ភ្នំពេញៈ រដ្ឋាភិបាលថៃ នឹងចាប់ផ្ដើមការចរចាជាមួយកម្ពុជា ឡើងវិញស្ដីពីតំបន់ប្រេងដែលត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃ បន្ទាប់ពីប្រើពេលជាងមួយទសវត្សរ៍មក។
ផែនការនេះធ្វើឡើងបន្ទាប់ពីទស្សនកិច្ចមក ទីក្រុងភ្នំពេញ របស់លោក Tanasak Patimapragorn ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេសថៃ ជាមួយក្រុមគណៈប្រតិភូ កាលពីសប្ដាហ៍មុន។
កម្ពុជា និង ថៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ពីផែនការអភិវឌ្ឍន៍រួមគ្នានៅលើព្រំដែនត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃ កាលពី ឆ្នាំ២០០១។ កិច្ចព្រមព្រៀងនេះជំរុញឲ្យ ប្រទេសថៃ និង កម្ពុជា ដែលមានតំបន់សមុទ្រត្រួតស៊ីគ្នាចំនួន ២៦ ០០០ គីឡូម៉ែត្រការ៉េ អភិវឌ្ឍគម្រោងប្រេង និងឧស្ម័នរួមគ្នា។ ជាលទ្ធផលភាគីទាំងពីរមិនសម្រេចបានលទ្ធផលជាផ្លែផ្កាដែលបានពិភាក្សាគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនោះទេ។
ប៉ុន្តែរដ្ឋាភិបាលលោក Abhisit Vejjajiva បានលុបចោល MoU នេះ កាលពីថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ២០០៩ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រីថៃ ដែលត្រូវបានបណ្ដេញចេញពីអំណាចជាទីប្រឹក្សាសេដ្ឋកិច្ចផ្ទាល់របស់លោក។
លោក Kurujit Nakornthap អគ្គនាយកនៃនាយកដ្ឋានប្រេងឥន្ធនៈ និងរ៉ែ របស់ក្រសួងថាមពលថៃ ដែលជាគណៈប្រតិភូមកទស្សនកិច្ចកម្ពុជា បានប្រាប់ប្រព័ន្ធព័ត៌មានថៃថា នាយកដ្ឋាននេះសង្ឃឹមថា បន្ទាប់ពីទស្សនកិច្ចនេះ ក្រសួងការបរទេស នឹងតែងតាំងគណៈកម្មាធិការមួយដើម្បីចាប់ផ្ដើមការចរចាឡើងវិញជាមួយ ប្រទេសកម្ពុជា ស្ដីពីតំបន់អះអាងថា ត្រួតស៊ីគ្នាដើម្បីអត្ថប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះដោយសារតែវានឹងត្រូវការពេលវេលាតិចជាង ១០ឆ្នាំ ក្នុងការផលិតប្រេងចេញពីតំបន់នេះនៅពេលកិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា។
មន្ដ្រីថ្លែងថា ទស្សនកិច្ចនេះត្រូវបានចាត់ទុកថា ជាការបើកសករាជថ្មីមួយសម្រាប់ការចាប់ផ្ដើមការចរចាជាថ្មីអំពីតំបន់អះអាងត្រួតស៊ីគ្នានេះ ដែលត្រូវបានពន្យារពេលជាយូរមកហើយ។
លោក ម៉េង សកិ្ដធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា ថ្មីៗនេះក្រសួងមិនបានទទួលលិខិតជាផ្លូវការណាមួយពីភាគីថៃនោះទេ ប៉ុន្តែស្វាគមន៍ការចរចានេះ។
លោកបន្តថា៖ «យើងមិនបានជួបពួកគេទេនៅពេលអ្នកកំពុងស្ថិតនៅក្នុងទីក្រុង។ ប៉ុន្តែយើងស្វាគមន៍ពួកគេដោយសារតែយើងមានក្រុមការងារ និងអ្នកជំនាញបច្ចេកទេសរបស់យើងដើម្បីនិយាយអំពីកិច្ចព្រមព្រៀងនេះរួចហើយ»។
លោកបន្តថា៖ «ចំពោះការពិភាក្សានេះ យើងផ្តោតលើថា តើអ្វីដែលសំខាន់សម្រាប់ពួកយើងក្នុងការចរចានោះគឺថា តើត្រូវអភិវឌ្ឍតំបន់នោះដោយរបៀបណា? តើត្រូវបែងចែកអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងម៉េច? យើងមិនប្រាកដថា តើកិច្ចព្រមព្រៀងនេះនឹងសម្រេចបានក្នុងពេលឆាប់ៗនោះទេ»។
លោកបន្តថា៖ «វាអាស្រ័យលើភាគីទាំងពីរតើប្រទេសនីមួយៗមានសុភវិនិច្ឆ័យសម្រាប់ការអភិវឌ្ឍតំបន់នេះ។ ជំហររបស់យើងគឺថា យើងចង់អភិវឌ្ឍតំបន់នេះដោយសារយើងចាំបាច់ត្រូវទាញយកអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ប៉ុន្តែយើងមិនប្រាកដភាគីថៃនោះទេ យើងចាំបាច់ត្រូវបង្កើតយុទ្ធសាស្ដ្រនិងពេលវេលាឲ្យបានល្អ។
លោកបានគូសបញ្ជាក់ឲ្យដឹងទៀតថា៖ «ទីពីរ វាអាស្រ័យលើទិដ្ឋភាពនយោបាយផងដែរ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ថៃ នឹងមានបំណងល្អលើការចរចានេះឲ្យបានកាន់តែល្អប្រសើរជាងរដ្ឋាភិបាលមុន»។
ប្រភពមកពីក្រសួងថាមពលឲ្យដឹងថា ការចរចាគ្នាជាមួយកម្ពុជា ស្ដីពីតំបន់អះអាងត្រួតស៊ីគ្នាដែលគ្របដណ្ដប់លើផ្ទៃទឹក ២៦ ០០០ ម៉ែត្រការ៉េនឹងអនុវត្តតាមគោលការណ៍អនុស្សរណៈនៃការយោគយល់គ្នាកាលពី ឆ្នាំ២០១០ ដើម្បីបំបែកការចរចាជាពីរផ្នែក។ តំបន់ខាងលើនឹងត្រូវពិភាក្សាដោយយោធា សន្តិសុខ និងមន្ដ្រីក្រសួងការបរទេស ហើយផ្នែកក្រោមនឹងត្រូវបានចរចាគ្នាស្ថិតក្រោមទស្សនៈតំបន់អភិវឌ្ឍន៍រួម។
កន្លងមកកម្ពុជា បានផ្ដល់សិទ្ធិសម្បទានដល់ក្រុមហ៊ុនបារាំង Total ដើម្បីរុករកប្រេងនៅក្នុងតំបន់ត្រួតស៊ីគ្នានោះ៕