ការ​គ្រប់គ្រង​ទិន្នន័យ​អ្នក​ប្រើប្រាស់ ​កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

សម្រាប់​ក្រុមហ៊ុន​អ៊ីនធឺណិត​ធំៗ​ជា​ច្រើន​ទិន្នន័យ​អ្នក​ប្រើប្រាស់ គឺ​ជា​ទ្រព្យសម្បត្តិ​ដ៏​សំខាន់​បំផុត​របស់​ពួក​គេ។ ប៉ុន្តែ​ក្រុមហ៊ុន​អ៊ីនធឺណិត​ធំៗ​ទាំង​នេះ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ទិញ​ទិន្នន័យ​អ្នក​ប្រើប្រាស់​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​វិញ​ទេ​ដែល​ជា​អ្នក​ប្រើប្រាស់​បាន​ផ្ដល់​ទិន្នន័យ​របស់​យើង​ទៅ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ដោយ​ឥតគិត​ថ្លៃ។

កម្មវិធី​បណ្តាញ​សង្គម និង​កម្មវិធី​ផ្ញើសារ​ពឹង​ផ្អែក​លើ​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​ដែល​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​ជា​ថ្នូរ​ទៅ​នឹង​ឧបករណ៍​ផ្សេងៗ ដើម្បី​ចែក​រំលែក​ព័ត៌មាន​ទាំង​អស់​នោះ។ លក្ខខណ្ឌ​ភាគ​ច្រើន​នៃ​កម្មវិធី​ទាំង​នេះ​បញ្ជាក់​ថា អ្នក​ប្រើប្រាស់​ជា​អ្នក​គ្រប់គ្រង​ព័ត៌មាន​ដែល​ពួក​គេ​បាន​បង្ហោះ​ក៏​ដូចជា​សម្រាប់​ការ​ចែក​រំលែក​បន្ត​គ្នា។

ទោះជា​យ៉ាង​ណាអ្វី​ដែល​កាន់​តែ​ច្បាស់​នោះ គឺ​ថា​កម្មវិធី​ទាំង​នេះ​ឯង​ដែល​គ្រប់គ្រង​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ និង​ប្រើប្រាស់​ទិន្នន័យ​ទាំង​នេះ​ទៅ​តាម​តម្រូវ​ការ​របស់​ពួក​គេ។ ជាង​នេះ​ទៅ​ទៀត​ការ​ធ្វើ​បែប​នេះ​ពេល​ខ្លះ​អាច​ផ្ដល់​ផល​អវិជ្ជមាន ​និង​ធ្វើ​​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ផង​ដែរ។

កម្មវិធី​ទាំង​នេះ គឺ​ជា​ឃ្លាំង​ផ្ទុក​ព័ត៌មាន​ដ៏​ច្រើន​ដែល​ក្នុង​នោះ​រួម​មាន​ព័ត៌មាន​អំពី​រឿង​រ៉ាវ​សំខាន់ៗ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ប្រើប្រាស់​ម្នាក់ៗ​ ដែល​ពួក​គេ​បាន​ចែក​រំលែក​ដោយ​ស្ម័គ្រ​ចិត្ត​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​ខ្លួន។

យ៉ាង​ណា​មិញ​ពេល​ខ្លះ​ព័ត៌មាន​ទាំង​នោះ ត្រូវ​បាន​ចែក​រំលែក​ជាមួយ​ភាគីទី​បី​ដោយ​មិន​មាន​ការ​យល់ព្រម ឬ​ការ​ដឹង​ឮ​ពី​អ្នក​ប្រើប្រាស់​នោះ​ឡើយ។ តើ​អ្នក​ធ្លាប់​បាន​កត់​សម្គាល់​ឃើញ​ទេ​ថា ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​កន្លែង​ញ៉ាំ​ភីហ្សា​លេច​ឡើង​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក បន្ទាប់​ពី​អ្នក​ផ្ញើសារ​ទៅ​កាន់​មិត្ត​របស់​អ្នក​អំពី​ការ​ណាត់​គ្នា​ទៅ​ញ៉ាំ​ភីហ្សា​នៅ​យប់​នេះ? នេះ​មិន​មែន​ជា​ការ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ការ​ធ្វើ​អាជីវកម្ម​មួយ។

អ្នក​ខ្លះ​ច្បាស់​ជា​និយាយ​ថា ការ​ធ្វើ​បែប​នេះ មាន​ប្រយោជន៍​សម្រាប់​អ្នក​នៅ​ពេល​ដែល​អ្នក​កំពុង​ផ្ញើសារ។ កុំ​ច្រឡំ​ឲ្យ​សោះ​តាម​ពិត​ទៅ​វា​មាន​ប្រយោជន៍​សម្រាប់​បណ្តាញ​សង្គម​ពេល​ដែល​ពួក​គេ​អាន​សារ​របស់​អ្នក។ ដូច​នេះ ការ​ជ្រើសរើស​កម្មវិធី​ផ្ញើសារ​ត្រឹមត្រូវ​ប្រៀប​បានដូច​ជា​ការ​ជ្រើសរើស​ដៃគូ​ឥត​ខ្ចោះ​មួយ​ដូច្នោះ​ដែរ។

តាម​ពិត​ទៅ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​កម្មវិធី​ផ្ញើសារ​ដែល​អ្នក​ចូលចិត្ត គឺ​ប្រហែល​ជា​មធ្យោបាយ​ទំនាក់​ទំនង​ដ៏​ស្និទ្ធស្នាល​បំផុត​របស់​អ្នក​ពី​ព្រោះ​ថា វា​ជា​មធ្យោបាយ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ទាក់ទង​ជាមួយ​មនុស្ស​សំខាន់ៗ​បំផុត​ក្នុង​ជីវិត​របស់​អ្នក​បាន។

អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​អាច​ជឿជាក់​លើ​កម្មវិធី​ទាំង​អស់​នោះ​ក្នុង​ការ​រក្សា​ព័ត៌មាន​ឯកជន​របស់​អ្នក​ឲ្យ​មាន​សុវត្ថិភាព និង​ត្រូវ​ប្រាកដ​ថា គ្មាន​នរណា​អាច​ទិញ​ព័ត៌មាន​ទាំង​អស់​នោះ​ពី​កម្មវិធី​ផ្ញើសារ​ដែល​អ្នក​ប្រើប្រាស់​បាន​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

ការ​ចាក់​សារ​សុវត្ថិភាព​លើ​សារ​ពី​អ្នក​ផ្ញើ​ទៅ​អ្នក​ទទួល (End-to-end Encryption) គឺ​ជា​ពាក្យ​បច្ចេកទេស​មួយ​ដែល​ត្រូវ​បាន​ប្រើ​ និង​ពោល​ជា​ច្រើន​ដង ប៉ុន្តែ​វា​មិន​ពិបាក​យល់​ខ្លាំង​នោះ​ទេ។ ពាក្យ​នេះមាន​ន័យ​ថា ខ្លឹមសារ​នៃ​ការ​សន្ទនា​របស់​អ្នក​មិន​ថា​ជា ​សារ ​រូបភាព ​វីដេអូ ឬ​សន្ទនា​ជា​សំឡេង និង​សន្ទនា​ជា​វីដេអូ ​ត្រូវ​បាន​បំលែង​ជាកូដ (hashed) ចាប់​ពី​ពេល​ផ្ញើ​ពី​ឧបករណ៍​មួយ​រហូត​ដល់​ព័ត៌មាន​នោះ​បាន​ទៅ​កាន់​អ្នក​ទទួល។

គេ​មិន​អាច​អាន​ព័ត៌មាន​ទាំង​នោះ​នៅ​ពេល​សារ​កំពុង​បញ្ជូន​ដោយ​បុគ្គល​ណា​ម្នាក់​បាន​នោះ​ទេ សូម្បី​តែ​ម៉ាស៊ីន​មេ​របស់​កម្មវិធី​ផ្ញើសារ​ទាំង​អស់​នោះ ក៏​មិន​អាច​ចូល​ទៅ​មើល​បាន​ដែរ។ នៅ​ពេល​ដែល​ទិន្នន័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អ្នក​ទទួល​រួច​រាល់​ហើយ​គ្មាន​ការ​សន្ទនា​ណា​នឹង​រក្សា​ទុក​នៅ​ក្នុង​ម៉ាស៊ីន​មេ​នោះ​ទេ។

ប្រសិន​បើ​មាន​បញ្ហា​ក្នុង​ការ​បញ្ជូន​សារ​ សារ​ទាំង​អស់​នឹង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ម៉ាស៊ីន​មេ​រយៈពេល​កំណត់​ណា​មួយ​រហូត​ដល់​គេ​បាន​ទទួល​សារ​ហើយ។ បន្ទាប់​មក​វា​នឹង​បាត់​ខ្លួន​ពី​ម៉ាស៊ីន​មេ​ក្រោយ​ពេល​បញ្ជូន​រួច​រាល់។ មាន​តែ​អ្នក​ទទួល​ប៉ុណ្ណោះ​ដែល​មាន​កូន​សោរ ដើម្បី​អាន​សារ ប៉ុន្តែ​កម្មវិធី​ផ្ញើសារ​គ្មាន​កូន​សោរ​ចាក់​មើល​សារ​នោះ​ទេ។

កម្មវិធី​ផ្ញើសារ​ភាគ​ច្រើន​អនុញ្ញាត​ឱ្យ​អ្នក​ចូល​មើល​ការ​សន្ទនា​តាមរយៈ​អ៊ីធឺណិត (Internet Browser) ណា​មួយ​ក៏​បាន​ដោយ​គ្រាន់​បំពេញ​លេខ​សម្ងាត់ (login + password)។ ដើម្បី​អាច​ធ្វើ​បែប​នេះ​បាន​រាល់​សារ​ទាំង​អស់ ត្រូវ​តែ​រក្សា​ទុក​នៅ​ក្នុង​ម៉ាស៊ីន​មេ​មួយ ​មាន​ន័យ​ថា​ការ​បំលែង​កូដ (End-to-end Encryption) មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​ ហើយ​វា​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​ឯក​ជន​ភាព​របស់​អ្នក។ ការ​សន្ទនា​របស់​អ្នក​ជា​មួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​អាច​ក្លាយ​ទៅ​ជា​សារ​សាធារណៈ​មួយ​ដែល​គេ​អាច​អាន និង​ប្រើប្រាស់​សម្រាប់​គោល​បំណង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​ចែក​រំលែក​ជាមួយ​ភាគី​ទី​បី​ និង​ងាយ​ក្នុង​ការ​លួច​ព័ត៌មាន (hack) បាន។

បរិបទ​បច្ចុប្បន្ន​នេះ​មាន​ហានិភ័យ​ខ្ពស់​ខាង​ផ្នែក​សុវត្ថិភាព ​ដូច្នេះ​ហើយ​យើង​ត្រូវ​ការ​បណ្ដាញ​សង្គម​ណា​ដែល​ផ្ដោត​សំខាន់​ខ្លាំង​លើ​ឯកជនភាព​របស់​អតិថិជន និង​សិទ្ធិ​ទទួល​ការ​រក្សា​សុវត្ថិភាព ដែល​អ្នក​ប្រើប្រាស់​មិន​ចាំបាច់​ឈប់​ចែក​រំលែក​ព័ត៌មាន។ ការ​បំលែង​កូដ (End-to-end Encryption) សម្រាប់​ការ​សន្ទនា​មួយ​ទល់​មួយ ឬ​ការ​សន្ទនា​ជា​ក្រុម និង​ការ​ហៅ​ទូរស័ព្ទ​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ការ​ការពារ​មួយ​ដែល​ប្រសើរ។

អ្វី​ដែល​សំខាន់​បំផុត គឺ​កម្មវិធី​ទាំង​អស់​នេះ​មិន​អាច​ចូល​មើល​ទិន្នន័យ និង​មិន​អាច​អាន​សារ​ដែល​អ្នក​ប្រើប្រាស់​បាន​ផ្ញើ​ទៅ​បាន​នោះ​ទេ។ ប្រព័ន្ធ​សុវត្ថិភាព​បែប​នេះ គួរ​តែ​មាន​ជា​ស្វ័យប្រវត្ត​ក្នុង​កម្មវិធី​ទាំង​អស់​នេះ​ដោយ​មិន​ចាំបាច់​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ត្រូវ​ចូល​ទៅ​ធ្វើ​ការ​ផ្លាស់ប្ដូរ។

ឯកជនភាព​ និង​សុវត្ថិភាព​ត្រូវ​តែ​ជា​មុខងារ​ស្វ័យប្រវត្តិ​ក្នុង​កម្មវិធី​នីមួយៗ។ នៅ​ពេល​អ្នក​ប្រើប្រាស់​លាត​ត្រដាង​ពី​ការ​សន្ទនា​របស់​ខ្លួន​នោះ វា​ជា​ជម្រើស​មួយ​របស់​អ្នក​ប្រើប្រាស់​ដែល​ដឹង​ច្បាស់​ពី​ប្រភេទ​ព័ត៌មាន និង​ពី​គោល​បំណង​នៃ​ការ​ចែក​រំលែក​ព័ត៌មាន​ទាំង​នោះ។

ការ​ចែក​រំលែក​ព័ត៌មាន​ជា​ញឹកញាប់ កាន់​តែ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ដូច្នេះ​ហើយ​សិទ្ធិ​ឯកជនភាព និង​ការ​ការពារ​របស់​អ្នក​ប្រើប្រាស់​គួរ​តែ​កើន​ឡើង​ទៅ​តាម​នោះ​ដែរ។ យើង​ត្រូវ​ប្រាកដ​ថា អ្នក​ដែល​គាំទ្រ​ឯកជនភាព​ត្រូវ​ធ្វើ​ចំណាត់​ការ​លើ​ពាក្យ​សម្តី​របស់​ខ្លួន ហើយ​បញ្ចូល​ការ​បំលែង​សារ (End-to-end Encryption) ជា​មុខងារ​ស្វ័យប្រវត្តិ។ ប្រើ​វិធី​ដូច​នេះ អ្នក​នឹង​អាច​ដឹង​បាន​ថា តើ​ពេល​ណា​អ្នក​ជា​អ្នក​ប្រើប្រាស់​ដែល​មាន​ឯកជនភាព ឬ​ពេល​ណា​ឯកជនភាព​របស់​អ្នក​ត្រូវ​បាន​គេ​រំលោភ​បំពាន។

ម្ចាស់​អត្ថបទ គឺ​លោក Djamel Agaoua ជា​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ផ្ញើសារ Viber។​

ឥឡូវ​នេះ​លោក​អ្នក​អាច​ទទួល​បាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ និង​ប្រចាំ​សប្តាហ៍​ពី​ប៉ុស្តិ៍ខ្មែរ ​តាមរយៈ Chatbot របស់ Viber ។

សូម​ចុច​នៅ​ទី​នេះ! https://vb.me/phnompenhpost_19