ភ្នំពេញៈ ​ទិស​ដៅ​ទេស​ចរណ៍​សំខាន់​ៗ​របស់​កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាង​កន្លះ​លាន​​នាក់​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ ឆ្លង​ឆ្នាំ​ ២​០១៩ ​ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប​ ៣ ​លាន​នាក់​​​ ក្នុង​នោះ​ទីក្រុង​ភ្នំពេញ​មាន​ជាង​ ២ លាន​នាក់​។ នេះ​បើ​តា​ម​តួ​លេខ​បាន​ពី​ក្រសួង​ទេស​ចរណ៍​។​​

ខេត្ត​តំបន់​ឆ្នេរ និង​ខេត្ត​សៀម​រាប​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ​៦៧១​ ០៦៣​ នាក់ ​​ក្នុង​​នោះ ​៦៤ ៨៩៧ ​គឺ​ជា​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​។ ​នេះ​បើ​យោង​តាម​តួលេខ​។​

បើ​បែង​ចែក​តាម​ខេត្ត​នី​មួយ​ៗ ​សៀម​រាប​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ ​២៨៤ ​០៣១​ នាក់ ក្នុង​​នោះ ​២៨ ០​៧០ នាក់​ជា​​ភ្ញៀវ​​ទេសចរ​បរទេស ក្នុង​អំឡុង​រាត្រី​មុន​ឆ្លង​ឆ្នាំ ខណៈ​ក្រុង​ព្រះ​សីហនុ ដែល​គ្រប​ដណ្ដប់​ដោយ​​​ជន​​ជាតិ​ចិន ទទួល​​បាន​ ១៥៥ ​៥០០ ​​នាក់​ ក្នុង​ចំណោម​នោះ ​៩៤ ​៦៥៤​ នាក់​ជា​​ភ្ញៀវ​ទេសចរ​ក្នុង​​ស្រុក​។​

ខេត្ត​កែប និង​កំពត​ គឺ​ជា​ទិស​ដៅ​​ទាក់​ទាញ​ខ្លាំង​បំផុត​​ក្នុង​​អំឡុង​ព្រឹត្តិ​ការណ៍​នេះ​ ដែល​ខេត្ត​​កែប ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​សរុប ១៥២ ៧២​៨ ​នាក់ និង​ខេត្ត​កំពត​​ សរុប​ ៩៦ ៨១៣​​ នាក់។ នេះ​បើ​យោង​តាម​​តួ​លេខ​។​

លោក​ តាំង​ សុចិត្ត​គ្រឹះស្នា​ ប្រធាន​​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​​ឲ្យ​ដឹង​ថា ខេត្ត​តំបន់​​ឆ្នេរ​​គឺ​ជា​ខេត្ត​ដ៏​សំខាន់​ក្នុង​ការ​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ ​និង​ភ្ញៀវ​ទេសចរ​ជាតិ​កាន់​តែ​​ច្រើន​​មក​​ប្រទេស​ កម្ពុជា​ ជា​ពិសេស​ខេត្ត​ព្រះ​សីហនុ​។​

លោក​ថ្លែង​ថា​៖ «​យើង​តែងតែ​ប្រារព្ធ​រាល់​ពិធី​បុណ្យ​ទាំង​អស់​ និង​ថ្ងៃ​មុន​ចូល​ឆ្នាំ​សកល ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ និង​ក្នុង​ស្រុក​ចូល​រួម​ពេល​វេលា​ដ៏​រីករាយ​នៅ​តាម​ឆ្នេរ​ និង​សហគមន៍​ជន​បទ​»។ លោក​បន្ត​ថា​៖ «​នៅ​ពេល​​នេះ យើង​ព្យាយាម​កែ​លម្អ​ហេដ្ឋា​រចនាសម្ព័ន្ធ​ និង​បដិសណ្ឋារ​កិច្ច​ផង​ដែរ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​»។

លោក​​បន្ត​​​ថា​ ក្រសួង​ទេស​ចរណ៍ ក៏​បាន​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ជា​ច្រើន​​ដល់​វិស័យ​​​ទេសចរណ៍​ ដើម្បី​បង្កើន​​ការ​​យល់​ដឹង​ផ្នែក​ទេសចរណ៍​ផង​​ដែរ​។​

លោក​ស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​​ទី​ភ្នាក់ងារ​ទេស​​ចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ស្ថិរ​ភាព និង​កំណើន​សេដ្ឋកិច្ច​​របស់​ប្រទេស​ កម្ពុជា កំពុង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​។​

លោក​ស្រី​ថ្លែង​ថា​៖ «​យើង​​មាន​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​សន្ដិសុខ​ល្អ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ប្រជាជន​កាន់​តែ​ច្រើន​ឡើង​ៗ​កំពុង​រីករាយ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​»។ ​លោក​ស្រី​បន្ត​ថា​៖ «​យើង​ចាំ​បាច់​ត្រូវ​លើក​​កម្ពស់​គុណភាព​សេវា និង​​បដិសណ្ឋារ​កិច្ច​ ព្រម​ទាំង​បង្កើត​​ផលិត​ផល​ទេស​ចរណ៍​កាន់​តែ​ច្រើន​ ដូច​ជា​​ផលិត​ផល​ក្នុង​ស្រុក ដើម្បី​​ផ្ដល់​ការ​ចងចាំ​ដ៏​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​ ដើម្បី​នាំ​យក​ត្រឡប់​​ទៅ​ផ្ទះ​វិញ​​»​។​

លោក​ ថោង ខុន រដ្ឋ​មន្ដ្រី​ក្រសួង​ទេស​ចរណ៍ ​បាន​ព្យាករ​កាល​ពី​ខែ​មុន​ក្នុង​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង​ថា ​ខេត្ត​​ជាប់​តំបន់​ឆ្នេរ​​នឹង​ទទួល​​ទេសចរ​ ៤,៤២​ លាន​​នាក់​ត្រឹម​ចុង​​ឆ្នាំ​ ២០១៨ ដែល​​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​​​បរទេស​នឹង​កើន​ឡើង​ដល់​ ៩២០ ០០០​ នាក់​។​

ក្នុង​​ការ​ព្យាករ​រយៈ​ពេល​ខ្លី​ត្រឹម​​ឆ្នាំ​ ២០២០ ខេត្ត​តំបន់​ឆ្នេរ​មួយ​នេះ​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ ១,២ ​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​​ក្នុង​ស្រុក​ ៤,៥ ​​លាន​នាក់​។​ លោក​រដ្ឋ​មន្ដ្រី​បាន​​ឲ្យ​ដឹង​ថា ត្រឹម​ឆ្នាំ ២០៣០ តំបន់​នេះ​​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ៣ ​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ ៦ ​លាន​​នាក់៕​LA