ភ្នំពេញៈ ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) មានតម្លៃ ៣៧២ លានដុល្លារកាលពីឆ្នាំ ២០១៨ កើនឡើង ៦៨ ភាគរយធៀបនឹងឆ្នាំ ២០១៧។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីចុងសប្តាហ៍មុន។
យោងតាមសេចក្តីប្រកាសដដែល SSEZ មានក្រុមហ៊ុនចំនួន ១៦១ ដែលមានដើមទុនចុះបញ្ជីចំនួន ៩១៨ លានដុល្លារ និងបានស្រូបយកកម្លាំងពលកម្មចំនួន ២២ ៤៩៥ នាក់។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងតំបន់ SSEZ ផលិតទំនិញនានា ដូចជា សម្ភារការិយាល័យ គ្រឿងបន្លាស់រថយន្ត ស៊ុមទូរទស្សន៍ សម្ភារបរិក្ខារបន្ទប់ទឹក កាបូប ស្បែកជើង សម្ភារកីឡា និងទំនិញផ្សេងៗទៀត។
សេចក្តីប្រកាសនេះចេញផ្សាយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលធ្វើឡើងនៅសប្តាហ៍មុននៅ SSEZ៕ LA