ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ថាមពល​ថៃ លោក Sontirat Sontijirawong បាន​ឲ្យ​ដឹងថា លោក​នឹង​ជួបពិភាក្សា​ជាមួយ​កម្ពុជា​នៅថ្ងៃ​នេះ ទាក់ទង​នឹង​ការ​អភិវឌ្ឍន៍​គម្រោង​ថាមពល​រួមគ្នា​នៅ​តំបន់​ដែល​អះអាងថា​ត្រួត​ស៊ីគ្នា​នៅ​ព្រំដែន​សមុទ្រ ដើម្បី​ផលប្រយោជន៍​រួម​។ នេះ​បើ​តាម​សេចក្តី​រាយកាណ៍​របស់​កាសែត The Nation ថៃ​។

ការលើក​ឡើង​នេះ ខណៈ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ស្តីពី​ថាមពល​លើក​ទី​ ៣៧ ​នៅ​ទីក្រុង​បាងកក បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៦ ខែ​កញ្ញា​។

យោងតាម​សេចក្តី​រាយការណ៍ ប្រធានបទ​សំខាន់​ក្នុងជំនួប​នេះ​គឺ​តម្រូវការ​ថាមពល​អគ្គិសនី​របស់​ប្រទេស​កម្ពុជា​សម្រាប់​កំណើនសេដ្ឋកិច្ច​នៅពេល​អនាគត​។ ប្រទេស​ទាំង​ ២ ​នឹង​ជជែក​អំពី​ការផលិត និង​ពាណិជ្ជកម្ម​អគ្គិសនី​សម្រាប់​ប្រទេស​កម្ពុជា​។

លោក Sontirat បាន​ប្រាប់​កាសែត​ The Nation ថា ប្រទេស​ថៃ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​វិនិយោគ​គម្រោង​ថាមពល បើ​ប្រទេស​កម្ពុជា​ដើរ​តាម​គម្រោង​របស់​ខ្លួន​ក្នុង​ការសាងសង់​​រោងចក្រ​ច្រើន​ថែមទៀត​។

លោក​ថ្លែងថា​៖ «​ក្នុងជំនួប​នេះ យើង​នឹង​ពិភាក្សា​ពី​កិច្ចសហការ​ថាមពល​រវាង​ប្រទេស​ទាំង​ ២ មិនមែន​សេចក្តី​សម្រេច​ចុងក្រោយ​ទេ​។ កិច្ចសហប្រតិបត្តិការ​ថាមពល​នេះ​គឺជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ពី​បញ្ហា​ដែល​បាន​កើតឡើង​រង្វង់ ២០ ទៅ​ ៣០ ​ឆ្នាំ​មកហើយ​»​។

បើតាម​កាសែត The Nation កម្ពុជា​ចាប់អារម្មណ៍​ទិញ​អគ្គិសនី​ពី​ប្រទេស​ថៃ និង​វិនិយោគ​រួមគ្នា​គម្រោង​សាងសង់​រោងចក្រ​ថាមពល​ផលិត​អគ្គិសនី​ពី​ធ្យូង​ថ្ម​នៅ​កោះកុង​នៅក្បែរ​ព្រំដែន​ថៃ​។

ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​គោលបំណង​ផលិត​ថាមពល​អគ្គិសនី ២៣ ​ភាគរយ​ក្នុង​រយៈពេល​ ៦ ​ឆ្នាំ ខណៈ​ប្រទេស​ថៃ​មានបំណង​ផលិត​រហូត​ដល់ ៣០ ​ភាគរយ​។ ប្រទេស​ថៃ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​អ្នក​នាំមុខគេ​ក្នុង​ការផលិត​ថាមពល​នៅក្នុង​តំបន់ ជាពិសេស​ការទាញ​ថាមពល​ពី​ប្រភព​ធម្មជាតិ​។

សេចក្តីរាយការណ៍​មិនបាន​បញ្ជាក់​ពី​គម្រោង​អភិវឌ្ឍន៍​នៃ​ប្រភព​ថាមពល​​ជាមួយ​កម្ពុជា​នេះ ប៉ុន្តែ​បើ​តាម​ការលើក​ឡើង​របស់​លោក Sontirat Sontijirawong ទំនង​ជា​សំដៅ​ដល់​ការដោះស្រាយ​បញ្ហា​តំបន់​ប្រេង​ក្នុង​សមុទ្រ​រវាង​ប្រទេស​ទាំង​ ២ ​ដែល​មិនទាន់​បាន​ឯកភាព​គ្នា​ជា​យូរ​មកហើយ​។

មិនអាច​ទាក់ទង​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

បច្ចុប្បន្ន​កម្ពុជា​នៅ​មិនទាន់​អាច​ផលិត​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ដោយ​ខ្លួនឯង​ទេ ដែល​ធ្វើឲ្យ​ប្រទេស​ពឹង​មួយផ្នែក​លើ​ការ​នាំចូល​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​៕