The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ថាមពល​ជប៉ុន​ចុះ​ចេញ​ពី​តំណែង​ ដោយសារ​ពុករលួយ

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ថាមពល​ជប៉ុន​ចុះ​ចេញ​ពី​តំណែង​ ដោយសារ​ពុករលួយ

Content image - Phnom Penh Post
លោក Makoto Yagi ប្រធាន​ក្រុមហ៊ុន KEPCO បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​សារភាព​ថា​លោក និង​មន្ដ្រី​ប្រតិបត្តិ​ផ្សេងទៀត​បាន​ទទួល​ប្រាក់ និង​អំណោយ​មាន​តម្លៃ​ប្រហែល​​ ៣ ​លាន​ដុល្លារ​។ AFP

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ថាមពល​ជប៉ុន​ចុះ​ចេញ​ពី​តំណែង​ ដោយសារ​ពុករលួយ

ក្រុងតូក្យូៈ ប្រធាន​ក្រុមហ៊ុន​ថាមពល​ជប៉ុន​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​សារភាព​ថា​លោក និង​មន្ដ្រី​ប្រតិបត្តិ​ផ្សេងទៀត​បាន​ទទួល​ប្រាក់ និង​អំណោយ​មាន​តម្លៃ​ប្រហែល​​ ៣ ​លាន​ដុល្លារ​ពី​ទីក្រុង​មួយ​ដែល​មាន​រោងចក្រ​នុយក្លេអ៊ែរ​។

ប្រាក់ និង​អំណោយ​ត្រូវ​បាន​ផ្ដល់​ដល់​មន្ដ្រី​ប្រតិបត្តិ​ប្រហែល ២០ ​រូប​ក្នុង​រយៈពេល​ ៧ ​ឆ្នាំ​គិត​ចាប់ពី​ឆ្នាំ​ ២០១១ ដោយ​លោក​អតីត​អភិបាលរងក្រុង Takahama ជា​កន្លែង​ដែល​ក្រុមហ៊ុន Kansai Electric (KEPCO) មាន​រោងចក្រ​នុយក្លេអ៊ែរ​មួយ​នៅ​ទីនោះ​។

លោក Makoto Yagi ប្រធាន​ក្រុមហ៊ុន KEPCO បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​របស់ខ្លួន​ថា​៖ «​ខ្ញុំ និង (​លោក Shigeki នាយក​ក្រុមហ៊ុន KEPCO) លោក Iwane បាន​សម្រេច​ចិត្ត​ចុះចេញ​ពី​តំណែង ដើម្បី​បញ្ជាក់​ពី​ការទទួល​ខុសត្រូវ​លើ​ការគ្រប់គ្រង​របស់​យើង​លើ​ស្ថានការណ៍​នេះ​»​។

ការលាលែង​ពី​តំណែង​របស់​លោក Yagi ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ភ្លាមៗ ប៉ុន្តែ​លោក Iwane នឹង​បន្ត​តួនាទី​រហូត​ដល់​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​លើ​រឿងនេះ​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​។

អំណោយ​នេះ​បាន​បង្ហាញ​បន្ទាប់ពី​ការស៊ើបអង្កេត​ដោយ​អាជ្ញាធរ​ពន្ធ​លើ​លោក Eiji Moriyama ដែល​ជា​អតីត​អភិបាលរងក្រុង Takahama​។

ប្រព័ន្ធ​ព័ត៌មាន​ក្នុង​ស្រុក​បង្ហាញថា ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ពន្ធ​បាន​រកឃើញ​ថា​លោក Moriyama បាន​ទទួល​កម្រៃជើងសា​ ៣០០ ​លាន​យន់​ពី​ក្រុមហ៊ុន​សាងសង់​ក្នុង​ស្រុក​មួយ​ដែល​បាន​ជួល​គម្រោង​នេះ​នៅក្នុង​រោងចក្រ Takahama​។

លោក Moriyama តាម​ការរាយការណ៍​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ពន្ធ​ថា លោក​បាន​សម្រេចចិត្ត​ផ្ដល់​ដល់​មន្ដ្រី KEPCO នូវ​ទឹកប្រាក់​ក្នុង​ទម្រង់​ទាំង​សាច់ប្រាក់ និង​អំណោយ​ជា​និមិត្តរូប​នៃ​ការលើក​សរសើរ​របស់​លោក​។

លោក Yagi និង​លោក Iwane បាន​សុំ​អភ័យទោស​បន្ទាប់ពី​រឿង​អាស្រូវ​នេះ​បាន​បង្ហាញ ប៉ុន្តែ​ដំបូង​បាន​បដិសេធ​ការចុះ​ចេញពី​តំណែង​។

មន្ដ្រី​ប្រតិបត្តិ​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ផ្លាស់ប្តូរ​ចិត្ត​ពួកគេ​វិញ បន្ទាប់ពី​ត្រូវបាន​រិះគន់​យ៉ាង​ខ្លាំង និង​ការយល់ដឹង​ពី​ការខូចខាត​ត្រូវ​បាន​ធ្វើ​ឡើង​ដល់​ទំនុកចិត្ត​របស់​សាធារណជន​នៅក្នុង​ក្រុមហ៊ុន KEPCO​។

កាលពី​ថ្ងៃ​ពុធ​លោក Iwane បាន​សុំ​អភ័យទោស​ជាថ្មី​ម្ដងទៀត និង​បាន​ប្រាប់ថា​លោក​នឹង​គិតពី «​បេសកកម្ម​ចុងក្រោយ​» នៃ​ការបង្ហាញ​ការពិត​ទាំងស្រុង​របស់​រឿង​អាស្រូវ​នេះ​តាមរយៈ​ការសហការ​ជាមួយ​នឹង​គណៈកម្មាធិការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ដែល​គ្រោង​នឹង​ចេញ​របាយការណ៍​មួយ​នៅ​ខែ​ធ្នូ​ខាង​មុខ​។

ក្រុមមន្ដ្រី​ប្រតិបត្តិ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគេ​គ្រោង​នឹង​ប្រគល់​អំណោយ និង​ប្រាក់​ទាំងនេះ​វិញ «​ក្នុង​ពេលវេលា​ដ៏សមស្រប​មួយ​»​។

លោក Iwane ថ្លែងថា​៖ «​យើង​ខ្លាច​ក្រែង​ទំនាក់ទំនង​របស់​ពួកយើង​ជាមួយ​រដ្ឋាភិបាល​មូលដ្ឋាន​នឹង​ត្រូវ​ខូចខាត​» ប្រសិន​បើ​អំណោយ និង​ប្រាក់​ទាំងនេះ​ត្រូវបដិសេធ​។

វា​មិនត្រូវ​បានបញ្ជាក់​ភ្លាមៗ​នោះ​ថា តើ​ក្រុមហ៊ុន KEPCO ដែល​គ្រប់គ្រង​រោងចក្រ​នុយក្លេអ៊ែរ Takahama ជាមួយ​នឹង​ម៉ាស៊ីន​រ៉េអាក់ទ័រ​ ៤ នៅ​ខេត្ត Fukui ភាគ​កណ្ដាល​នឹង​ប្រឈម​ការដាក់​ទណ្ឌកម្ម​ដោយសារ​ឧប្បតិ្ត​ហេតុនេះ ឬ​យ៉ាង​ណា​ទេ​៕ LA

អត្ថបទគួរចាប់អារម្មណ៍