The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទណ្ឌកម្ម​អាមេរិក ​បន្លាច​ក្រុមហ៊ុន​របស់​អឺរ៉ុប​ចេញ​ពី​អ៊ីរ៉ង់

ទណ្ឌកម្ម​អាមេរិក ​បន្លាច​ក្រុមហ៊ុន​របស់​អឺរ៉ុប​ចេញ​ពី​អ៊ីរ៉ង់

Content image - Phnom Penh Post
ឡូហ្គោ​របស់​ក្រុមហ៊ុន Total នៅ​ការិយាល័យ​កណ្តាល​ក្នុង​ក្រុង​ប៉ារីស។ Total បាន​ដក​ខ្លួន​ជា​ផ្លូវ​ការ​ពី​ប្រទេស ​អ៊ីរ៉ង់​។ រូបថត AFP

ទណ្ឌកម្ម​អាមេរិក ​បន្លាច​ក្រុមហ៊ុន​របស់​អឺរ៉ុប​ចេញ​ពី​អ៊ីរ៉ង់

ក្រុង​ឡុងដ៍ៈ កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​របស់​​ប្រទេស អ៊ីរ៉ង់ តម្រូវ​​ឲ្យ​ដៃគូ​របស់​កិច្ច​ព្រមព្រៀង​នេះ​ចាត់​វិធានការ​​ ដើម្បី​បង្កើន​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ ប៉ុន្តែ​​ក្រុមហ៊ុន​របស់​អឺរ៉ុប​នៅ​តែ​​ភ័យ​ខ្លាច​អំពី​ការ​ប្រឈម​របស់​ក្រុមហ៊ុន​​ខ្លួន​ឯង​​ទៅ​នឹង​ការ​ដាក់​​ទណ្ឌកម្ម​របស់​អាមេរិក​។​ នេះ​បើ​តាម​ក្រុម​អ្នក​ជំនាញ​ដែល​បាន​ប្រាប់​​​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ឧត្តម​ក្រុម​ប្រឹក្សា​សន្ដិសុខ​ជាតិ​ (SNSC) របស់​ប្រទេស អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ពុធ បាន​បញ្ជូន​លិខិត​មួយ​ទៅ​ប្រទេស​ជា​ហត្ថលេខី​ផ្សេង​ទៀត​របស់​​កិច្ច​ព្រមព្រៀង​នេះ​ដោយ​លើក​ឡើង​ថា ខ្លួន​​បាន​​សម្រេច​ចិត្ត​​​ផ្អាក​អនុវត្ត​​ការ​ប្ដេជ្ញា​ចិត្ត​​ដែល​ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើ​ឡើង​​​​​ស្ថិត​​ក្រោម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ ដែល​​​​ការ​ផ្អាក​​ខ្លះ​ត្រូវ​ធ្វើ​ឡើង​ភា្លមៗ និង​ការ​ផ្អាក​ខ្លះ​ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី ​៦០ ថ្ងៃ​ក្រោយ ​ប្រសិន​បើ​​មិនមាន​ការ​បង្កើត​​​ភាព​​រីក​ចម្រើន​​​​ចំពោះ​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ​ទេ​។​

មេ​ដឹកនាំ​របស់​​ចិន បារាំង អាល្លឺម៉ង់ អង់គ្លេស និង​រុស្ស៊ី សុទ្ធ​តែ​បាន​ទទួល​លិខិត​នេះ​​​ទាំង​អស់ ប៉ុន្តែ​វា​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជា​ពិសេស​ជាមួយ​​បណ្ដា​ប្រទេស​អឺរ៉ុប ដែល​រហូត​​ដល់​ពេល​នេះ​​បាន​បង្ហាញ​​ពី​អសមត្ថភាព​​ក្នុង​ការ​​ផ្ដល់​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ទៅ​តាម​ការ​សន្យា​របស់​ទ្វីប​នេះ​។​

មូលហេតុ​សំខាន់​ គឺ​​​ភាព​ស្ទាក់ស្ទើរ​របស់​ក្រុមហ៊ុន​​ឯកជន​​​អឺរ៉ុប​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ង់​។​

លោកស្រី​មេធាវី​ Anahita Thoms បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា ក្រុមហ៊ុន​ទាំង​នេះ​បារម្ភ​អំពី​ «អ្វី​ដែល​ហៅ​ថា​ការ​ដាក់​ទណ្ឌកម្ម​​បន្ទាប់​បន្សំ​របស់​អាមេរិក​» ដោយ​សំដៅ​ដល់​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក ដែល​អនុវត្ត​ចំពោះ​អង្គភាព​​​មិនមែន​របស់​​អាមេរិក​ណា​​មួយ ដែល​ជាប់​ទាក់ទង​ក្នុង​ផ្នែក​​មួយ​ចំនួន​នៃ​សេដ្ឋកិច្ច​​​អ៊ីរ៉ង់​។​

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ស្តីពី​ទណ្ឌកម្ម​នៅ​ប្រទេស ​អាល្លឺម៉ង់ ​រូប​នេះ​បាន​ថ្លែង​ថា​៖ «​​ក្រុមហ៊ុន​ទាំង​នោះ​​ជួប​​បញ្ហា​ប្រឈម​ជាក់​ស្ដែង​ ដូច​ជា​ ការ​ស្វែងរក​ធនាគារ ​ក្រុមហ៊ុន​ដឹក​ជញ្ជូន ឬ​​ក្រុមហ៊ុន​ធានា​រ៉ាប់រង​»។​

បញ្ហា​ធនាគារ ​គឺ​ជា​ចំណុច​រសើប​ពិសេស​ដោយ​ធនាគារ​អឺរ៉ុប​ធំៗ​​មាន​ភាព​ប្រុងប្រយ័ត្ន​ខ្លាច​ប៉ះ​ទង្គិច​គ្នា​​ជាមួយ​អាជ្ញាធរ​អាមេរិក​។​

គ្រាន់​តែ​នៅ​ក្នុង​ខែ​មេសា ធនាគារ UniCredit របស់​ប្រទេស អ៊ីតាលី និង​ធនាគារ​ Standard Chartered ​របស់​ចក្រភព​អង់គ្លេស​ សុទ្ធ​តែ​ត្រូវ​បាន​​ផាក​ពិន័យ​ជាង ១​ ពាន់​លាន​ដុល្លារ​ពី​បទ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​នឹង​​ប្រទេស អ៊ីរ៉ង់ និង​​បណ្ដា​ប្រទេស​ផ្សេង​ទៀត​។​

ពាណិជ្ជកម្ម​មិន​អាច​ធ្វើ​ទៅ​រួច​

ស្ថានការណ៍​នេះ​​​កាន់​តែ​ពិបាក​ខ្លាំង​ឡើង​​ចាប់​តាំង​ពី​ឆ្នាំ​មុន នៅ​ពេល​អាមេរិក​បាន​បង្កើន​វិធានការ​ប្រឆាំង​នឹង​ឧស្សាហកម្ម​ប្រេង​ និង​វិស័យ​សំខាន់ៗ​របស់​អ៊ីរ៉ង់​ ដែល​រួម​មាន​ការ​ដឹក​ជញ្ជូន និង​អាកាស​ចរណ៍ រួម​ទាំង​ការ​រារាំង​​ក្នុង​​នីតិវិធី​ប្រតិបត្តិការ​​​ហិរញ្ញវត្ថុ​។​

លោក​ Olivier Dorgans ​មេធាវី​​ប្រចាំ​​ក្រុមហ៊ុន​ Hughes Hubbard & Reed បាន​ថ្លែង​ថា​៖ ​«ប្រព័ន្ធ​ហិរញ្ញវត្ថុ​​ប្រទេស​ អ៊ីរ៉ង់​ គឺ​ជា​កម្មវត្ថុ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​បន្ទាប់​បន្សំ​ទាំង​​នេះ ចាប់​តាំង​ពី​ខែ ​វិច្ឆិកា ឆ្នាំ ​២០១៨ មក ដែល​អនុវត្ត​​ចំពោះ​គ្រឹះស្ថាន​ធនាគារ​ទាំង​អស់ ​មិន​គ្រាន់​តែ​​ធនាគារ​របស់​អាមេរិក​​ប៉ុណ្ណោះ​ទេ ទោះ​បី​ជា​ប្រតិបត្តិការ​នេះ​ជា​រូបិយប័ណ្ណ​អឺរ៉ូ ឬ​រូបិយប័ណ្ណ​ផ្សេង​ទៀត​​ក៏​ដោយ​»។​

មេធាវី​នៅ​​ប្រទេស ​បារាំង ​រូប​នេះ​បាន​ថ្លែង​ថា៖ «​ការ​ដាក់​ទណ្ឌកម្ម​បន្ទាប់​បន្សំ​ទាំង​នេះ​ធ្វើ​ឲ្យ​វា​​មិន​អាច​ធ្វើ​ទៅ​បាន​សម្រាប់​គ្រឹះស្ថាន​អឺរ៉ុប​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ទោះ​បី​ជា​គ្រឹះស្ថាន​ទាំង​នេះ​​មិន​មាន​ទំនាក់​ទំនង​ធនាគារ​ជាមួយ​អាមេរិក​ក៏​ដោយ​»។​

ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​ច្បាប់​ Instex ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទីក្រុង​ប៉ារីស ទីក្រុង​បែរឡាំង​ និង​ទីក្រុង​ឡុងដ៍​ កាល​ពី​ចុង​ខែ​មករា ដើម្បី​ជួយ​សម្រួល​​ប្រតិបត្តិការ​រវាង​ប្រទេស​ អ៊ីរ៉ង់ និង​​ EU ​សម្រាប់​​​ផលិតផល​ដែល​​​​មិន​ត្រូវ​បាន​​ស្ថិត​ក្រោម​​ការ​ដាក់​ទណ្ឌកម្ម​បន្ទាប់​បន្សំ​ទាំង​នេះ តាមរយៈ​ការ​​ផ្គូផ្គង​ការ​នាំចេញ​ប្រេង និង​ឧស្ម័ន​របស់​អ៊ីរ៉ង់​ជាមួយ​ទំនិញ​របស់​ EU។​

ប៉ុន្តែ​​ Instex មិនមាន​អាជ្ញាប័ណ្ណ​ធនាគារ​ឡើយ ​ហើយ​អាស្រ័យ​ហេតុ​នេះ ត្រូវ​តែ​ពឹង​ផ្អែក​លើ​ធនាគារ​​ក្នុង ការ​ផ្ទេរ​​​មូលនិធិ ពោល​គឺ​ជា​សេវា​មួយ​ដែល​ធនាគារ​អឺរ៉ុប​មាន​ការ​​ប្រុងប្រយ័ត្ន​ក្នុង​ការ​​ធ្វើ​ការងារ​នេះ។​

លោក​ Michael Lyons ដែល​ជា​មេធាវី​នៅ​ទីក្រុង​ឡុងដ៍​​ប្រចាំ​​ក្រុមហ៊ុន​ Clifford Chance បាន​ព្រមាន​ថា៖ «​​វាហាក់​ដូចជា​​​មិន​ទំនង​ជា​ខ្លាំង​ដែល​​ថា EU នឹង​មាន​សមត្ថភាព​ធ្វើ​អ្វីៗ​បាន​​ច្បាស់លាស់​នៅ​ក្នុង​ដំណាក់​កាល​នេះ ដែល​នឹង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​គ្រប់គ្រាន់ ​ដើម្បី​ជំរុញ​ឲ្យ​​ក្រុមហ៊ុន​អឺរ៉ុប​កាន់​តែ​ច្រើន​ចូលរួម​ក្នុង​ប្រទេស អ៊ីរ៉ង់»។​

លោក​បន្ថែម​ថា៖ «​ជា​ពិសេស​នៅ​ពេល​នេះ​ក្នុង​កាលៈទេសៈ​ដែល​មាន​ចក្ខុវិស័យ​មួយ​ដែល​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​​បែក​បាក់​ និង​មាន​ការ​រឹត​បន្ដឹង​បរិស្ថាន​​ទណ្ឌកម្ម​​»។​

លោក​ Florence Parly រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស ​បារាំង​ មិន​បាន​ច្រាន​ចោល​​​លទ្ធភាព​​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​ EU ប្រឆាំង​នឹង​ប្រទេស​ ​អ៊ីរ៉ង់ ​​នោះ​ទេ ខណៈ​ដែល​នៅ​​ទីក្រុង​ឡុងដ៍ ​លោក​ Jeremy Hunt រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​អង់គ្លេស​បាន​លើក​​ឡើង​ពី «​ផល​វិបាក» ប្រសិន​បើ​​ទីក្រុង​តេអេរ៉ង់ លែង​​គោរព​តាម​​ការ​ប្ដេជ្ញា​ចិត្ត​​របស់​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​របស់​ខ្លួន​៕​ AFP/LA​

អត្ថបទគួរចាប់អារម្មណ៍