អាមេរិកៈ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍មុនបាននិយាយថា លោកបានយល់ព្រមឲ្យក្រុមហ៊ុនកប៉ាល់អាមេរិកទាំងអស់ត្រូវចុះបញ្ជីនៅក្នុងប្រទេសកំណើត ប្រសិនបើពួកគេចង់ទទួលបានប្រាក់កម្ចីពីកញ្ចប់ សង្គ្រោះដ៏ច្រើនសម្បើមនោះ។
ព្រឹទ្ធសភាអាមេរិកកាលពីសប្តាហ៍កន្លងទៅបានអនុម័តច្បាប់ថវិកាសម្រាប់ចំណាយដែលមានទឹកប្រាក់ ២,២ ពាន់ពាន់លានដុល្លារអាមេរិកដោយកំណត់ចំនួន ៥០០ ពាន់លានដុល្លារសម្រាប់សាជីវកម្មខ្នាតធំ ប៉ុន្តែចែងថា ទឹកប្រាក់នោះអាចត្រូវបានផ្តល់ដល់ក្រុមហ៊ុន «បង្កើតឡើង ឬក៏រៀបចំនៅក្នុងប្រទេសអាមេរិកប៉ុណ្ណោះ»។
ក្រុមហ៊ុននាវាចរណ៍ធំៗដែលមានទីស្នាក់ការនៅអាមេរិកត្រូវបានចុះបញ្ជីនៅប្រទេសដែលមានច្បាប់ពន្ធដារ ការងារ និង សុវត្ថិភាព ធូររលង់ជាងអាមេរិក ដូចជានៅក្នុងប្រទេសលីប៊ី ជាកន្លែងដែលក្រុមហ៊ុន Royal Caribbean បានចុះបញ្ជី និងប្រទេសប៉ាណាម៉ា ជាកន្លែងដែលក្រុមហ៊ុនកប៉ាល់ Carnival បានចុះបញ្ជី។
ដោយបាននិយាយនៅឯសន្និសីទសារព័ត៌មានលោក ត្រាំ បាននិយាយអំពីក្រុមហ៊ុនកប៉ាល់នោះ៖ «ខ្ញុំពិតជាពេញចិត្តនៃគំនិតមកចុះឈ្មោះនៅ ទីនេះ [ប្រទេសអាមេរិក]»។
លោកប្រធានាធិបតីនិយាយថា៖ «វាតានតឹងណាស់ដើម្បីផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុន ពេលពួកគេស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នានោះ»។
ទម្រង់នៃការផ្ទុះឡើងជំងឺកូវីដ-១៩ ដំបូងបានកើតឡើងនៅក្នុងកប៉ាល់ដោយបង្ខំឲ្យកប៉ាល់ទាំងនោះនៅឆ្ងាយពីផែ ហើយសហរដ្ឋអាមេរិកបានបញ្ជាឲ្យសង្គ្រោះអ្នកដំណើរអាមេរិកត្រឡប់ទៅក្នុងប្រទេសវិញ។
លោក ត្រាំ បានប្រកាសកាលពីថ្ងៃទី ១៣ ខែមីនាថា ក្រុមហ៊ុនកប៉ាល់ធំៗនឹងត្រូវពន្យារការធ្វើដំណើរពីកំពង់ផែអាមេរិករយៈពេល ៣០ ថ្ងៃដើម្បីឆ្លើយតបចំពោះការរីករាលដាល៕ RR