វ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា លោក​ពិតជា​ចង់​បញ្ចៀស​គោលនយោបាយ​ដែល​នាំឲ្យ​ពិបាក​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់​បណ្ដា​ប្រទេស​ផ្សេងទៀត​ជាមួយ​អាមេរិក ទោះបី​ជា​រដ្ឋបាល​របស់​លោក​បាន​ធ្វើ​ផ្ទុយ​ពី​បំណង​នេះ​ក៏ដោយ​។

លោក ត្រាំ បាន​ហូតពន្ធ​នាំចូល​លើ​ទំនិញ​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ និង​បាន​បង្កជម្លោះ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​អាមេរិក​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​ក្នុង​សុន្ទរកថា តាម Twitter ដ៏វែង​មួយ​លោក​ប្រធានាធិបតី​បាន​ថ្លែងថា​៖ «​យើង​ចង់​ឲ្យ​វា​អាចធ្វើ​ទៅបាន​ក្នុង​ការធ្វើ​អាជីវកម្ម​ជាមួយ​យើង​។ ការមិន​អាច​ទៅរួច​នឹង​មានន័យថា ការបញ្ជាទិញ​នឹង​ទៅ​កន្លែង​ផ្សេងទៀត​»​។

លោក​បាន​សរសេរ​លើ Twitter ​ថា​៖ «​អាមេរិក​មិនអាច​នឹង​មិន​ក្លាយ​ជា​កន្លែង​ដ៏ពិបាក​មួយ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​ដែល​ទិញ​ផលិតផល​របស់​យើង​ទេ រួមទាំង​ការប្រើប្រាស់​លេស​សន្ដិសុខ​ជាតិ​ដែល​ក្រុមហ៊ុន​របស់​យើង​នឹង​ត្រូវ​បង្ខំ​ឲ្យ​ចាកចេញ ដើម្បី​រក្សា​សមត្ថភាព​ប្រកួតប្រជែង​ផងដែរ​»​។

លោក ត្រាំ បាន​ហូតពន្ធ​នាំចូល​លើ​ដែកថែប និង​អាលុយមីញ៉ូម​ទូទាំង​ពិភពលោក ដោយ​បាន​ហៅ​ការនាំចូល​ទាំងនោះ​ថា គឺជា​ការគំរាមកំហែង​សន្ដិសុខ​ជាតិ និង​បាន​គំរាមថា នឹង​ធ្វើ​ដូចគ្នា​សម្រាប់​រថយន្ត​មកពី​អឺរ៉ុប​។

នៅក្នុង​ជម្លោះ​ដែល​ខាតបង់​ខ្លាំង​បំផុត​លោក ត្រាំ បាន​ប្រកាស​ពន្ធ​នាំចូល​ស្ទើរតែ ១០០ ​ភាគរយ​ លើ​ទំនិញ​នាំចូល​មកពី​ចិន​។ ការបញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​ចុះហត្ថលេខា​ពី​ខែមករា​បាន​ផ្អាក​ការធ្វើឲ្យ​ខូចខាត​ខ្លាំង​បំផុត​នៃ​ពន្ធ​នាំចូល​ទាំងនោះ ប៉ុន្តែ​ភាគច្រើន​នៅតែ​កំពុង​អនុវត្ត​។

ដៃគូ​ពាណិជ្ជកម្ម​របស់​អាមេរិក​ជាច្រើន​មិនបាន​គាំទ្រ ដោយ​ការសងសឹក​ជាមួយ​នឹង​ពន្ធ​ពិន័យ​លើ​ទំនិញ​អាមេរិក​ដូចជា​ស្រា ម៉ូតូ និង​ផលិតផល​កសិកម្ម ដែល​តម្រូវ​ឲ្យ​រដ្ឋ​ត្រូវ​ផ្ដល់​ជំនួយ​រាប់លាន​ដុល្លារ​ដល់​កសិករ​។

ក្នុង​ជម្លោះ​ចុងក្រោយ​បំផុត​ដែល​ជា​ជម្លោះ​មាន​រយៈពេល​ ១៥ ​ឆ្នាំ ជុំវិញ​ការឧបត្ថម្ភធន​របស់​រដ្ឋាភិបាល​ដល់​ក្រុមហ៊ុន Airbus ទីក្រុង​វ៉ាស៊ីនតោន​បាន​ហូតពន្ធ​នាំចូល ២៥ ​ភាគរយ​លើ​ទំនិញ​ជាច្រើន​ដែល​រួមមាន​ស្រា​ស្កុតវិស្គី ស្រា​បារាំង និង​ស្រា​អេស្ប៉ាញ និង​ឈីស​របស់​ចក្រភព​អង់គ្លេស​។

លោក ត្រាំ ក៏​បាន​ហូតពន្ធ​ពិន័យ​លើ​ទំនិញ​របស់​ប្រទេស​ បារាំង​ ជា​ការឆ្លើយតប​នឹង​ពន្ធ​ឌីជីថល​លើ​ក្រុមហ៊ុន​អាមេរិក​ផងដែរ​។ លោក​បន្តថា ទោះ​យ៉ាងណា «​ខ្ញុំ​ចង់​ធ្វើឲ្យ​វា​ងាយស្រួល​ក្នុង​ការធ្វើ​អាជីវកម្ម​ជាមួយ​អាមេរិក​ដែល​មិនមាន​ការពិបាក​»៕ LA