ភ្នំពេញៈ ថៃបានលុបចោលកូតាជើងហោះហើរពាណិជ្ជកម្មមកកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមលុបចោលការរឹតបន្តឹងឲ្យស្របជាមួយនឹងកិច្ចព្រមព្រៀងអាកាសចរណ៍រវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខាកាលពីខែឧសភា។
លោក វណ្ណ ចន្ធី នាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៅរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល (SSCA) បានឲ្យដឹងកាលពីម្សិលមិញថា៖ «ប្រទេសយើងទាំងពីរបានយល់ព្រមលុបចោលកូតាលើជើងហោះហើរហើយក្រុមហ៊ុនអាកាសចរណ៍របស់យើងអាចហោះហើរដោយគ្មានការកំណត់»។
លើកមុនប្រទេសទាំងពីរបានកំណត់ចរាចរណ៍ផ្លូវអាកាស និងកំណើនទេសចរតាមរយៈការដាក់កូតាលើចំនួនជើងហោះហើរសរុប និងចំនួនកៅអីលើជើងហោះហើរដឹកអ្នកដំណើរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក ចន្ធី ឲ្យដឹងថាប្រទេសកម្ពុជាបានលុបចោលកូតាចំនួនកៅអី ៥៣០០ កន្លែងក្នុងមួយសប្ដាហ៍កាលពីដើមឆ្នាំនេះប៉ុន្តែត្រូវតែរង់ចាំប្រទេសថៃឆ្លើយតបសិន។ មន្ដ្រីអាកាសចរណ៍ថៃបានយល់ព្រមជាគោលការណ៍ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយសមភាគីកម្ពុជារបស់ខ្លួនកាលពីថ្ងៃទី ១៨ ខែឧសភា។
គណៈរដ្ឋមន្ដ្រីថៃបានចុះហត្ថលេខាលើសេចក្ដីសម្រេចនេះកាលពីថ្ងៃអង្គារ។ នេះបើតាមកាសែតបាងកកប៉ុស្ដិ៍។
លោក ចន្ធី បន្តថា៖ «ការប្រកាសដោយភាគីថៃក្នុងបំណងជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនដើម្បីលើកកម្ពស់ជើងហោះហើរកាន់តែច្រើនមកកម្ពុជា»។ លោកបន្ថែមថាការបង្កើនជើងហោះហើរទ្វេភាគី និងការលុបចោលកូតាកៅអីមានគោលបំណងលើកកម្ពស់ទេសចរណ៍ និងការវិនិយោគ និងការធានាការប្រកួតប្រជែងដោយស្នើភាពនៅក្នុងទីផ្សារនេះ។
ក្នុងអំឡុងកិច្ចប្រជុំកាលពីខែឧសភាប្រទេសទាំងពីរក៏បានយល់ព្រមអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍មកពីភាគីនីមួយៗអាចប្រើព្រលានយន្តហោះក្នុងប្រទេសទាំងពីរជាកន្លែងសំចតមុនពេលបន្តទៅកាន់ទិសដៅបន្តទៀតបាន។
លោកបញ្ជាក់ថា៖ «យើងបានជ្រើសរើសប្រទេសកូរ៉េខាងត្បូងជាទិសដៅមួយក្នុងចំណោមទិសដៅពីររបស់យើងប៉ុន្តែយើងមិនបានសម្រេចចិត្តថាក្រុមហ៊ុនអាកាសចរណ៍មួយណា [នឹងហោះហើរលើផ្លូវនេះ] ឬទិសដៅផ្សេងទៀតនោះទេ»។
នៅខាងប្រទេសថៃមិនទាន់បានប្រកាសទិសដៅណាមួយនៅឡើយទេ៕ LA