The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ថៃ​នឹង​ភ្ជាប់​សេវា​ដឹក​ជញ្ជូន​ថ្មី​មក​សៀមរាប

ថៃ​នឹង​ភ្ជាប់​សេវា​ដឹក​ជញ្ជូន​ថ្មី​មក​សៀមរាប

Content image - Phnom Penh Post
ទេសចរ​បរទេស​កំពុង​អង្គុយ​មើល​​ទិដ្ឋភាព​​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត​នា​ពេល​កន្លង​មក។

ថៃ​នឹង​ភ្ជាប់​សេវា​ដឹក​ជញ្ជូន​ថ្មី​មក​សៀមរាប

ភ្នំពេញៈ ប្រទេស​ថៃ​បាន​ប្រកាស​ពី​ផែនការ​ដំណើរការ​សេវា​រថយន្ត​ក្រុង​តភា្ជប់​ទីក្រុង​បាងកក​ទៅ​កាន់​ខេត្ត​ស៊ីសាកេត និង​ខេត្ត​សៀមរាប ខណៈ​ការ​សាងសង់​ផ្លូវ​ត​ភ្ជាប់​ពី​ខេត្ត​ស៊ីសាកេត​ទៅ​កាន់​ខេត្ត​សៀមរាប​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៥។

លោក Arkhom Termpittayapisit ប្រាប់​កាសែត​បាងកក​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ផ្លូវ​ប្រវែង​៧,៥​គីឡូម៉ែត្រ​ចេញពី​ស្រុក Phusing ខេត្ត​ស៊ីសាកេត ត​ភ្ជាប់​មក​កាន់​ខេត្ត​សៀមរាប​គឺ​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​ធ្វើ​សមាហរណកម្ម​អាស៊ាន​នៅ​ចុង​ឆ្នាំ​នេះ។

លោក​លើក​ឡើង​ថា ក្រសួង​ដឹក​ជញ្ជូន​ថៃ​គ្រោង​នឹង​បើក​ដំណើរការ​សេវា​រថយន្ត​ក្រុង​នៅ​លើ​ផ្លូវ​បាងកក-ស៊ីសាកេត-សៀមរាប​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទស្សនា​របស់​ប្រជាជន​រវាង​ប្រទេស​ទាំង​ពីរ​នេះ។

ការ​សាងសង់​ផ្លូវ​បាន​ចាប់​ផ្ដើម​តាំងពី​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​មុន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ខែ​វិច្ឆិកា​នៅ​ឆ្នាំ​នេះ។

លោក ឆឺយ ឆន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ផ្លូវ​នេះ​ភ្ជាប់​ខេត្ត​ស៊ីសាកេត​ទៅ​កាន់​ខេត្ត​ឧត្តរមានជ័យ​បន្ទាប់​មក​ទៅ​កាន់​ខេត្ត​សៀមរាប​តាម​ច្រក​អន្តរជាតិ​ជាំសាង៉ាំ​ឬ​ច្រក​អូរ​ស្មាច់​ខេត្ត​ឧត្តរ​មានជ័យ។

លោក​បាន​ថ្លែងថា បន្ទាប់​ពី​ភ្ជាប់​ផ្លូវ​នេះ វា​នឹង​ក្លាយ​ជា​ច្រកទ្វារ​ផ្សេង​ទៀត​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ពី​ប្រទេស​ថៃ​ទៅ​ខេត្ត​សៀមរាប នឹង​ការ​ឆ្ពោះ​ទៅ​កាន់​ច្រក​ត្រួត​ពិនិត្យ​អន្តរជាតិ​ប៉ោយប៉ែត។

លោក​លើក​ឡើង​ថា៖ «ជា​ធម្មតា​មាន​តែ​ភ្ញៀវ​ទេសចរ​ថៃ​ប៉ុណ្ណោះ​ចូលមក​តាម​ច្រក​ព្រំ​ដែន​ពីរ​ទៅ​កាន់​កាស៊ីណូ​នៅ​ខេត្ត​ឧត្តរ​មានជ័យ។ ពេល​មាន​ផ្លូវ​និង​ខ្សែ​រថយន្ត​ក្រុង យើង​នឹង​មើល​ឃើញ​ភ្ញៀវ​ទេសចរ​បរទេស​កាន់​តែ​ច្រើន​ចូល​មក​តាម​ច្រក​ព្រំដែន​នេះ​មក​ពី​ខេត្ត​ស៊ីសាកេត​ទៅ​ខេត្ត​សៀមរាប»។

ច្រក​ជាំ​សា​ង៉ាំ​ដែល​ឆ្លងកាត់​ព្រំដែន​ឆ្ពោះ​ទៅ​ប្រាសាទ​អង្គរវត្ត​កាត់​តាម​ផ្លូវ​ជាតិ​លេខ​៦៧​មាន​ចម្ងាយ​ប្រហែល​១៣៥​គីឡូ​ម៉ែត្រ។

លោក អាង គឹមអៀង ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ផ្លូវ​កាន់​តែ​ល្អ និង​ខ្សែ​រថយន្ត​កាន់​តែ​ច្រើន​មាន​ន័យ​ថា​ជា​ការ​ផ្លាស់​ប្តូរ​ទេសចរណ៍ និង​ការ​ជួញ​ដូរ​កាន់​តែ​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ។ លោក​បន្ថែម​ថា៖ «វា​នឹង​ជួយ​សម្រួល​ដល់​ការ​មក​ដល់​របស់​ប្រជាជន និង​ទំនិញ​រវាង​ប្រទេស​ថៃ និង​កម្ពុជា»។

ប៉ុន្តែ​លោក​បាន​ថ្លែងថា តាម​រយៈ​ការ​ពង្រីក​ខ្សែ​បណ្ដាញ​ទេសចរណ៍​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា ប្រទេស​ថៃ​សំដៅ​លើក​កម្ពស់​ទិសដៅ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន​របស់​ពួក​គេ​ជាមួយ​នឹង​អាទិភាព​ប្រាសាទ​បុរាណ​របស់​គេ​ដែល​មាន​ចម្ងាយ​ ១០០​ គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​ពី​ខេត្ត​សៀមរាប។

លោក​បន្ថែម​ថា៖ «យុទ្ធសាស្ដ្រ​របស់​ពួក​គេ​នឹង​ត​ភ្ជាប់​ទីតាំង​ប្រាសាទ​បុរាណ​របស់​ពួក​គេ​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​ឦសាន​របស់​ប្រទេស​ថៃ​មក​កាន់​ទីតាំង​ប្រាសាទ​នៅ​ក្នុង​ខេត្ត​សៀមរាប។

ធ្វើ​ដូច​នេះ​ពួក​គេ​អាច​ធ្វើ​ដំណើរ​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ជុំវិញ​ប្រាសាទ​បុរាណ​របស់​យើង ហើយ​ជា​លទ្ធផល​នឹង​រក្សា​ភ្ញៀវ​ទេសចរ​ស្នាក់នៅ​កាន់តែ​យូរ​នៅក្នុង​ប្រទេស​ថៃ និង​កាន់​តែ​មាន​រយៈពេល​ខ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

បច្ចុប្បន្ន​ក្រុមហ៊ុន Trans-port Co Ltd គ្រប់គ្រង​ដោយ​ប្រទេស​ថៃ​នឹង​ប្រតិបត្តិការ​សេវា​រថយន្ត​ក្រុង​ពីរដង​ប្រចាំ​ថ្ងៃ​មក​កាន់​ខេត្ត​សៀមរាប​និង​ប្រចាំ​ថ្ងៃ​មក​កាន់​ទីក្រុង​ភ្នំពេញ​ដែល​ដំណើរការ​កាត់​តាម​ក្រុង Aranyaprathet ខេត្ត​ស្រះកែវ និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មានជ័យ​របស់​កម្ពុជា​៕PB

អត្ថបទគួរចាប់អារម្មណ៍