កំពតៈ ភាពសម្បូរ​បែប​នៃ​ធនធាន​ធម្មជាតិ​នៅតាម​ឆ្នេរសមុទ្រ និង​កោះ គឺជា​ឧត្តមភាព​ប្រកួតប្រជែង​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ខណៈ​ទីនោះ​កំពុង​ទទួលបាន​នូវ​កំណើន​ភ្ញៀវ​ជា​បន្តបន្ទាប់​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​ ៨ ជុំ​ទី​ ២ នៅ​ខេត្តកំពត​កាលពី​ថ្ងៃ​សៅរ៍​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថ្លែង​ថា លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​ប្រកប​ដោយ​និរន្តរភាព​ធ្វើឲ្យ​ឆ្នេរសមុទ្រ​កម្ពុជា ជាប់​ជា​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក​។

លោក​បន្តថា ជាមួយ​នឹង​កិត្តិនាម​នេះ​បាន​ធ្វើឲ្យ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ទាក់ទាញ​បាន​នូវ​កំណើន​ភ្ញៀវទេសចរ​ជា​រៀងរាល់​ឆ្នាំ​។ លោក​ថ្លែងថា​៖ «​ភាពសម្បូរ​បែប​នៃ​ធនធានធម្មជាតិ និង​វប្បធម៌​នៅតាម​ឆ្នេរសមុទ្រ និង​កោះ​នានា គឺជា​ឧត្តមភាព​ប្រកួតប្រជែង​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​។

បើតាម​លោក ថោង ខុន សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ​តំបន់ឆ្នេរ​កម្ពុជា​រំពឹងថា នឹង​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ ១,៣ ​លាន​នាក់​កើនឡើង ៤,៥ ​ភាគរយ និង​ទេសចរ​ជាតិ​មាន​ប្រមាណ ៣,៤ ​លាន​នាក់​កើនឡើង ៣ ​ភាគរយ​។

ដោយឡែក​ឆ្នាំ​ ២០២០ ខាងមុខ​តាម​ការព្យាករ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ១,៧ ​លាន​នាក់ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ៣,៥ ​លាន​នាក់ ហើយ​នៅ​ឆ្នាំ​ ២០៣០ តំបន់ឆ្នេរ​សមុទ្រ​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ ៧,៥ ​លាន​នាក់​​ ក្នុង​កំណើន ១០ ​ភាគរយ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ៥,៥ ​លាន​នាក់ កើនឡើង​ជា​មធ្យម ៥ ​ភាគរយ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា វិស័យ​ទេសចរណ៍​កម្ពុជា​នៅពេលនេះ​មិនមែន​ពឹងផ្អែក​តែ​ទៅលើ​តំបន់​ប្រាសាទ​នោះទេ ពោល​កម្ពុជា​បាននិង​កំពុង​កែច្នៃ​តំបន់​ទេសចរណ៍​ចម្រុះ​បន្ថែមទៀត​ជាច្រើន​។

លោក​បន្តថា ដើម្បី​រក្សាបាន​នូវ​ភាពទាក់ទាញ​នេះ គឺ​មិន​ត្រូវ​បណ្តោយ​ឲ្យ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ដោយ​ទឹកស្អុយ​ការចាក់ដី​ចូល ឬ​ការកាប់​ព្រៃកោងកាង​ដើម្បី​ទន្ទ្រាន​យក​ដី​នោះ​ទេ ហើយ​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​តំបន់ឆ្នេរ​ដែល​ស្អាត​។ លោក​ថ្លែងថា​៖ «​មិនត្រូវ​ឲ្យ​ឆ្នេរសមុទ្រ​របស់​កម្ពុជា​ត្រូវ​បាន​ដកចេញ​ពី​ [​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​] នោះទេ​»​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ឲ្យ​ដឹងថា​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នៅ​មិនទាន់​មាន​ការអភិវឌ្ឍ​ឲ្យ​បាន​ខ្លាំងក្លា​ទេ​។ តំបន់ឆ្នេរ​នឹង​អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​កាន់តែ​ច្រើន បើ​មាន​ការអភិវឌ្ឍ​ទៅ​ហេដ្ឋារចនាសម្ព័ន្ធ និង​បដិសណ្ឋារកិច្ច​បន្ថែម​៕