The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ត្រាំ ថា អាមេរិក​សម្រេច​បាន​កិច្ចព្រមព្រៀង​ពន្ធគយ​បឋម​ជាមួយ​ជប៉ុន

ត្រាំ ថា អាមេរិក​សម្រេច​បាន​កិច្ចព្រមព្រៀង​ពន្ធគយ​បឋម​ជាមួយ​ជប៉ុន

Content image - Phnom Penh Post
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​បាន​សម្រេច​កិច្ចព្រមព្រៀង​បឋម​មួយ​ស្តីពី​ពន្ធគយ​ជាមួយ​ប្រទេស ​ជប៉ុន។ AFP

ត្រាំ ថា អាមេរិក​សម្រេច​បាន​កិច្ចព្រមព្រៀង​ពន្ធគយ​បឋម​ជាមួយ​ជប៉ុន

ក្រុងវ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​បាន​សម្រេច​កិច្ចព្រមព្រៀង​បឋម​មួយ​ស្តីពី​ពន្ធគយ​ជាមួយ​ប្រទេស ​ជប៉ុន បន្ទាប់ពី​អះអាង​ជា​ញឹកញាប់​ថា ទីក្រុង​តូក្យូ​មាន​អត្ថប្រយោជន៍​មិន​ស្មើភាព​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​។

លោក ត្រាំ និង​លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រី​ជប៉ុន​កាលពី​ខែ​មុន​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ​ជិត​នឹង​បញ្ចប់​ហើយ និង​ថា​មេដឹកនាំ​ទាំង​ ២ ​បាន​សង្ឃឹមថា​នឹង​មាន​ការចុះហត្ថលេខា​ផ្លូវការ​មួយ​ក្នុង​អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ចុងខែ​នេះ​។

លោក ត្រាំ បាន​ឲ្យ​ដឹង​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​សភា​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​សេត​វិមាន​ថា​៖ «​ខ្ញុំ​រីករាយ​នឹង​រាយការណ៍​ថា រដ្ឋាភិបាល​របស់ខ្ញុំ​បាន​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បឋម​មួយ​ទាក់ទង​នឹង​ឧបសគ្គ​ពន្ធគយ​...​ជាមួយ​ប្រទេស​ជប៉ុន​»​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​បំណង​បញ្ចប់​កិច្ចព្រមព្រៀង​នេះ​នៅ​សប្តាហ៍​ខាងមុខ​»​។

លោក ត្រាំ បាន​បន្ថែម​ថា​ការចរចា​បន្ថែមទៀត​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​ប្រទេស​ជប៉ុន ដើម្បី​ទទួលបាន «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទូលំទូលាយ​ដែល​ជួយ​ឲ្យ​មាន​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក​កាន់តែ​ស្មើភាព​បន្ថែម​ទៀត​»​។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​មួយ​ផ្សេង​ទៀត​ក៏ត្រូវ​សម្រេចបាន​ផងដែរ​ស្តីពី​ពាណិជ្ជកម្ម​ឌីជីថល ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នេះ មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ពន្ធគយ​អាមេរិក​លើ​រថយន្ត​ជប៉ុន​នោះទេ​។

ក្រុម​មន្ត្រី​អាមេរិក​កន្លងមក​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ពន្ធគយ​នឹង​ផ្តល់​ប្រយោជន៍​ដល់​កសិករ​អាមេរិក​ដែល​រង​ផលប៉ះពាល់​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និង​ចិន និង​ដែល​ជា​ក្រុម​ដ៏សំខាន់​ដែល​បោះឆ្នោត​គាំទ្រ​លោក ត្រាំ សាជាថ្មី​ក្នុង​ការបោះឆ្នោត​ក្នុង​ឆ្នាំ​ ២០២០៕ KC

អត្ថបទគួរចាប់អារម្មណ៍