ភ្នំពេញៈ តំបន់​ទេសចរណ៍​ចំនួន ២៦ ​កន្លែង​ ក្នុងចំណោម​បញ្ជី​ឈ្មោះ​ចុងក្រោយ​ទាំង​ ៥៣ នៅ​ប្រទេស​ កម្ពុជា​ ត្រូវ​បាន​ក្រសួង​ទេសចរណ៍​សម្រេច​ផ្តល់​ចំណាត់ថ្នាក់​ជា​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​ក្នុង​ឆ្នាំ​ ២០១៩​។

រមណីយដ្ឋាន​ទេសចរណ៍​គំរូ ឆ្នាំ​ ២០១៩ ទាំង​ ២៦ នោះ​មាន​ ៣ ​កន្លែង​ នៅក្នុង​ខេត្ត​កែប និង​មណ្ឌលគិរី ២ ​កន្លែង ​នៅ​ខេត្ត​កំពត កំពង់ស្ពឺ កណ្តាល រតនគិរី ចំណែក​ទីតាំង​ផ្សេងទៀត​មាន​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កោះកុង ស្វាយរៀង បាត់ដំបង សៀមរាប ព្រះសីហនុ ពោធិ៍សាត់ ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម និង​ខេត្ត​ឧត្តរមានជ័យ​។

លោក ជុក ជំនោរ អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់ថា នេះ​ជា​លើក​ទី​ ៣ ​ហើយ​ដែល​ក្រសួង​ទេសចរណ៍​បានរៀបចំ​ឲ្យ​មាន​កម្មវិធី​នេះ​ឡើង ដោយ​ចាប់​ផ្តើម​ដំបូង​ក្នុង​ឆ្នាំ​ ២០១៧​។ ការវាយតម្លៃ​នេះ​បាន​ផ្តោត​លើ​សូចនា​គោល​ធំៗ​ចំនួន​ ៣ រួមមាន ផែនការមេ​សម្រាប់​ការគ្រប់គ្រង​រមណីយដ្ឋាន ការគិតគូរ​ពី​បរិស្ថាន​អនាម័យ និង​ទី​ ៣ ព័ត៌មាន​នៃ​ការពេញចិត្ត​របស់​ភ្ញៀវ​។

លោក​ថ្លែង​ថា​៖ «​ទីតាំង​ដែល​បាន​ជាប់​ក្នុង​បញ្ជី​ជា​រមណីយដ្ឋាន​គំរូ​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការទទួល​បាន​កំណើន​ភ្ញៀវទេសចរ​។ តាមរយៈ​នេះ ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន​ទេសចរណ៍​ក៏​នឹង​ជួយ​ផ្សព្វផ្សាយ​ទីតាំង​ទាំងអស់​ទៅកាន់​ភ្ញៀវទេសចរ​បរទេស​»​។

លោក​បាន​ប្រាប់ទៀត​ថា ការផ្តល់​ចំណាត់ថ្នាក់​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​គោលនយោបាយ​របស់​ក្រសួង​ទេសចរណ៍ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​តាមរយៈ​ការរៀបចំ​អភិវឌ្ឍ​ក្នុង​រមណីយដ្ឋាន​នីមួយៗ​ដោយ​ម្ចាស់​រមណីយដ្ឋាន​ខ្លួនឯង​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​គាំទ្រ​ចំពោះ​ការរៀបចំ​ឲ្យ​មាន​កម្មវិធី​បែបនេះ ព្រោះ​វា​ជា​ចំណែក​មួយ​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ អ្នកស្រី​បានលើក​ឡើង​ថា ប្រសិនបើ​មិន​មាន​ការប្រកួតប្រជែង វា​នឹង​អាច​ធ្វើឲ្យ​អ្នកគ្រប់គ្រង​រមណីយដ្ឋាន​មួយ​ចំនួន​មិន​សូវ​បាន​យកចិត្ត​ទុកដាក់​ចំពោះ​ការអភិវឌ្ឍ​កន្លែង​របស់ខ្លួន​ឡើយ​។

អ្នកស្រី​បាន​និយាយថា​៖ «​តាមរយៈ​ជយលាភី​នេះ ខ្ញុំ​រំពឹង​ថា​នឹង​ជំរុញ​ឲ្យ​គ្រប់​រមណីយដ្ឋាន​នៅ​កម្ពុជា​ទាំងអស់​ពង្រឹង​ការគ្រប់គ្រង​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​»​។

ទោះយ៉ាងណា​អ្នកស្រី​អះអាង​ថា រមណីយដ្ឋាន​គំរូ​ទាំងអស់​នេះ​គឺ​ភាគច្រើន​ទទួល​បាន​តែ​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ប៉ុណ្ណោះ ព្រោះ​ជា​រមណីយដ្ឋាន​ដែល​ត្រូវ​បានរៀបចំ​អភិវឌ្ឍ​ឡើង​នៅ​លើ​ភ្នំ ទឹក និង​ក្នុង​ធម្មជាតិ​តែប៉ុណ្ណោះ​ដោយ​មិនមាន​លក្ខណៈ​ជា​ធម្មជាតិ​ទាំងស្រុង ឬ​តំបន់​ប្រាសាទបុរាណ​នោះទេ​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​នេះ​ជា​មធ្យោបាយ​មួយ​ក្នុង​ការជំរុញ​ឲ្យ​អ្នក​វិនិយោគ​ខិតខំ​អភិវឌ្ឍ​គុណភាព សេវាកម្ម និង​បង្កើន​សេវាកម្ម​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​អូសទាញ​ភ្ញៀវទេសចរ​ឲ្យ​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​​ទីនោះ​»​។

សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ​មាន​បេក្ខភាព​ចូលរួម​ចំនួន​ ៥៣ មកពី​ ២២ ​រាជធានី-​ខេត្ត ខណៈ​កាលពី​ឆ្នាំ​ ២០១៨ មាន​បេក្ខភាព​ចូលរួម​ត្រឹមតែ ៤៥ ​បេក្ខភាព មកពី ២៣ ​រាជធានី-ខេត្ត​៕LA