ក្រុង​វ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​ដក​ហូត​ពន្ធ​នាំចូល​​របស់​អាមេរិក​លើ​ទំនិញ​​របស់​ចិន​ អាច​នៅ​តែ​មាន​ប្រសិទ្ធភាព​ «ក្នុង​រយៈពេល​វែង» ដែល​ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឲ្យ​​​​ប៉ះពាល់​​​ក្ដី​សង្ឃឹម​ថា កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​ថ្មី​មួយ​នឹង​នាំ​ឲ្យ​មាន​ការ​លុប​ចោល​ការ​ដក​ហូត​ពន្ធ​នាំចូល​ទាំង​នេះ​ក្នុង​ពេល​ឆាប់ៗ។​

ក្រុម​មន្ដ្រី​អាមេរិក​បាន​ឲ្យ​ដឹង​ថា ពួក​គេ​​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​​នៃ​ការ​ចរចា​លើ​ការ​ដោះ​ស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​មាន​រយៈពេល ​៨ ខែ​ជា​មួយ​ប្រទេស ចិន ​នេះ។​

ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង កំពុង​តស៊ូ​​បង្កើត​កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​​មួយ ដោយ​មន្ដ្រី​អាមេរិក​​ទាមទារ​ឲ្យ​មាន​ការ​​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ចំពោះ​គោល​នយោបាយ​ឧស្សាហកម្ម​របស់​ចិន។​

ខណៈ​ដែល​ការ​អត្ថាធិប្បាយ​នៅ​ពេល​ថ្មីៗ​ថា ការ​ចរចា​នេះ​កំពុង​ដំណើរ​ការ​ល្អ​ប្រសើរ​ ដែល​ជំរុញ​ឲ្យ​មាន​​​សុទិដ្ឋិនិយម​នោះ ​លោក ត្រាំ ហាក់​ដូច​ជា​បំផ្លាញ​ក្ដី​សង្ឃឹម​ថា ទំនាក់ទំនង​​ពាណិជ្ជកម្ម​រវាង​​ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទាំង ២ ​របស់​ពិភព​លោក នឹង​​ត្រឡប់​​ទៅ​រក​ធម្មតា​វិញ។​

លោក ត្រាំ បាន​និយាយ​អំពី​ពន្ធ​នាំចូល​នេះ​ថា៖ «​យើង​កំពុង​និយាយ​អំពី​ការ​ទុក​​ឲ្យ​ពួក​គេ​នូវ​ពេល​វេលា​វែង​មួយ»។ លោក​បន្ត​ថា៖ «​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា បើ​យើង​បង្កើត​​កិច្ច​ព្រមព្រៀង​នេះ​​ជា​មួយ​ចិន ប្រទេស ចិន ​រស់​បាន​ដោយ​កិច្ច​ព្រមព្រៀង​នេះ»។​

ជា​ថ្មី​ម្ដង​ទៀត​លោក​ ត្រាំ បាន​ប្រាប់​​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​សេតវិមាន​ថា ការ​​ចរចា​ជា​មួយ​ទីក្រុង​ប៉េកាំង​នេះ «កំពុង​​ដំណើរការ​ល្អ​ប្រសើរ​»។​

ប៉ុន្តែ​​ក្រុម​មន្ដ្រី​អាមេរិក​បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ណា​មួយ​ត្រូវ​តែ​មាន​​អំណាច រួម​ទាំង​​សមត្ថភាព​ក្នុង​ការ​ដក​ហូត​ពន្ធ​នាំចូល​​ដោយ​ឯកតោ​ភាគី បើ​ប្រទេស ​ចិន ចាប់​ផ្ដើម​​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើង​វិញ​លើ​ការ​ប្ដេជ្ញាចិត្ត​ណា​មួយ​ចំពោះ​ការ​​​បញ្ចប់​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​ស្មើភាព​ដែល​ចោទ​ប្រកាន់​នេះ។​

ក្រសួង​ពាណិជ្ជកម្ម​​ចិន​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​ Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​របស់​​អាមេរិក និង​លោក Steven Mnuchin រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​​ប្រទេស​ ​ចិន ​នៅ​ថ្ងៃ​ទី ​២៨ ដល់​ថ្ងៃ​ទី ​២៩​ ខែ​មីនា​សម្រាប់​​កិច្ច​ចរចា​ជុំ​ថ្មី​មួយ សំដៅ​ដោះ​ស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កើត​មាន​កាន់​តែ​ខ្លាំង​ឡើង​នេះ។

លោក Gao Feng អ្នក​នាំពាក្យ​ក្រសួង​​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​​ក្នុង​សន្និសីទ​ខ្លី​មួយ​ថា បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ លោក Liu He ឧបនាយក​រដ្ឋមន្ដ្រី​​​ចិន នឹង​ធ្វើ​ដំណើរ​ទៅ​អាមេរិក​នៅ​ខែ​មេសា​ ដើម្បី​បន្ត​ការ​ចរចា។​

ក្នុង​រយៈពេល​ ៨ ខែ​ចុង​ក្រោយ​នេះ អាមេរិក និងចិន បាន​ហូតពន្ធ​នាំចូល​លើ​ពាណិជ្ជកម្ម​ទំនិញ​​ទ្វេ​ភាគី​ក្នុង​តម្លៃ​ជាង ​៣៦០ ​ពាន់​លាន​ដុល្លារ​ដែល​ដាក់ សម្ពាធ​លើ​វិស័យ​​ផលិតកម្ម​នៅ​ក្នុង​​ប្រទេស​ទាំង​ពីរ​នេះ​៕​ AFP/LA​