ភ្នំពេញ: នៅសល់ពេលប្រមាណតែ ១ ឆ្នាំ ៩ខែ និង១២ថ្ងៃ ទៀតតែប៉ុណ្ណោះគិតត្រឹមថ្ងៃនេះ ដែលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នឹងធ្វើការបើកនូវទំព័រសករាជថ្មីនៃទីផ្សារតំបន់ដ៏ធំមួយរបស់ប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ទៅកាន់ពិភពលោក។

ការចាប់បដិសន្ធិឡើងនៃ AEC នេះមិនមែនជាទិសដៅចុងក្រោយនៃការធ្វើសមាហរណកម្មអាស៊ាននោះទេ។ ខណៈដែលការកកើតឡើងនេះគឺវាជាសសរស្តម្ភមួយដ៏សំខាន់និងថែមទាំងតំណាងឲ្យការចាប់ផ្តើមនូវជំហានដ៏ថ្មីមួយនៅក្នុងដំណើរការនៃការខិតខំបន្តដំណើរសមាហរណកម្មដ៏ស៊ីជម្រៅថ្នាក់តំបន់និងការកសាងនូវសហគមន៍មួយក្នុង ឆ្នាំ២០១៥។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ានលើក ទី២២ នៅ ប្រទេសឡាវ បានដាក់ចេញនូវកិច្ចការមួយទៅរាល់ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងអស់ដើម្បីចាប់ផ្តើមធ្វើការលើទស្សនវិស័យក្រោយ ឆ្នាំ២០១៥ ដោយរួមមានការពិចារណាទៅលើអ្វីដែលគួរបង្កើតសម្រាប់ជំហានបន្ទាប់នៃការខិតខំប្រឹងប្រែងនៃសមាហរណកម្មអាស៊ានក្នុងសសរស្តម្ភទាំងបី ក៏ដូចជាការគិតគូរជាយុទ្ធសាស្រ្តទៅលើថា តើអាស៊ានអាចរក្សាបាននូវបញ្ហាទាក់ទងផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងនិយាមថ្នាក់តំបន់ឬយ៉ាងណា?
អាស៊ានគឺជាប្រជាជាតិទាំងដប់ប្រទេសមានចំនួនប្រជាជនសរុបចំនួន ៦០០ លាននាក់ជាមួយនឹងផលិតផលក្នុងស្រុកសរុប (ផសស) ដល់ទៅ ២ ពាន់ពាន់លានដុល្លារអាមេរិក និងពាណិជ្ជកម្មសរុបចំនួន ២,២ ពាន់ពាន់លានដុល្លារអាមេរិកក្នុង ឆ្នាំ២០១១ ដែលក្នុងនោះ ២៦ ភាគរយគឺនាំចេញគឺទៅកាន់តំបន់ផ្សេងទៀតដែលជាដៃគូអាស៊ាន។ លើសពីនេះទៅទៀត សហគមន៍អាស៊ានក៏បានធ្វើការទាក់ទាញទឹកប្រាក់វិនិយោគដោយផ្ទាល់ពីបរទេស (FDI) ប្រមាណជា ៨០ ពាន់ពាន់លានដុល្លារអាមេរិកផងដែរ។ នេះបើយោងតាមទិន្នន័យពីស្ថាប័នរូបិយវត្ថុអន្តរជាតិ។
កម្ពុជាបានធ្វើការនាំចេញប្រមាណជា ៤៨២ លានដុល្លារអាមេរិកកាលពី ឆ្នាំ២០១៣ ទៅកាន់ប្រទេសជាសមាជិកអាស៊ានមានការកើនឡើង ៥១ ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីក្រសួង ពាណិជ្ជកម្ម កម្ពុជា។
កម្ពុជា បានចូលជាសមាជិករបស់សមាគមអាស៊ានក្នុង ឆ្នាំ១៩៩៩ ប៉ុន្មានឆ្នាំបន្ទាប់ពីខ្លួនបានធ្វើការផ្លាស់ប្តូររបបសេដ្ឋកិច្ចផែនការមកជារបបសេដ្ឋកិច្ចសេរីក្នុង ឆ្នាំ១៩៩៥។ បើយោងតាមតារាងពិន្ទុរបស់អាស៊ានអំពីភាពរួចរាល់របស់ AEC បានបង្ហាញថា កម្ពុជា សម្រេចបានពិន្ទុជាង ៧០ ភាគរយហើយ។
បើទោះជារដ្ឋាភិបាលតែងតែធ្វើការអះអាងថា កម្ពុជា គឺបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ AEC ប៉ុន្តែសម្រាប់សហគ្រិនក្នុងស្រុកនៅតែមានភាពស្ទាក់ស្ទើរ និងខ្វាយខ្វល់អំពីការខិតជិតមកដល់នៃ AEC ជាពិសេសគឺសហគ្រាសខ្នាតតូចនិងមធ្យម (SMEs) អំពីការប្រកួតប្រជែង លំហូរទំនិញផ្សេងៗពីប្រទេសដែលជាសមាជិក ដោយសារតែបញ្ហាខ្លួនកំពុងប្រឈមមួយចំនួនមិនទាន់ត្រូវបានដោះស្រាយដូចជា ការកង្វះដើមទុនក្នុងការពង្រីកអាជីវកម្មកង្វះកម្លាំងពលកម្មជំនាញបញ្ហាគុណភាពទំនិញ ខ្វះការលើកទឹកចិត្តពីរដ្ឋាភិបាលសម្រាប់ SMEs ការិយាធិបតេយ្យ និងភាពស្មុគស្មាញនៃការបំពេញបែបបទចុះបញ្ជីនិងការនាំចេញនាំចូល ការសម្រួលពាណិជ្ជកម្ម។ល។
លោក តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ លើកមុនថា គុណភាពផលិតកម្មរបស់ កម្ពុជា គឺនៅតែមានកម្រិតទាបនៅឡើយ បើធ្វើការប្រៀបធៀបជាមួយនឹងបណ្ដាប្រទេសជិតខាង ក៏ប៉ុន្តែបច្ចុប្បន្នកម្ពុជាកំពុងធ្វើការកែលម្អទៅលើការនាំចេញ។
លោក ហង់ លឹម ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងជាអង្គការដែលបានដឹកនាំធ្វើការអង្កេតបានថ្លែងថា បណ្ដាប្រទេសអាស៊ីអាគ្នេយ៍រួមមាន កម្ពុជា ទទួលបានពិន្ទុទាបនៅក្នុងការអង្កេតមួយដែលបានផ្ដល់ចំណាត់ថ្នាក់ពីភាពត្រៀមខ្លួនជាស្រេចរបស់ប្រទេសជាសមាជិកដើម្បីចូលរួមនៅក្នុងសហគមន៍សេដ្ឋកិច្ចនេះ។
លោកបានបន្តថា៖ «បណ្ដាប្រទេសអាស៊ានភាគច្រើនរួមមាន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) បានអនុវត្តបានយ៉ាងល្អប្រសើរនៅក្នុងការផលិតទំនិញ ប៉ុន្តែកំពុងយឺតយ៉ាវនៅក្នុងវិស័យសេវា និងវិស័យវិនិយោគ និងភាពចល័តកម្លាំងពលកម្ម»។
លោកបន្ថែមថា ការសហការភាពជាដៃគូជាមួយរដ្ឋាភិបាលគឺពិតជាមានភាពចាំបាច់។ លោកលើកឡើងថា៖ «យើងបានធ្វើការជាមួយរដ្ឋាភិបាលស្ដីពីការលើកកម្ពស់ការនាំចេញ របស់យើងដែលគឺជាការចាប់ផ្ដើមមួយដ៏ល្អ»។ លោកបញ្ជាក់ថា មានសហគ្រាសធុនតូចនិងមធ្យម (SMEs) ប្រហែល ៥៣០ ០០០ នៅក្នុងប្រទេសនេះ។
លោក ងួន ម៉េងតិច ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាតំណាងរបស់វិស័យឯកជនបានទទួលស្គាល់ថា វិស័យឯកជនមិនបានយល់ដឹងពេញលេញនោះទេ ហើយកំពុងដើរតាម AEC មកដល់នៅពេលខាងមុខ។
លោកបន្តថា៖ «ប្រជាជនរបស់យើងមិនបានយល់ដឹង ១០០ ភាគរយអំពីការបើកចំហរបស់ AEC ទេ ប៉ុន្តែខ្ញុំយល់ថា រដ្ឋាភិបាលបានព្យាយាមច្រើនណាស់សម្រាប់បញ្ហានោះ។ យើងនៅឆ្ងាយបន្តិចពី AEC ធៀបជាមួយនឹងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត។ ប៉ុន្តែ យើងត្រូវតែធ្វើតាមពួកគេ ដូច្នេះយើងអាចដឹងច្បាស់ថា តើយើងនៅឆ្ងាយយ៉ាងណា»។
លោកលើកឡើងថា៖ «ខ្ញុំគិតថា ប្រជាជនរបស់យើងនៅតែស្ទាក់ស្ទើរក្នុងការផលិតផលិតផលមានគុណភាពខ្ពស់ សម្រាប់លក់ ហើយពួកគេមិនមានទំនុកចិត្តលើខ្លួនឯង ហើយតែងតែអះអាងថា ពួកគេកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។ ខ្ញុំគិតថា វាមិនពិតនោះទេ ប្រសិនបើពួកគេទុកចិត្តលើខ្លួនឯង ពួកគេអាចធ្វើវាបាន ហើយអាចផលិតអ្វីៗមានគុណភាពល្អប្រសើរជាងបណ្ដាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត។
លោកបញ្ជាក់ថា៖ «ពួកគេត្រូវតែបើកទូលាយ និងផលិតឲ្យបានកាន់តែច្រើន ដើម្បីដាក់បង្ហាញនូវផលិតផលរបស់យើងដល់ប្រជាជន ៦០០ លាននាក់នៅក្នុងតំបន់នេះនៅត្រឹម ឆ្នាំ២០១៥»។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងនៅក្នុងវេទិកាវិស័យរដ្ឋាភិបាល-ឯកជនលើក ទី១៧ ថា រដ្ឋាភិបាលនឹងបង្កើនការអនុវត្តការកែទម្រង់ស៊ីជម្រៅរបស់ខ្លួន ដោយផ្ដោតលើវិស័យអាទិភាពជាច្រើនដូចជា ១) ការលើកកម្ពស់ក្នុងការសម្របសម្រួលពាណិជ្ជកម្ម ២) ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣) ការសម្របសម្រួល និងការផ្គូរផ្គងការអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេស និងបន្តការអភិវឌ្ឍធនធានមនុស្សជាមួយតម្រូវការការងារនៅក្នុងទីផ្សារ និង ទី៤) ធ្វើពិពិធកម្មបន្ថែមទៀតពីប្រភពនៃកំណើនតាមរយៈការអនុម័តនិងការអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម»។
លោកនាយករដ្ឋមន្ដ្រីបានបន្ថែមថា៖ «នៅក្នុងបរិបទរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ ការរៀបចំដែលខានមិនបានផ្សេងទៀតគឺការអភិវឌ្ឍធនធានមនុស្ស។ កម្ពុជា ត្រូវការធនធានមនុស្សប្រកបដោយសមត្ថភាពនិងមានគុណភាព ដើម្បីរៀបចំខ្លួនសម្រាប់ការប្រកួតប្រជែងដែលបានគិតទុកជាមុន»។
«ការចូលរួមពីវិស័យឯកជនមានសារៈសំខាន់សម្រាប់ការត្រៀមខ្លួនរបស់ កម្ពុជា សម្រាប់សមាជិកភាពរបស់ខ្លួននៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥។ សកម្មភាពរបស់យើងឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ ប្រៀបដូចជា សកម្មភាពប្រណាំងទូកយ៉ាងដូច្នេះដែរដែលចាំបាច់អ្នកអុំឲ្យស្រុះគ្នា ហើយអ្នកកាច់ចង្កូតត្រូវតែតម្រង់ទិសឲ្យត្រង់ចំទិសដៅ»។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលនឹងចាប់ផ្ដើមដំណើរការ «គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម» សំដៅលើកកម្ពស់វិស័យផលិតកម្ម និងភាពប្រកួតប្រជែងរបស់ កម្ពុជា បង្កើនតម្លៃបន្ថែមនៅក្នុងវិស័យដែលមានស្រាប់សំខាន់ៗមានដូចជា វិស័យកសិកម្ម វិស័យកាត់ដេរ និងវិស័យទេសចរណ៍ លើកកម្ពស់ឧស្សាហកម្មទទួលបានជោគជ័យថ្មី និងលើកកម្ពស់អត្ថប្រយោជន៍ដែលអាចប្រៀបធៀបបាននៅក្នុងវិស័យនេះ។
ទន្ទឹមនឹងនេះលោក សុក ស៊ីផាន់ណា ប្រធានវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍន៍កម្ពុជា (CDRI) ជាទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលបានថ្លែងមកកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ចិន ក្នុងពេលថ្មីៗថា ការចាប់ផ្ដើមដំណើរការ AEC ក្នុង ឆ្នាំ២០១៥ នឹងបើកចំហឱកាសថ្មីៗសម្រាប់ប្រទេសនេះដើម្បីក្លាយជាច្រកទ្វារសេដ្ឋកិច្ចមួយសម្រាប់អាស៊ាន។
លោកបន្តថា៖ «AEC គឺជាល្បែងនៃការផ្លាស់ប្តូរដ៏ធំសម្រាប់ កម្ពុជា»។ លោកលើកឡើងថា៖ «នៅពេលយើងឆ្ពោះទៅកាន់ AEC យើងគឺជាច្រកទ្វារមួយនៅក្នុងតំបន់អាស៊ាន យ៉ាងហោចណាស់ក៏នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ»។
លោកកត់សម្គាល់ថា ការអង្កេតក្នុងពេលថ្មីៗក្នុងចំណោមបណ្ដាប្រទេសអាស៊ានទាំង ១០ បានបង្ហាញថា កម្ពុជា គឺជាប្រទេសបានរៀបចំខ្លួនបានច្រើនបំផុតទីបីសម្រាប់ AEC បន្ទាប់ពី ប្រទេសសិង្ហបុរី និង ប្រទេសម៉ាឡេស៊ី។
លោកបានបញ្ជាក់ថា៖ «ការអង្កេតផ្សេងទៀតក៏បានបង្ហាញផងដែរថា កម្ពុជា គឺជាប្រទេសមានចំណេះដឹងភាសាអង់គ្លេសជាង ប្រទេស វៀតណាម និង ប្រទេសថៃ»។
លោកបានលើកឡើងថា ក្រុមហ៊ុនជាច្រើនកំពុងចូលមកនឹងមិនមានបញ្ហាក្នុងការជួលកម្មករដែលមានសមត្ថភាពនោះទេ៕