ក្រុងវ៉ាស៊ីនតោនៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃពុធថា លោកនឹងប្រកាសការសម្រេចចិត្តរបស់លោកស្តីពីពន្ធនាំចូលលើរថយន្តនាំចូល «ក្នុងពេលឆាប់បំផុត»។
លោក ត្រាំ មិនបានផ្ដល់ការបញ្ជាក់អំពីការសម្រេចចិត្តរបស់លោកនោះទេ ប៉ុន្តែប្រភពក្នុងឧស្សាហកម្មរថយន្តបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ពួកគេរំពឹងថា ពន្ធនាំចូលនឹងត្រូវពន្យារពេលរយៈពេល ៦ ខែផ្សេងទៀត។
លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានថា៖ «ខ្ញុំនឹងធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗ។ ខ្ញុំបានសង្ខេបយ៉ាងពេញលេញ»។
លោកបានគំរាមកំហែងចាប់តាំងពីឆ្នាំមុនថានឹងដកហូតពន្ធនាំចូល ២៥ ភាគរយលើការនាំចូលរថយន្ត ដើម្បីការពារក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកដែលជានិមិត្តរូបមួយនៃផលិតកម្មអាមេរិក។
ការគំរាមកំហែងដកហូតពន្ធនាំចូលលើរថយន្តនេះបានប្រកាសអាសន្នដល់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ជាពិសេស ប៉ុន្តែលោកនាយករដ្ឋមន្ដ្រីជប៉ុន ស៊ិនហ្សូ អាបេ បានឲ្យដឹងថា លោក ត្រាំ បានសន្យាថានឹងអនុគ្រោះដល់ការនាំចេញរថយន្តរបស់ប្រទេសជប៉ុន។
កាលពីខែកុម្ភៈក្រសួងពាណិជ្ជកម្មអាមេរិកបានផ្ដល់ដល់លោក ត្រាំ នូវរបាយការណ៍មួយដែលបញ្ជាក់ពីការគំរាមកំហែងដល់ក្រុមហ៊ុនផលិតរថយន្តអាមេរិក និងបានផ្ដល់អនុសាសន៍ឲ្យដកហូតពន្ធនាំចូលបន្ថែមដោយឈរលើមូលដ្ឋានសន្ដិសុខជាតិ ប៉ុន្តែលោក ត្រាំ បានពន្យារពេលចាត់វិធានការនេះរយៈពេល ១៨០ ថ្ងៃជារយៈពេលមួយដែលបានផុតកំណត់នៅថ្ងៃពុធសប្តាហ៍នេះ។
លោក Wilbur Ross រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងកាលពីដើមខែនេះថា ពន្ធអាចមិនចាំបាច់ បន្ទាប់ពីមាន «ការសន្ទនាដ៏ល្អបំផុត» ជាមួយក្រុមហ៊ុនផលិតរថយន្តនៅសហភាពអឺរ៉ុប ជប៉ុន និងទីកន្លែងផ្សេងទៀត។
ប្រភពចំនួន ២ ក្នុងឧស្សាហកម្មរថយន្តបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអាមេរិកកំពុងជំរុញឲ្យមានសម្បទានដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលអាចធ្វើឡើងដើម្បីគេចផុតពីការដកហូតពន្ធនាំចូលដែលនឹងមានន័យថាមានការវិនិយោគកាន់តែច្រើននៅអាមេរិក។
ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តនានាដូចជាក្រុមហ៊ុន BMW របស់អាល្លឺម៉ង់ អាចមានភាពស្ទាក់ស្ទើរក្នុងការចូលរួមនៅក្នុងសម្បទានបែបនោះ ខណៈដែលក្រុមហ៊ុនផលិតរថយន្តមួយនេះកំពុងពង្រីកការវិនិយោគរួចហើយនៅអាមេរិក ហើយដូច្នេះនឹងមានផលប៉ះពាល់កាន់តែតិចដោយសារពន្ធនាំចូលថ្មីនេះ។
លោក Jean-Claude Junker ប្រធានគណៈកម្មការអឺរ៉ុបដែលត្រៀមចាកចេញពីតំណែងបានឲ្យដឹងនៅក្នុងបទសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាល្លឺម៉ង់កាលពីសប្ដាហ៍មុនថា លោកជឿជាក់ថា អាមេរិកនឹងមិនហូតពន្ធនាំចូលថ្មីលើរថយន្តអឺរ៉ុបក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទេ៕ LA