន​សង្គ្រាម​ពាណិជ្ជកម្ម​»​។

លោក Huang បាន​បន្ថែម​ថា​ប្រទេស​ដទៃ​ទៀត​បាន​រៀនសូត្រ​ពី​បទពិសោធ​របស់​ប្រទេស​ជប៉ុន ដោយ​លើក​ឡើង​អំពី​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​មហាអំណាច​អាស៊ី​មួយ​នេះ​​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ភាព​តានតឹង​នេះ​បាន​ស្ងប់ស្ងាត់​មកវិញ​បន្ទាប់ពី​ទីក្រុង​តូក្យូ​បាន​ទទួល​យក​កូតា​នាំចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​ដែល​បាន​កាត់​បន្ថយ​ពន្ធ​នាំចូល​ដែល​បាន​អនុញ្ញាត​ឱ្យ​រូបិយប័ណ្ណ​របស់​ខ្លួន​ឡើង​ថ្លៃ​។

ដោយ​សំដៅ​ភាព​មិន​រីកចម្រើន​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍ លោក Huang ថ្លែង​ថា​៖ «​ជប៉ុន​បាន​ខាតបង់​រយៈពេល ២០ ឆ្នាំ​។ អ្នក​ទាំង​ ២ [​ប្រទេស​ទាំង​ ២] ខាតបង់ ប៉ុន្តែ​បើ​អ្នក​មិន​ធ្វើ​បែប​នេះ​ទេ គឺ​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​ខាត​»​។

ក្រៅពី​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល តើ​ចិន​អាច​ឆ្លើយតប​លើ​ផលិតផល​អាមេរិក​តាម​របៀប​ណា​ទៀត​?

ទូរស័ព្ទ​ម៉ាក iPhone X រថយន្ត​ម៉ាក Buick Excelle ហាង​កាហ្វេ Starbucks និង​សំបុត្រ​ចូល​ទស្សនា​ភាពយន្ត​របស់​លោក Tom Cruise នា​រដូវក្តៅ ទំនិញ​ទាំងអស់​​នេះ​គឺ​លក់​ដាច់​ខ្លាំង​នៅក្នុង​ប្រទេស​ចិន​។

ក្រុម​អ្នក​វិភាគ​ឲ្យ​ដឹងថា ទាំងអស់​នោះ​អាច​ក្លាយ​ជា​ប្រធានបទ​ដែល​ត្រូវ​រឹតបន្តឹង​ប្រសិន​បើ​ភាព​តានតឹង​បន្ត​កើតឡើង​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​នោះ​។

ទីក្រុង​ប៉េកាំង​បាន​បង្ហាញ​ទៅកាន់​បណ្តា​ប្រទេស​ផ្សេង​ទៀត​ថា ខ្លួន​អាច​ប្រើប្រាស់​​យុទ្ធវិធី​ជាច្រើន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​។

កាលពី​ឆ្នាំ​មុន​នៅ​ពេល​មាន​ជម្លោះ​លើ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​ទីក្រុង​សេអ៊ូល​នោះ ភោជនីយដ្ឋាន​ចំនួន ១២០ របស់​ក្រុមហ៊ុន Lotte របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​បិទ​ទ្វារ​ដោយសារ «​បញ្ហា​សុវត្ថិភាព​» ដោយសារ​ក្រុម​បាតុករ​ពោរពេញ​ដោយ​ការខឹងសម្បា​បាន​នាំ​គ្នា​ទៅ​ធ្វើការ​តវ៉ា​នៅ​ពី​មុខ​ហាង​ទាំងនោះ​។

ភ្ញៀវទេសចរ​ជនជាតិ​ចិន​ជាច្រើន​ដែល​តែងតែ​ពេញនិយម​ប្រើប្រាស់​គ្រឿងសម្អាង​របស់​កូរ៉េ​ខាង​ត្បូង ពួកគេ​បាន​ឈប់​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​សេអ៊ូល ខណៈ​ដែល​ទីក្រុង​ប៉េកាំង​បាន​ដាក់​បម្រាម​ដល់​ការធ្វើ​ដំណើរ​ទេសចរណ៍​ជា​ក្រុម​។

អាជីវកម្ម​របស់​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​រង​ផលប៉ះពាល់​រួច​ទៅ​ហើយ ដោយ​កាលពី​ខែ​មុន ចិន​បាន​និយាយ​ថា​ខ្លួន​បាន​បង្កើន​ការត្រួតពិនិត្យ​ទំនិញ​នាំចូល​សំខាន់ៗ​ពី​សហរដ្ឋ​អាមេរិក​ដែល​មាន​ដូចជា​សាច់ជ្រូក និង​រថយន្ត ដែល​កំពុង​ជាប់គាំង​នៅ​តាម​កំពង់ផែ​មួយ​ចំនួន​ដោយសារ​តែ​មាន «​បញ្ហា​» ជាច្រើន​។

សេដ្ឋវិទូ​មួយ​រូប​ឈ្មោះ Andrew Polk បាន​ថ្លែង​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​មួយ​ថា​៖ «​ចិន​នៅ​មាន​អាវុធ​ជាច្រើន​ទៀត​ដើម្បី​ប្រើប្រាស់​»​។

តើ​ទីក្រុង​ប៉េកាំង​អាច​បញ្ចប់​កិច្ចសហការ​លើ​បញ្ហា​កូរ៉េ​ខាង​ជើង​ដែរ​ឬ​ទេ​?

ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​គឺ​ត្រូវ​បាន​យល់ព្រម និង​អនុវត្ត​ដោយ​ទីក្រុង​ប៉េកាំង ដែល​បាន​នាំ​ទីក្រុង​ព្យុងយ៉ាង​ងាក​មករក​តុ​ចរចា និង​បាន​ធ្វើឲ្យ​មាន​ជំនួប​កំពូល​រវាង​លោក​ ត្រាំ និង​លោក គីម ជុងអ៊ុន កើតឡើង​កាលពី​ដើម​ខែ​នេះ​នៅ​ប្រទេស​សិង្ហបុរី​។

លោក Cheng Xiaohe សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Renmin University បាន​ថ្លែង​ថា​ដើម្បី​សម្រេច​បាន​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​របស់​កូរ៉េ​ខាង​ជើង​លោក ដូណាល់ ត្រាំ ទំនង​ជា​ត្រូវការ​ទីក្រុង​ប៉េកាំង​ឲ្យ​ធ្វើការ​រួម​គ្នា​លើ​បញ្ហា​ទណ្ឌកម្ម​នេះ ប៉ុន្តែ​សង្គ្រាម​ពាណិជ្ជកម្ម​អាច​ផ្លាស់ប្តូរ​ការគិត​របស់​ចិន​។

លោក Cheng ថា កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​អាមេរិក​លើ​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង «​នឹង​ក្លាយ​ជា​រឿង​ស្មុគស្មាញ និង​លំបាក​បំផុត​»​។

ក្នុង​ការ​បង្ហាញ​ឥទ្ធិពល​របស់​ចិន​លើ​បញ្ហា​នេះ​លោក គីម បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ដែល​ធ្វើ​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល ដើម្បី​ជម្រាប​លោក ស៊ី ជីនភីង អំពី​កិច្ចប្រជុំ​កំពូល​នេះ​៕ NS