ចាប់តាំងពី​ច្ងៃ​ចន្ទ​សប្តាហ៍​មុន តម្លៃ​មាស​មានការ​ប្រែប្រួល​ខ្លាំង​ពី​តម្លៃ ១ ៨១៣ ដល់ ១ ៨៤៣ ​ដុល្លារ​ក្នុង​ ១ ​អោនស៍ ទំនោរ​ប្រែប្រួល​ខ្លាំង​នេះ​អាច​កើតឡើង​ដោយសារ​លទ្ធផល​នៃ​ការប្រកាស​ទិន្នន័យ​ដ៏ខកចិត្ត​មួយ​ក្នុង​ខែឧសភា​នេះ គឺ​ការធ្លាក់ចុះ​នៃ​កំណើន​ការងារ​របស់​សហរដ្ឋ​អាមេរិក និង​ការដាក់​សម្ពាធ​ពី​កំណើន​សេដ្ឋកិច្ច​នៅ​សហភាព​អឺរ៉ុប​ទៅលើ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​។

កាលពី​ថ្ងៃទី​ ៧ ខែឧសភា អត្រា​ការបង្កើត​ការងារ​ធ្វើ​របស់​សហរដ្ឋអាមេរិក​សម្រាប់​ខែ​មេសា​មាន​ត្រឹមតែ ២៦៦ ​ពាន់​នាក់ បើ​ធៀប​ទៅនឹង​ខែមីនា​មាន​រហូតដល់ ៧៧០ ​ពាន់​នាក់ ហើយ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើបាន​កើនឡើង​ពី ៦% ទៅ ៦.១% ទោះបីជា​វិធានការ​ការពារ​ជំងឺ​កូវីដ​ ១៩ មាន​ភាពធូរស្រាល​ជាង​មុន និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទទួល​បាន​លទ្ធផល​ខ្ពស់​ក៏ដោយ​។

ដោយឡែក​នៅ​សហភាព​អឺរ៉ុប​វិញ ដំណើរការ​សេដ្ឋកិច្ច​មាន​ការងើបឡើង​យ៉ាងខ្លាំង ខណៈពេល​ដែល​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ទទួល​បាន​លទ្ធផល​ល្អប្រសើរ​។ ជាក់ស្ដែង​គណៈកម្មការ​សហភាព​អឺរ៉ុប​បានផ្តល់​អនុសាសន៍​ថា​៖

«​រដ្ឋ​ដែលជា​សមាជិក​ទាំងអស់​អាច​ធ្វើការ បន្ធូរបន្ថយ និង​អនុញ្ញាត​ឱ្យ​ភ្ញៀវទេសចរ​​ចូល​កម្សាន្ត​ក្នុង​ប្រទេស​បាន​»​។ ដូច្នេះ​ការងើបឡើង​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​សហភាព​អឺរ៉ុប​នេះ​ក៏​បាន​ដាក់​សម្ពាធ​ទៅលើ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ដូចគ្នា​ដែរ​។

ក្រៅពី​កត្តា​ខាងលើ​នេះ បើ​យោងតាម​លទ្ធផល​នៃ​ការស្ទង់មតិ​តាម​ប្រព័ន្ធ​អនឡាញ​របស់ KITCO អំពី​ទំនោរ​របស់​តម្លៃ​មាស​បានឱ្យ​ដឹងថា ក្នុងចំណោម ១ ៤៨៥ សំឡេង គឺ​មាន​រហូតដល់ ៧៦% រំពឹងថា​មាស​នឹង​កើនឡើង​នៅ​សប្តាហ៍​ក្រោយ​។

លោក OLE HANSEN ប្រធាន​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ធនាគារ SAXO BANK ក៏បាន​បញ្ជាក់ដែរថា​៖ «​តម្លៃ​មាស​អាច​នឹង​បន្ត​កើនឡើង​ដោយសារ​តែ​ទិន្នផល​មូលបត្រ​បំណុល​ធ្លាក់ចុះ ដែលជា​កត្តា​ជំរុញ​ឱ្យ​វិនិយោគិន​សម្រេច​ប្តូរ​គោលដៅ ដោយ​ធ្វើការ​ទិញ​មាស​ជំនួស​វិញ​ដើម្បី​ទប់ស្កាត់​ការខាតបង់​ក្នុងពេល​ខាងមុខ​»​។

ដូច្នេះ​សម្រាប់​ការវិភាគ​លើ​ការជួញដូរ​ក្នុង​សប្ដាហ៍​នេះ អ្នកជួញដូរ​គួរ​ទិញ​មាស​នៅ​តម្លៃ ១ ៧៩៨​ ដុល្លារ​ក្នុង ១ ​អោនស៍ ដោយ​កំណត់​មុខងារ​យកប្រាក់​ចំណេញ​ទី​ ១ នៅ​តម្លៃ ១ ៨១៥ ឬ​ទី​ ២ នៅ​តម្លៃ ១ ៨២៣ និង​កំណត់​មុខងារ​បញ្ឈប់​ហានិភ័យ​នៅ​តម្លៃ ១ ៧៩០៕