ក្រុង​ក្រូសប៊ីៈ ក្នុង​តំបន់​ភាគ​កណ្តាល​ដែល​សម្បូរ​ប្រេង​​របស់​អាមេរិក ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ពុធ បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​​បញ្ជា​ប្រតិបត្តិ​ចំនួន ​២ ដើម្បី​បង្កើន​ល្បឿន​ ការ​សាងសង់​បំពង់​បង្ហូរ​ប្រេង​ និង​ឧស្ម័ន​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​បរិស្ថាន​មិន​សប្បាយ​ចិត្ត។​

វិធានការ​ចុង​ក្រោយ​បំផុត​នេះ​ធ្វើ​ឡើង​​ស្រប​ជាមួយ​នឹង​វិធានការ​​ផ្សេង​ទៀត ដែល​រដ្ឋបាល​របស់​លោក បាន​ធ្វើ​ឡើង​ដើម្បី​បន្ធូរបន្ថយ​បទប្បញ្ញត្តិ​របស់​វិស័យ​ថាមពល​ដែល​ជា​វិស័យ​ដ៏​សំខាន់​មួយ និង​ជា​ប្រភព​កំណើន​នៅ​រដ្ឋ​តិចសាស ជា​ទី​​ដែល​លោក​បាន​​ប្រកាស​ពី​បញ្ជា​ប្រតិបត្តិការ​នេះ​ទៅ​កាន់​​​សហជីព​​ពាណិជ្ជកម្ម​​វិស្វករ​ប្រតិបត្តិការ (TUOE)​។​

លោក​ប្រធានាធិបតី​រូប​នេះ​បាន​ឲ្យ​ដឹង​នៅ​ទីក្រុង​ក្រូសប៊ី​នៅ​ជិត​ទីក្រុង​ហ៊ូស្តុន​ថា៖ «​ជា​ញឹកញាប់​ណាស់ ហេដ្ឋា​រចានា​សម្ព័ន្ធ​ថាមពល​ដែល​ត្រូវ​​ការ​ខ្លាំង​បំផុត​កំពុង​ត្រូវ​បាន​រារាំង​ដោយ​​ក្រុម​ដែល​មាន​ផល​ប្រយោជន៍​ពិសេស​ ការិយា​ធិបតេយ្យ​​ដែល​មិន​ងាយ​ផ្លាស់​ប្តូរ និង​​សកម្មជន​សំខាន់ៗ»។​​

លោក ត្រាំ ដែល​បន្ទាប់​មក​បាន​អនុម័ត​វិធានការ​ជា​ច្រើន​ជា​ផ្លូវ​ការ​នោះ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​នឹង​ចុះ​ហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​ដើម្បី​បន្ត និង​​​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នៃ​​​ឧស្សាហកម្ម​ថាមពល​និង​ការងារ​របស់​អាមេរិក»។​

លោក​ថ្លែង​ថា​៖ «​វិធានការ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ នឹង​ដោះស្រាយ​​ការ​ខូចខាត​ដែល​ធ្វើ​ឲ្យ​មាន​ការ​ពន្យារ​ពេល និង​ការ​បដិសេធ​នានា​»។​

លោក​បាន​ប្រាប់​​ក្រុម​អ្នក​គាំទ្រ​​របស់​លោក​ថា វិធានការ​ទាំង​នេះ​​មាន​បំណង​ដាក់​​កម្រិត​​​​ការ​ពន្យារពេល​ក្នុង​ការ​ទទួល​បាន​ការ​អនុញ្ញាត​ដើម្បី​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ដែល​រួម​ទាំង​បំពង់​បង្ហូរ​ប្រេង ហើយ​នឹង​ផ្ដល់​ដល់​លោក​​​ប្រធានាធិបតី​នូវ «​សិទ្ធិ​អំណាច​តែ​មួយ​គត់ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​នៅ​ពេល​​យើង​ជួប​បញ្ហា​»។​

សហរដ្ឋ​អាមេរិក​ផលិត​ប្រេង​ឆៅ​បាន ១២,២ ​លាន​បារ៉ែល​ក្នុង​​ ​១ ថ្ងៃ​ជា​មធ្យម ដែល​ច្រើន​​​​បំផុត​លើ​ពិភព​លោក។ នេះ​​បើ​តាម​តួលេខ​បាន​ពី​រដ្ឋ​បាល​ព័ត៌មាន​ថាមពល (EI​A) អាមេរិក​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ៕ AFP/LA