ភ្នំពេញៈ តំបន់​សេដ្ឋកិច្ច​ពិសេស Poi Pet PP Special Economic- Zone (SEZ) ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទាំងស្រុង​របស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​ដើរតួនាទី​ជា​មជ្ឈមណ្ឌល​ថ្មី​មួយ ដើម្បី​ស្វាគមន៍​ការវិនិយោគ​បរទេស ជាពិសេស​ក្រុម​វិនិយោគិន​ជប៉ុន​មកពី​ប្រទេស​ថៃ​ស្រប​ជាមួយ​យុទ្ធសាស្ដ្រ​ថៃ​បូក​ ១ (Thai Plus One)​។

តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មាន​ទីតាំង​នៅ​ខេត្តបន្ទាយមានជ័យ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ជាប់​ព្រំដែន​កម្ពុជា​ថៃ​។ វា​មាន​ចម្ងាយ​ប្រហែល ៨ គីឡូម៉ែត្រ​ខាងកើត​ទីក្រុង​ប៉ោយប៉ែត​ដោយ​មាន​លទ្ធភាព​ចូលទៅ​កាន់​ព្រំដែន​ដ៏សំខាន់​មួយ​ជាមួយ​ប្រទេស​ថៃ​នៅ​ភាគ​ពាយ័ព្យ​កម្ពុជា​។

លោក សុក ចិន្តាសោភា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​ធ្វើជា​អធិបតី​ក្នុង​ពិធី​នេះ​បាន​ឲ្យ​ដឹងថា ការបើក​ដំណើរការ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ច្បាស់​ណាស់​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ក៏ដូចជា​ការបង្កើត​ការងារ​ផងដែរ​។

លោក​ថ្លែងថា​៖ «​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មាន​ទីតាំង​ជា​យុទ្ធសាស្ដ្រ​មូលដ្ឋាន​ស្រប​ជាមួយ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ របស់​រដ្ឋាភិបាល​ក្នុង​ការពង្រាយ​រោងចក្រ​ទៅកាន់​តំបន់​ជាយដែន​»​។

លោក Masahiro Mikami ឯកអគ្គរដ្ឋទូត​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​បាន​ឲ្យ​ដឹងថា ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏រឹងមាំ​របស់​កម្ពុជា បរិយាកាស​វិនិយោគ​អំណោយផល និង​ទីតាំង​ភូមិសាស្ដ្រ​ជា​យុទ្ធសាស្ដ្រ​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​គោលដៅ​វិនិយោគ​ដ៏ទាក់ទាញ​សម្រាប់​វិនិយោគិន​ជប៉ុន​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស PoiPet Special Economic Zone នឹង​ទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន​ពី​យុទ្ធសាស្ដ្រ​ថៃ​បូក​ ១»​។

បច្ចុប្បន្ន​ប្រទេស ​កម្ពុជា ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២៣ ដែល​កំពុង​ប្រតិបត្តិការ​ដែល​មាន​រោងចក្រ​ចំនួន ៤៩០ និង​បង្កើត​ការងារ​បាន​ប្រមាណ ១៣០ ០០០ ​កន្លែង​។ ក្នុងនោះ​ទីក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ៣ កន្លែង​ ដែល​មាន​រោងចក្រ ១៧ និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៧ ៥០០ កន្លែង ​ក្នុង​នោះ​រោងចក្រ​ដែល​វិនិយោគ​ពី​ប្រទេស​ ជប៉ុន​ មាន​ចំនួន ៨ និង​បង្កើត​ការងារ​បាន​ប្រមាណ ២ ០០០ កន្លែង​។

តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PP SEZ ក៏​ជា​ទីតាំង​យុទ្ធសាស្ដ្រ​មួយ​ដែល​ទាក់ទាញ​ក្រុម​វិនិយោគិន​អនាគត​ដែល​កំពុង​ស្វែងរក​ការចាប់ផ្ដើម​ក្រុមហ៊ុន​ផលិតកម្ម ឃ្លាំង ឬ​មជ្ឈមណ្ឌល​ចែកចាយ​។ វា​មាន​ចម្ងាយ ២៥០ គីឡូម៉ែត្រ​ពី​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​នៅ​ទីក្រុង Laem Chabang ប្រទេស​ ថៃ​។ ដោយ​មាន​ទីតាំង​ប្រកប​ដោយ​យុទ្ធសាស្ដ្រ​ដែល​មាន​លទ្ធភាព​ផ្ទាល់​ចូល​ទៅ​កាន់​ផ្លូវជាតិ​លេខ ​៥ (​ដែល​ត្រូវ​បាន​កំណត់​ថា​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​ល្បឿន​លឿន Asian Highway-1) តំបន់​សេដ្ឋកិច្ច​ពិសេស Poipet- PP SEZ គឺជា​ការតភ្ជាប់​ដ៏សំខាន់​មួយ​នៃ​ផ្លូវ​ទៅកាន់​ទីក្រុង​ហូជីមិញ ភ្នំពេញ សៀមរាប បាងកក​៕ LA