ភ្នំពេញៈ រោងចក្រផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យអនុភាព ៦០ មេហ្គាវ៉ាត់នៅខេត្តបាត់ដំបង ត្រូវបានដាក់ឱ្យដំណើរការហើយកាលពីសប្តាហ៍មុន ដែលនាំឱ្យថាមពលអគ្គិសនីពីសូឡាតភ្ជាប់មកបណ្តាញជាតិកើនដល់ ៣២០ មេហ្គាវ៉ាត់។
ស្ថានីយផលិតអគ្គិសនីពីសូឡានេះស្ថិតនៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង វិនិយោគដោយក្រុមហ៊ុន Risen Energy ដែលមានមូលដ្ឋាននៅប្រទេសចិន។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានឱ្យដឹងថា ស្ថានីយផលិតថាមពលសូឡាកម្លាំង ៦០ មេហ្គាវ៉ាត់ថ្មីនេះបានភ្ជាប់ចូលបណ្តាញជាតិតាមរយៈអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល តាមខ្សែបញ្ជូនតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុល ដែលមានប្រវែងប្រមាណ ២០ គីឡូម៉ែត្រ។ នេះជាផ្នែកមួយនៃផែនការថាមពលសូឡាសរុប ៤៥០ មេហ្គាវ៉ាត់ ដែលត្រូវតភ្ជាប់ទៅក្នុងបណ្តាញជាតិក្នុងឆ្នាំ ២០២២។
លោកឱ្យដឹងថា៖ «នេះគឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជាអគ្គិសនីកម្ពុជាក្នុងការបង្កើនល្បាយថាមពលកកើតឡើងវិញផលិតចេញពីពន្លឺព្រះអាទិត្យឱ្យមានភាគរយកាន់តែច្រើនយ៉ាងតិច ៤៥០ មេហ្គាវ៉ាត់ នៅមុនដាច់ឆ្នាំ ២០២២។ នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញថាផែនការអនាគតរបស់យើងនឹងដាក់ពង្រាយថាមពលស្អាតឱ្យបានកាន់តែច្រើនចូលទៅក្នុងប្រព័ន្ធបណ្តាញជាតិ»។
លោកឱ្យដឹងទៀតថា ថាមពលសូឡា ៦០ មេហ្គាវ៉ាត់នេះនឹងផ្តល់ប្រភពផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរភាព គុណភាពកាន់តែប្រសើរជាងមុន ពិសេសនៅក្នុងស្រុកថ្មគោល ស្រុកបវេល និងទីប្រជុំជននៅក្នុងខេត្តបាត់ដំបង។
លោកថ្លែងថា៖ «ជាលក្ខណៈសង្គម រោងចក្រនេះនឹងជួយបង្កើតការងាររាប់រយកន្លែងឱ្យប្រជាពលរដ្ឋដើម្បីមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមអំឡុងពេលការរាតត្បាតជំងឺកូវីដ ១៩ ហើយវាក៏នឹងជួយទ្រទ្រង់សេដ្ឋកិច្ចឱ្យមានការរីកចម្រើនបន្តទៀត ពិសេសវិស័យឧស្សាហកម្មដែលនៅពេលអនាគតនឹងចាំបាច់ត្រូវការល្បាយថាមពលស្អាតដើម្បីគាំទ្រដល់ដំណើរការផលិតកម្មរបស់ខ្លួន»។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុន Risen Energy វិនិយោគសាងសង់រោងចក្រថាមពលសូឡាកម្លាំង ៦០ មេហ្គាវ៉ាត់នៅក្នុងខេត្តបាត់ដំបង ក្រោមទុនវិនិយោគ ៥០,៩ លានដុល្លារ កាលពីខែឧសភា ឆ្នាំមុន។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលចុងខែធ្នូថា ក្រុមហ៊ុន Risen Energy ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យវិនិយោគលើគម្រោងថាមពលសូឡា ៦០ មេហ្គាវ៉ាត់នេះ កាលពីខែកក្កដា ឆ្នាំ ២០១៩ ក្នុងសម័យប្រជុំពេញអង្គនៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកបន្ថែមថា គម្រោងនេះស្ថិតក្រោមរូបភាពសាងសង់ កាន់កាប់ ប្រតិបតិ្តការ ដែលមានសម្បទានក្នុងរយៈពេល ២០ ឆ្នាំជាមួយអគ្គិសនីកម្ពុជា។
លោកបញ្ជាក់ថា៖ «ក្រុមហ៊ុននេះក៏បានចុះកិច្ចព្រមព្រៀងទិញ-លក់រួចរាល់ហើយជាមួយអគ្គិសនីកម្ពុជាក្នុងតម្លៃ ៧,៦ សេនដុល្លារ ១ គីឡូវ៉ាត់ម៉ោង ជាមួយអគ្គិសនីកម្ពុជា»។
បើតាមលោក ហ្សូនា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីឆ្នាំនេះ។ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីបាន ៣ ០០០ មេហ្គាវ៉ាត់នៅរដូវវស្សា និង ២ ២០០ មេហ្គាវ៉ាត់នៅរដូវប្រាំង។
លោកបន្ថែមថា៖ «យើងនឹងមិនមានបញ្ហាកង្វះការផ្គត់ផ្គង់ទេ ព្រោះការផ្គត់ផ្គង់របស់យើងបានលើសផែនការ ហើយបើមានតម្រូវការលើសពីនេះយើងនឹងអាចនាំចូលពីប្រទេសជិតខាងបន្ថែម»៕ LA