ក្រុងវ៉ាស៊ីនតោនៈ លោក​ ដូណាល់ ត្រាំ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​តាមរយៈ​បណ្តាញ​សង្គម Twitter មុនពេល​ជំនួប​អាហារ​ពេល​ល្ងាច​មួយ​ជាមួយ​លោក​អគ្គនាយក Tim Cook ថា​ក្រុមហ៊ុន Apple ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​នឹង​ចំណាយ «​ទឹកប្រាក់​ក្នុង​បរិមាណ​ដ៏ច្រើន​» នៅ​សហរដ្ឋ​អាមេរិក​។

អ្នក​ទាំង​ ២ ​នេះ​បាន​ជួបគ្នា​ក្រៅ​ផ្លូវការ​ជាច្រើន​ដង​មកហើយ​ដែល​រួមទាំង​នៅក្នុង​ទីក្រុង Bedminster រដ្ឋ New Jersey ជា​កន្លែង​ដែល​លោក ត្រាំ កំពុងស្ថិត​ក្នុងពេល​ឈប់​សម្រាក​ពី​ការងារ និង​កំពុង​លេង​វាយកូនគោល​។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​។

លោក​បាន​សរសេរ​នៅលើ Twitter នៅ​ម៉ោង​ប្រហែល ៧ ល្ងាច​ម៉ោង​នៅ​អាមេរិក​ថា​៖ «​កំពុង​បរិភោគ​អាហារ​ល្ងាច​ជាមួយ​លោក Tim Cook ប្រធាន​ក្រុមហ៊ុន Apple ។ ពួកគេ​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ក្នុង​បរិមាណ​ដ៏ច្រើន​នៅ​អាមេរិក​។ អស្ចារ្យ​ណាស់​»​។

ជំនួប​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​សេចក្ដី​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​ក្រុមហ៊ុន Apple ថា ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​ប្រហែល ៦០ ​ពាន់​លាន​ដុល្លារ​នៅ​អាមេរិក ហើយ​បច្ចុប្បន្ន​ផ្ដល់​ការងារ​ប្រហែល ៩០ ០០០ នាក់​នៅក្នុង​ប្រទេស​នេះ​។

ផលិតផល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​ពិភពលោក​មួយ​នេះ​ភាគច្រើន​ត្រូវ​ដំឡើង​នៅក្នុង​ប្រទេស​ចិន ហើយ​ក្រុមហ៊ុន​នេះ​ជំទាស់​នឹង​ការដក​ហូតពន្ធ​នាំចូល​ដែល​នឹង​ធ្វើ​ឡើង​នៅពេល​ខាងមុខ​ពោល​គឺជា​បញ្ហា​មួយ​ដែល​លោក​ ត្រាំ មិន​អាច​បញ្ឈប់​ការគិត​បាន​ដែល​អត្រា​នឹង​ត្រូវ​ដកហូត​នេះ​មាន​ចំនួន ១០ ភាគរយ​លើ​ទំនិញ​ដែល​ផលិត​នៅក្នុង​ប្រទេស​ចិន​ដែល​គ្រោង​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃទី​ ១ ខែ​កញ្ញា​។

លោក​ប្រធានាធិបតី ត្រាំ បាន​ច្រាន​ចោលការ​អំពាវនាវ​របស់​ក្រុមហ៊ុន Apple ឲ្យ​មាន​ការលើក​លែង​លើ​ផលិតផល​របស់​ខ្លួន​ដោយ​លោក​បាន​សរសេរ​នៅលើ Twitter កាលពី​ខែ​កក្កដា​ថា​ក្រុមហ៊ុន​នេះ​គួរតែ «​ផលិត​ផលិតផល​ទាំងនោះ​នៅ​អាមេរិក​។ គ្មាន​ការដក​ហូតពន្ធ​នាំចូល​ទេ​!»​។

ប៉ុន្តែ​រដ្ឋបាល​របស់​លោក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា ពន្ធ​នាំចូល​លើ​ទំនិញ​មួយ​ចំនួន​នឹងត្រូវ​ពន្យារពេល​រហូតដល់​ខែធ្នូ​ចុងឆ្នាំ​នេះ​។

ក្រុមហ៊ុន Apple មិន​បាន​ឆ្លើយតប​ភា្លមៗ​ទៅ​នឹង​សំណើសុំ​ការអត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ ហើយ​លោក ត្រាំ មិន​បាន​សរសេរ Twitter ជាថ្មី​អំពី​ជំនួប​នេះ ឬអ្វី​ដែល​ត្រូវ​បាន​ពិភាក្សា​នោះ​ដែរ​៕ LA