ក្រុង​បាងកកៈ ធនាគារកណ្តាល​​ថៃ​ បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​ផ្ទេរ​ប្រាក់​ឆ្លង​កាត់​ព្រំដែន​ជា​មួយ​ប្រទេស​ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង ​វៀតណាម (CLMV) តាម​រយៈ​​ការ​ស្កេ​ន​​កូដ QR ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​សមា​ហរណ​កម្ម​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​​​​ក្នុង​តំបន់​មួយ​នេះ។ នេះ​បើ​យោងតាម​ការ​សេចក្តីរាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍។

លោក Apisak Tantivorawong រដ្ឋ​មន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​ថៃបាន​​ថ្លែង​យ៉ាង​ដូច្នេះ​​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​ស្តីពី​ការ​ភ្ជាប់​ទីផ្សារ​មូល​ធន​ថៃ​ជា​មួយទីផ្សារ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់។

​កាសែត​បាងកក​ប៉ុស្តិ៍ បានរាយការណ៍​ដោយ​ដក​ស្រង់​សំដីរបស់ ​លោក Apisak ខណៈ​លោក​ថ្លែ​ង​ថា ​សេវា​ផ្ទេរប្រាក់​នេះ​នឹង​ជួយ​កាត់​បន្ថយការចំណាយ​លើ​​​ថ្លៃ​ផ្ទេរ​ប្រាក់​​​ក្នុង​តំបន់​ជា​ពិសេស​ពលករ​ចំណាក​ស្រុក​របស់​ប្រទេស​ CLMV ដែល​កំពុង​ធ្វើ​ការ​​ក្នុង​ប្រទេស​ថៃ ​ដែល​បច្ចុប្បន្ន​នេះមាន​កម្រៃ​សេវា​ផ្ទេរ​ប្រាក់​ ​១០ ​ភាគ​រយ​នៃ​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្ញើរ។

បច្ចុប្បន្ន​នេះ ធនាគារ​កណ្តាល​កម្ពុជា និង​ធនាគារ​កណ្តាល​ថៃ​កំពុង​ធ្វើការងារ​រួម​គ្នា​ដើម្បី​ដាក់​ចេញ​ប្រព័ន្ធ​ទូទាត់​កូដ QR ក្នុង​ឆ្នាំ ២០១៩។

លោក Apisak បាន​បញ្ជាក់​ថា ធនា​គារ​កណ្តាល​ថៃ​ក៏បាន​ស្នើ​ឲ្យ​​ប្រើ​ប្រាស់​រូបិ​យប័ណ្ណ​ក្នុង​ស្រុក​ផង​ដែរ​សម្រាប់​ការ​ទូទាត់​ពាណិជ្ជ​កម្មរ​វាង​ប្រទេស​ថៃ​និង​ប្រទេស CLMV ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រុម​ហ៊ុន​និង​កាត់​បន្ថយ​ហានិ​ភ័យ​ពី​បម្រែ​បម្រួល​រូបិ​យប័ណ្ណ​បរទេស។

ពាណិជ្ជ​កម្ម​ក្នុង​តំបន់​ បច្ចុប្បន្ន​នេះ​​​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិក​សម្រាប់​ការ​ទូ​ទាត់ ​ហើយ​ការណ៍​នេះ​​បាន​បន្ថែម​ការ​ចំណាយ​​​សម្រាប់​ប្រតិ​បត្តិ​ករ​​ដោយសារ​ការ​ដោះ​ដូរ​រូបិយ​ប័ណ្ណ។

បើ​យោតាមកាសែត​មួយ​នេះ ធនា​គារ​កណ្តាល​ថៃ​បាន​សម្រេច​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ធនាគារកណ្តាល​ ម៉ាឡេស៊ី​ សម្រាប់​​ការ​ទូទាត់​រូបិយ​ប័ណ្ណ​ក្នុង​ស្រុក​ដោយ​ផ្ទាល់​រវាង​ប្រាក់​បាត​និង​ប្រាក់​រីង​ហ្គី​ដរ​បស់​ម៉ាឡេស៊ី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។ កិច្ច​ព្រម​ព្រៀង​នេះ​ជា​កិច្ច​ព្រ​ម​ព្រៀង​ប្តូរ​ ​រូបិយ​ប័ណ្ណ​ទ្វេភាគី​​លើក​ដំបូង​​ក្នុង​ប្លុក​អាស៊ាន​ដែល​មាន​សមា​ជិក​ចំនួន​ ១០​ ប្រទេស៕ NS