បច្ចុប្បន្ន តម្លៃ​មាស​ស្ថិត​នៅ​ក្នុង​ទំនោរ​ធ្លាក់​ចុះ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​មិន​អនុញ្ញាត​ឱ្យ​មាន​តម្រូវការ​ខ្ពស់​លើ​មាស។ លោក ឡុង សំណាង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បាន​មើល​ឃើញ​ថា មាន​មូលហេតុ​ជាច្រើន​ទៀត ដែល​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​មហាអំណាច​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឱ្យ​តម្លៃ​មាស​មាន​ការ​ធ្លាក់ចុះ។

ស្រប​ជាមួយ​គ្នា​នេះ លោក សំណាង ក៏​បាន​ផ្ដល់​ជា​ការ​ប្រឹក្សា​យោបល់​ជួញដូរ​​ទៅ​លើ​តម្លៃ​មាស ដែល​អាច​ជួយ​វិនិយោគិន​ឱ្យ​ទទួល​បាន​ប្រាក់​ចំណេញ​ផង​ដែរ។

ចំណុច​សំខាន់​ចម្បង​នោះ ​គឺ​មូលបត្រ​បំណុល​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​មួយ ដោយ ១ ឆ្នាំ លើស​ពី ១,៦% ហើយ​វា​ក៏​ជា​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​សម្រាប់​មូលបត្រ​បំណុល​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល ១០ ឆ្នាំ​មក​នេះ។ ដោយ​អត្រា​មូលបត្រ​បំណុល​នៅ​តែ​បន្ដ​កើន​ឡើង​ខ្ពស់​លើស​ពី ១,៥% វា​បាន​បណ្តាល​ឱ្យ​វិនិយោគិន​ដក​ទំនុក​ចិត្ត​ពី​ការវិនិយោគ​មាស​មក​ទិញ​មូលបត្រ​បំណុល​វិញ។

ម្យ៉ាង​វិញ​ទៀត ដើម្បី​សម្រេច​បាន​នូវ​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​ចំនួន ១,៩ ពាន់​ពាន់​លាន​ដុល្លារ សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រើប្រាស់​វិធីសាស្ដ្រ​លក់​មូលបត្រ​បំណុល​នេះ​ផង​ដែរ។

លោកស្រី Janet Yellen រដ្ឋលេខាធិការ​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​លើ​គណនី Twitter របស់​គាត់​ថា៖ «កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​ដែល​មាន​ទឹក​ប្រាក់ ១,៩ ពាន់​ពាន់​លាន​ដុល្លារ របស់​លោក​ប្រធានាធិបតី Joe Biden នឹង​អាច​ផ្តល់​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក» នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន MSNBC កាល​ពី​ថ្ងៃ​ចន្ទ​ដដែល​នោះ លោកស្រី​បាន​បញ្ជាក់​ទៀត​ថា កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​នេះ គឺ​ជា​វិក្កយបត្រ​សង្គ្រោះ​ពី​ជំងឺ​កូវីដ ១៩ ហើយ​វា​ពិត​ជា​មាន​អត្ថប្រយោជន៍​សម្រាប់​ការ​ងើប​ឡើង​វិញ​នៃ​កំណើន​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក។

លោកស្រី​ក៏​សង្ឃឹម​ដែរ​ថា អត្រា​អ្នក​មាន​ការងារ​ធ្វើ​នឹង​វិល​ត្រឡប់​មក​រក​ភាព​ពេញ​លេញ​ឡើង​វិញ ដែល​ជា​ភាព​ល្អ​ប្រសើរ​នៃ​សកម្មភាព​សេដ្ឋកិច្ច។

តាមរយៈ​សូចនាករ​សេដ្ឋកិច្ច​ខាង​លើ លោក ឡុង សំណាង បាន​វិភាគ​ថា តម្លៃ​មាស​នឹង​បន្ដ​ធ្លាក់ចុះ​ក្នុង​ចន្លោះ ១ ៧០៥ ទៅ ១ ៦៨៦ ដុល្លារ ​ក្នុង ១ អោនស៍ និង​បាន​ផ្ដល់​យោបល់​ដល់​អ្នក​ជួញដូរ​ឱ្យ​រង់ចាំ​ទិញ​មាស​ក្នុង​រយៈពេល​វែង នៅ​ពេល​តម្លៃ​ធ្លាក់​ដល់ ១ ៦៨៦​ ដុល្លារ ដោយ​កំណត់​មុខងារ​កាត់​យក​ប្រាក់​ចំណេញ​នៅ​តម្លៃ ១ ៧២០ ដុល្លារ និង​កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ១ ៦៦៨ ដុល្លារ ​ក្នុង ១ អោនស៍៕