ក្រុង​បាងកកៈ រដ្ឋាភិបាល ថៃ ​បាន​ប្តេជ្ញា​ចិត្ត​វិនិយោគ​ទឹក​ប្រាក់​ ១១១,៩ ពាន់​លាន​បាត (ប្រហែល ៣,៥៩ ពាន់​លាន​ដុល្លារ) ក្នុង​គម្រោង​សាង​សង់​ ប្រតិបត្តិការ និង​ផ្ទេរ (BOT) មួយ​ ដើម្បី​ភ្ជាប់​ផ្លូវ​ដែក​រថភ្លើង​ល្បឿន​លឿន​ទៅ​ព្រលាន​យន្តហោះ​ដន​មឿង សុវណ្ណភូមិ និង​យូតាប៉ាវ ដើម្បី​បម្រើ​​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​​ខាង​កើត​របស់​រដ្ឋាភិបាល។

លោក Nathporn Chatusripitak អ្នក​នាំពាក្យ​របស់​លោក​ឧបនាយករដ្ឋ​មន្ត្រី Nathporn Chatusripitak បានថ្លែង​ថា ផ្លូវ​ដែក​រថភ្លើង​ល្បឿនលឿន​ថ្មី​នេះ នឹង​ត្រូវ​សាង​សង់​ស្ថិត​ក្រោម​គម្រោង​ភាព​ជា​ដៃគូ​រដ្ឋ-ឯកជន ដោយ​រដ្ឋាភិបាល​​នឹង​ចំណាយ​ ៣,៥៧ ពាន់​លាន​បាត​ដំបូង​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ដីធ្លី ហើយ​ទឹក​ប្រាក់​នៅ​សល់​ចំនួន ១០៨,៣៣​ ពាន់​លាន​បាត​ នឹង​ត្រូវ​ចំណាយ​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​បន្ទាប់ពី​រថភ្លើង​ចាប់​ផ្តើម​ប្រតិបត្តិការ។

គម្រោង BOT នេះ​ មានតម្លៃ ២២៤,៥៤ ពាន់​លាន​បាត និង​មានរយៈ​ពេល​សម្បទាន ៥០ ឆ្នាំ។

លោក Nathporn ដៃគូ​ឯកជន​នឹង​ត្រូវ​ប្រគល់​ភារកិច្ច​ឲ្យ​វិនិយោគ​ក្នុង​ការងារ​ស៊ីវិល ប្រព័ន្ធ​ផ្តល់​សញ្ញា រថភ្លើង ការ​អភិវឌ្ឍ​អចលនទ្រព្យ និង​ការ​ថែទាំ។

គណៈ​រដ្ឋមន្ត្រីថៃ កាល​ពីថ្ងៃ​អង្គារ​សប្តាហ៍​មុន ​បាន​អនុម័ត​លើ​គម្រោង​ផ្លូវ​ដែក​រថភ្លើង​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​ទៅ​កាន់​ព្រលាន​យន្តហោះ​ធំ​ទាំង​ ៣ ​នេះ និង​អនុម័ត​ទឹក​ប្រាក់ ៣,៥ ពាន់​លាន​បាត ដើម្បី​ផ្តល់​សំណង​ដល់​ដីធ្លី​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​នេះ៕ Bangkok Post/KC