ក្រុង​តូក្យូៈ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​​ប្រទេស ​ជប៉ុន ​ស្មើភាព​គ្នា​​ថែម​បន្តិច​ទៀត​ ខណៈ​​​លោក​បាន​ចេញ​ដំណើរ​ទៅ​បំពេញ​​​ទស្សនកិច្ច​រយៈពេល ​៤ ​ថ្ងៃ​នៅ​ទីក្រុង​តូក្យូ​ ក្នុង​គោល​​បំណង​ពង្រឹង​ទំនាក់​ទំនង​រវាង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ទាំង ​២ ​នេះ​។​

ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៤​ ថ្ងៃ​របស់​លោក ត្រាំ ត្រូវ​​បាន​រំពឹង​ថា នឹង​បង្កើត​ឲ្យ​​​មាន​ពាក្យ​សម្ដី​​ប្រកប​ដោយ​ភាព​កក់ក្ដៅ​ជា​ច្រើន ខណៈ​ដែល​​លោក​ លេង​កូន​ហ្គោល និង​មើល​កីឡា​ស៊ូម៉ូ​ជាមួយ​ ​«មិត្ត​» របស់​លោក ​គឺ​លោក ស៊ីនហ្សូ​ អាបេ ដែល​ជា​នាយក​រដ្ឋមន្ដ្រី​របស់​ប្រទេស ​ជប៉ុន​។​

ប៉ុន្តែ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី១ និង​ទី៣​ របស់​ពិភព​លោក​ទាំង ​២ នេះ​ នឹង​ពិភាក្សា​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ​ហើយ​លោក ​ត្រាំ ​មិន​បាន​​ខ្ជះខ្ជាយ​ពេល​វេលា ​ក្នុង​ការ​វាយ​ប្រហារ​ក្នុង​អ្វី​ដែល​លោក​មើល​ឃើញ​ថា​ជា​អតុល្យភាព​​មួយ​រវាង​​ប្រទេស​ទាំង ​២ នោះ​ទេ​។​

លោក ត្រាំ ​ប្រាប់​​ក្រុម​មេ​ដឹកនាំ​មក​ពី​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​ចំនួន​​របស់​ប្រទេស ជប៉ុន​ ដែល​រួម​មាន​ក្រុមហ៊ុន Toyota ក្រុមហ៊ុន Honda និង​ក្រុមហ៊ុន Nissan ថា​៖ «​​ប្រទេស ​ជប៉ុន ​ទទួល​​បាន​អត្ថប្រយោជន៍​ខ្ពស់​ជាង​​​រយៈពេល​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​​មិន​អី​ទេ ​ប្រហែល​នោះ​ជា​មូលហេតុ​ដែល​អ្នក​ចូល​ចិត្ត​យើង​ខ្លាំង​»។​

លោក​ប្រធានា​ធិបតី​​បាន​ប្ដេជ្ញា​ថា បន្ទាប់​ពី​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​មួយ ត្រូវ​បាន​ចុះ​ហត្ថលេខា​ វា​នឹង​ «​​ស្មើភាព​គ្នា​​ថែម​ជាង​នេះ​​បន្តិច​ទៀត​»។​

លោក ត្រាំ​ ថ្លែង​ថា​៖ «​ជាមួយ​នឹង​​កិច្ច​ព្រម​ព្រៀង​នេះ យើង​សង្ឃឹម​ថា​នឹង​ដោះ​ស្រាយ​​អតុល្យភាព​ពាណិជ្ជ​ជម្រុះ​ចោល​ឧបសគ្គ​​ចំពោះ​ការ​នាំចេញ​របស់​អាមេរិក និង​ធានា​ភាព​​ស្មើភាព​គ្នា និង​ភាព​​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ពួក​យើង។ យើង​កំពុង​ជិត​សម្រេច​​បាន​ហើយ»។​

លោក​បន្ថែម​ថា​៖ «​យើង​សង្ឃឹម​ថា នឹង​​មាន​​​សេចក្ដី​ប្រកាស​បន្ថែម​​មួយ​ចំនួន​ក្នុង​ពេល​ឆាប់ៗ ហើយ​​នឹង​មាន​កិច្ច​ព្រមព្រៀង​ធំៗ​មួយ​ចំនួន​​ក្នុង​​​ពេល ​២-៣ ខែ​​ក្រោយ​»។​

អ្នក​សង្កេត​ការណ៍​​​សង្ស័យ​ថា ​លោក អាបេ កំពុង​ក្រាល​កម្រាល​ព្រំ​ក្រហម​ទទួល​លោក ត្រាំ ​​​ដើម្បី​បង្ហាញ​ថា ​​ជប៉ុន​​​ជា​​ប្រទេស​​អនុគ្រោះ​បំផុត​​ក្នុង​ចំណោម​​ប្រទេស​​​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ ប៉ុន្តែ​មាន​ការ​រំពឹង​ថា​នឹង​មាន​ភាព​​រីក​ចម្រើន​ជាក់​ស្ដែង​តិចតួច​​៕ AFP/LA