ក្រុងវ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​រំឭក​ប្រទេស​ចិន​ថា ការអនុវត្ត​ការបង្ក្រាប​តាមរបៀប​ដែល​បានធ្វើ​ឡើង​នៅ​ទីលាន​ធានអាមិន​ទៅលើ​ក្រុមអ្នកតវ៉ា​ប្រឆាំង​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។

លោក ត្រាំ បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​នៅ​រដ្ឋ New Jersey ថា​៖ «​ខ្ញុំ​គិតថា វា​ពិតជា​ពិបាក​ដោះស្រាយ​ខ្លាំងណាស់ បើ​ពួកគេ​ប្រើ​អំពើ​ហិង្សា​។ ខ្ញុំ​មាន​ន័យថា បើ​វា​ជា​ទីលាន​ធានអាមិន​មួយ​ផ្សេងទៀត​»​។ លោក​បន្តថា​៖ «​ខ្ញុំ​គិតថា វា​គឺជា​រឿង​ពិបាក​ធ្វើ​ណាស់ ប្រសិន​បើ​មាន​អំពើ​ហិង្សា​»​។

ជម្លោះ​ពាណិជ្ជកម្ម​រយៈពេល​ជាច្រើន​ខែ​រវាង​អាមេរិក និង​ចិន​ត្រូវ​បាន​ស្ដីបន្ទោស​ថា បាន​បង្ក​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​មាន​ការបារម្ភ ចំពេល​មាន​សញ្ញា​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ដែល​អាច​កើតឡើង​។

ការអត្ថាធិប្បាយ​របស់​លោក ត្រាំ បាន​ធ្វើ​ឡើង ខណៈ​ដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង ស្វែងរក​ការចាប់ផ្ដើម​ឡើងវិញ​នូវ​ការចរចា​កម្រិត​ខ្ពស់​ដ៏សំខាន់​សំដៅ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួកគេ​។

លោក Larry Kudlow ប្រធាន​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក ​ត្រាំ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ថា ការ​ទូរស័ព្ទ​ជជែក​គ្នា​រវាង​អ្នកតំណាង​របស់​ប្រទេស​ទាំង​ ២ គ្រោង​ធ្វើ​ឡើង​ក្នុងពេល ១០ ​ថ្ងៃ​ក្រោយ​ហើយ​ប្រសិនបើ​អ្នក​តំណាង​ទាំងនោះ​ទទួល​បាន​ជោគជ័យ ការចរចា​រវាង​មន្ដ្រី​ជាន់ខ្ពស់​បន្ថែម​ទៀត អាច​ចាប់ផ្ដើម​ឡើងវិញ​។

ទន្ទឹម​នឹង​នេះ​ទីក្រុង​ហុងកុង​ត្រូវ​បាន​រង្គោះរង្គើ​ក្នុង​រយៈពេល​ជាង​ ២ ​ខែ​មក​នេះ ដោយសារ​តែ​ការតវ៉ា​ប្រឆាំង ហើយ​កាលពី​ថ្ងៃ​អាទិត្យ​បាន​មើល​ឃើញ​ក្រុម​មនុស្ស​ដែល​ជា​អ្នករៀបចំ​បាន​ឲ្យ​ដឹងថា ប្រជាជន​ដែល​បាន​ចូលរួម​តវ៉ា​ចំនួន​ប្រហែល ១,៧ លាន​នាក់​បាន​ដើរ​ជា​ក្បួន​ដោយ​សន្តិវិធី​នៅក្នុង​ទីក្រុង​នេះ ទោះបី​ជា​ការចលាចល​កើនឡើង និង​មាន​ការព្រមាន​យ៉ាងខ្លាំង​ពី​ទីក្រុង​ប៉េកាំង​ក៏ដោយ​។

កាលពី​សប្ដាហ៍​មុន ក្រុម​អ្នកតវ៉ា​ប្រឆាំង​បាន​ចូល​បិទ​ព្រលាន​យន្តហោះ​របស់​ទីក្រុង​នេះ​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​កេរ្តិ៍ឈ្មោះ​របស់​យុទ្ធនាការ​មួយ ដែល​មាន​បំណង​ធ្វើឡើង​ដោយ​សន្តិវិធី ដែល​ក្រុម​បាតុករ​បានដាក់​ស្លាក​ជាមួយ​នឹង​ពាក្យស្លោក «​ចូរ​ធ្វើ​ជា​ទឹក​» ដែលជា​ពាក្យ​បង្ហាញ​ពី​ការធ្វើ​ឡើង​ដោយ​សន្តិភាព​។

ប្រទេស​ចិនដីគោក​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កុម្មុយនីស្ដ ជា​បន្តបន្ទាប់​បាន​បញ្ចេញ​សំឡេង​យ៉ាងខ្លាំង​របស់​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ក្រុម​អ្នកប្រឆាំង ដោយ​ថ្កោលទោស​ចំពោះ​សកម្មភាព «​ប្រៀប​ដូចជា​ភេរវករ​» របស់​មនុស្ស​មួយ​ភាគ​តូច​ដែល​បង្ក​អំពើហិង្សា ខណៈ​ដែល​ប្រព័ន្ធ​ព័ត៌មាន​រដ្ឋ​បាន​ផ្សព្វផ្សាយ​រូបភាព​បុគ្គលិក​យោធា និង​រថយន្ត​ដឹក​បុគ្គលិក​យោធា​ដែល​មាន​សព្វាវុធ​នៅ​ទីក្រុង​ហ្សិនចិន ដែល​ស្ថិត​នៅ​ទល់មុខ​ទីក្រុង​ហុងកុង​ពាក់កណ្តាល​ស្វយ័ត​មួយ​នេះ​។

កាលពី​ឆ្នាំ​ ១៩៨៩ ប្រទេស​ចិន​បាន​ពង្រាយ​រថក្រោះ ដើម្បី​បញ្ចប់​ការតវ៉ា​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​និស្សិត​នៅក្នុង​ការបង្ក្រាប​ដោយ​បង្ហូរឈាម​មួយ​នៅ​ទីលាន​ធាន​អាមិន​របស់​ទីក្រុង​ប៉េកាំង​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​នៅ​ចន្លោះ​ពី​រាប់រយ​នាក់​ដល់​ជាង ១០០០ ​នាក់​។

លោក ត្រាំ បាន​ឲ្យ​ដឹង​ដោយយោង​ទៅ​ដល់​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ថា ប្រសិន​បើ​ស្ថានការណ៍​បែប​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ម្ដងទៀត​នៅ​ទីក្រុង​ហុងកុង «​ខ្ញុំ​គិតថា​នឹង​មាន​អារម្មណ៍​ផ្នែក​នយោបាយ​ដ៏ធំ​ក្នុង​ការមិន​ធ្វើ​អ្វី​សោះ​»​។

ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ចក្រភព​អង់គ្លេស ប្រទេស​ចិន​បាន​យល់​ព្រម​អនុញ្ញាត​ឲ្យ​ទីក្រុង​ហុងកុង រក្សា​សេរីភាព​យូនីក​របស់​ខ្លួន នៅពេល​អតីត​ដែនដី​អាណានិគម​មួយ​នេះ​ត្រូវ​បាន​អង់គ្លេស​ប្រគល់​ឲ្យ​ចិន​វិញ​កាលពី​ឆ្នាំ ១៩៩៧ ​។

ប៉ុន្តែ​ប្រជាជន​ទីក្រុង​ហុងកុង​ជាច្រើន​គិត​ថា សេរីភាព​ទាំងនោះ​កំពុង​ត្រូវបាន​បំបែក​ចេញពី​ខ្លួន ជាពិសេស​ចាប់តាំងពី​លោក​ប្រធានាធិបតី ស៊ី ជីនភីង ដែល​ប្រកាន់​ជំហរ​តឹងរ៉ឹង​បាន​ឡើងកាន់​អំណាច​។

លោក ត្រាំ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ចង់ឃើញ វា​ដំណើរការ​តាម​របៀប​មនុស្សធម៌​» និង​អំពាវនាវ​ឲ្យ​លោក ស៊ី ត្រូវ​ចរចា​ជាមួយ​នឹង​ក្រុមប្រឆាំង​នេះ​។

នៅក្នុង​សន្និសីទ​កម្រ​មួយ​កាលពី​សប្តាហ៍​មុន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបង្ក្រាប​នេះ កាសែត​រដ្ឋ​ចិន The Global Times បាន​រាយការណ៍​ថា «​នឹងមិន​មាន​ការប្រព្រឹត្ត​ច្រំ​ដែល​» ដូច​ទីលាន​ធានអាមិន​ឡើយ​។

កាសែត​នេះ​បាន​សរសេរ​ក្នុង​បទវិចារណកថា​មួយ​ថា​៖ «​ប្រទេស​ចិន​ខ្លាំង​ជាង​មុន និង​ចាស់ទុំ​ជាង​មុន ហើយ​លទ្ធភាព​របស់​ខ្លួន​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​ស្មុគស្មាញ​ត្រូវ​បាន​ពង្រឹង​យ៉ាងខ្លាំង​»​។

ក្រុម​អ្នកវិភាគ​និយាយ​ថា ការ​អន្តរាគមន៍​ណាមួយ​ក្នុង​ទីក្រុង​ហុងកុង​ដោយ​កងសន្តិសុខ​ចិន​នឹង​ជា​គ្រោះមហន្តរាយ​មួយ​សម្រាប់​កេរ្តិ៍ឈ្មោះ និង​សេដ្ឋកិច្ច​ចិន​៕ LA