ក្រុងបាងកកៈ គណៈរដ្ឋមន្ត្រី​ថៃ​បាន​សម្រេច​កំណត់​តម្លៃ​អំពៅ​ចុងក្រោយ​ក្នុង​តម្លៃ ១០៨៣,៨៦ បាត (​ប្រហែល ៣៤,១៤ ដុល្លារ​) ក្នុង​មួយ​តោន​សម្រាប់​ឆ្នាំ​កែច្នៃ​អំពៅ ២០១៦-២០១៧ ​។ តម្លៃ​នេះ​ខ្ពស់​ជាង​តម្លៃ​ដែល​កំណត់​ដំបូង​។

លោក Nathporn Chatusripitak ទីប្រឹក្សា​របស់​រដ្ឋមន្ត្រី​នៃ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ថៃ​បាន​ឲ្យ​ដឹង​ថា​តម្លៃ​ចុង​ក្រោយ​នេះ​គឺ​សម្រាប់​ស្ករអំពៅ​ពាណិជ្ជកម្ម (CCS) ដែល​មាន​កម្រិត​ជាតិ​ផ្អែម ១០​។

ស្ករ​អំពៅ​ពាណិជ្ជកម្ម​វាស់វែង​កម្រិត​ជាតិ​ផ្អែម​របស់​អំពៅ​ដោយ​មាន​សមាសធាតុ​ស្ករ​កាន់តែ​ខ្ពស់​ធ្វើឲ្យ​មាន​ទិន្នផល​ស្ករស​កាន់តែ​ច្រើន និង​ទទួល​បាន​ស្ករអំពៅ​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​។

កាលពី​ថ្ងៃ​អង្គារ គណៈរដ្ឋមន្ត្រី​ថៃ​ក៏​បាន​កំណត់​កំណើន​តម្លៃ​អំពៅ​ដែល​ស្មើ​នឹង ៦៥,០៣ បាត​ក្នុង​មួយ​តោន​ផង​ដែរ​សម្រាប់​ស្ករអំពៅ​ពាណិជ្ជកម្ម​។

ប្រាក់​ចំណេញ​សម្រាប់​ផលិតកម្ម​ស្ករ និង​ការ​ចែកចាយ​ត្រូវ​បាន​កំណត់​ក្នុង​តម្លៃ ៤៦៤,៥១ បាត​ក្នុង​មួយ​តោន​សម្រាប់​អំពៅ​ដែល​ត្រូវ​បាន​កិន​។

ឧស្សាហកម្ម​ផលិត​ស្ករអំពៅ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ដោយ​រដ្ឋាភិបាល គិត​ចាប់​តាំងពី​មាន​ច្បាប់​ស្តីពី​អំពៅ និង​ស្ករស​កាលពី​ឆ្នាំ​ ១៩៨៤ មក​។

ផ្នែក​សំខាន់​នៃ​ច្បាប់​នេះ​រួម​មាន ការគ្រប់គ្រង​ផលិតផលកម្ម​អំពៅ ការ​បែងចែក​កូតាលក់ ការកំណត់​តម្លៃ​លក់​អំពៅ និង​ស្ករស និង​ប្រព័ន្ធ​បែងចែក​ប្រាក់​ចំណូល​។

តម្លៃ​អំពៅ​ត្រូវ​បាន​កំណត់​ផ្អែកលើ​មូលដ្ឋាន​ប្រចាំ​ឆ្នាំ​របស់​ការិយាល័យ​ក្រុមប្រឹក្សា​អំពៅ និង​ស្ករស និង​ត្រូវ​បាន​ប្រកាស​ក្នុង​ខែ​តុលា​។

ក្រុមប្រឹក្សា​នេះ​ព្យាករ​ពី​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការលក់​ស្ករស​ដើម្បី​កំណត់​តម្លៃ​អំពៅ​ជា​បឋម​។ តម្លៃ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រោងចក្រ​កែច្នៃ​ស្ករស ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​គណនា​តម្លៃ​បឋម​ដែល​ត្រូវ​ចំណាយ​ឲ្យ​កសិករ​។

នៅ​ចុង​វដ្ដ​ផលិតកម្ម​ស្ករស​ដែល​ជា​ធម្មតា​នៅ​ខែ​កញ្ញា​ក្រុម​ប្រឹក្សា​អំពៅ និង​ស្ករស វាយតម្លៃ​ឡើង​វិញ​លើ​ប្រាក់​ចំណូល​ពី​ការលក់​ស្ករ ហើយ​ប្រកាស​តម្លៃ​អំពៅ​ចុង​ក្រោយ​៕ BP