ភ្នំពេញៈ តម្លៃប្រេងពិភពលោកបាននៅបន្តធ្លាក់ចុះជិត៧ខែមកហើយចាប់តាំងពីខែមិថុនា ឆ្នាំ២០១៤ ធ្លាក់ចុះមកនៅក្រោម៥០ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងដែលធ្លាក់ចុះយ៉ាងគំហុកគិតចាប់តាំងពីឆ្នាំ២០០៩នេះមិនបានធ្វើឲ្យតម្លៃប្រេងនៅកម្ពុជាដែលតែងតែឡើងលឿនទៅតាមទីផ្សារពិភពលោកនោះប្រែប្រួលធំដុំនោះទេ។ អ្នកខ្លះអះអាងថា ស្ថានីយលក់ប្រេងសាំងក្នុងស្រុកឃុបឃិតគ្នាដើម្បីទទួលបានប្រាក់ចំណេញក្នុងអំឡុងពេលនេះ។
លោក ប៊ិន មណីមាលា អនុប្រធានផ្នែកគ្រប់គ្រងនៃកិច្ចការអាជីវកម្មរបស់ក្រុមហ៊ុន PTT (Cambodia) Limited ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនប្រេងសាំងឈានមុខគេមកពីប្រទេសថៃ បានផ្តល់បទសម្ភាសដាច់ដោយឡែកមួយជាមួយនឹង កាសែត ភ្នំពេញ ប៉ុស្តិ៍អំពីនិន្នាការនៃតម្លៃប្រេងពិភពលោក និងការលក់រាយក្នុងស្រុក។
ហេតុអ្វីបានជាតម្លៃប្រេងលក់រាយរបស់កម្ពុជាធ្លាក់ចុះយឺត? PTT ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ប្រេងសាំងធំៗនៅក្នុងទីផ្សារនេះ តើលោកបានផ្លាស់ប្តូរដល់កម្រិតណាហើយ? និងចាប់ផ្ដើមឡើងនៅពេលណា?
តម្លៃប្រេងពិភពលោកមិនគ្រាន់តែបានធ្លាក់ចុះទៅតាមកត្តាតម្រូវការទីផ្សារ និងការផ្គត់ផ្គង់ប៉ុណ្ណោះទេ ប៉ុន្តែតម្លៃប្រេងពិតប្រាកដគឺបានធ្លាក់ចុះយ៉ាងគំហុកចាប់ពីត្រីមាសទី៤ ឆ្នាំ២០១៤ផងដែរ។ ម្យ៉ាងវិញទៀតយើងអាចនិយាយថា វាជា «សង្គ្រាមតម្លៃ» ក្នុងអំឡុងពេលនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកទី៣ប្រឆាំងនឹងប្រទេសរុស្ស៊ី។
ដូច្នេះជាការឆ្លើយតបជាមួយនឹងភាពងាយប្រែប្រួលតម្លៃប្រេង ក្រុមហ៊ុន PTT មិនមែនជាអ្នករកស៊ីដ៏សំខាន់មួយនៃទីផ្សារប្រេងនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយើងតែងតែធ្វើការបន្ទាបថ្លៃឲ្យស្របទៅនឹងនិន្នាការទីផ្សារ ប៉ុន្តែមិនធ្វើស្របនឹងតម្លៃទីផ្សារនោះទេ។ ពិតណាស់ការផ្លាស់ប្តូររបស់យើងគឺពឹងលើកត្តាចំណាយរបស់យើងនៅក្នុងចរាចរណ៍ស្តុក ដោយយើងកំពុងប្រើប្រាស់នូវរូបមន្តតម្លៃគឺ «តម្លៃគិតជាមធ្យមភាគ ដោយយើងមិនអនុវត្តតាមរូបមន្ត សន្និធិចូលមុនចេញមុន (FIFO) ឬក៏ចូលក្រោយចេញមុន (LIFO)» នោះទេ។
តើលោកគិតថាការលក់រាយនៅពេលបច្ចុប្បន្ននៅកម្ពុជាស្របគ្នានឹងការធ្លាក់ចុះនៃតម្លៃប្រេងពិភពលោកបច្ចុប្បន្នឬទេ? បើមិនមែន តើហេតុអ្វី?
ជាការពិត តម្លៃលក់រាយបច្ចុប្បន្នរបស់យើងគឺមានដំណើរការធ្លាក់ចុះយឺតបន្តិចមែន ប៉ុន្តែដូចដែលខ្ញុំបានលើកឡើងខាងលើអ៊ីចឹងថា តម្លៃប្រេងបានធ្លាក់ចុះ មិនមែនធ្លាក់ចុះជាបណ្ដើរៗស្របទៅនឹងកត្តានៃតម្រូវការទីផ្សារ និងការផ្គត់ផ្គង់នោះទេ។ អាស្រ័យហេតុនេះក្នុងស្ថានការណ៍ដូចនោះ យើងមិនអាចមានលទ្ធភាពលក់បានច្រើននោះទេ ជាពិសេសចំនួនលក់ដុំ វាបានបណ្ដាលឲ្យការចំណាយក្នុងស្តុកទុកកាន់តែខ្ពស់ ដូច្នេះតម្លៃលក់រាយត្រូវតែមានដំណើរការយឺត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏យើងត្រូវតែធ្វើឲ្យស្របទៅតាមតម្លៃប្រេងពិភពលោក។
បច្ចុប្បន្ន រដ្ឋាភិបាលបានអំពាវនាវ ឬថែមទាំងបើកកិច្ចប្រជុំជាច្រើនជាមួយក្រុមហ៊ុនក្នុងការស្វែងរកលទ្ធភាពដើម្បីបញ្ចុះថ្លៃបន្ថែមទៀត។ តើអ្នកគិតថារដ្ឋាភិបាលបានជ្រៀតជ្រែកដល់ការកំណត់តម្លៃរបស់អ្នកក្នុងទីផ្សារសេរីនេះដែរឬទេ?
រដ្ឋាភិបាលមិនបានជ្រៀតជ្រែកចូលក្នុងការកំណត់តម្លៃណាមួយ ជាមួយក្រុមហ៊ុនប្រេងរបស់យើងនោះទេ ប៉ុន្តែ ពួកគេគ្រាន់តែអំពាវនាវឲ្យមានកិច្ចប្រជុំក្នុងការស្វែងរកលទ្ធភាព ឬការផ្ដល់យោបល់ក្នុងការបញ្ចុះតម្លៃប្រេងសាំង ខណៈដែលលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានថ្លែងសុន្ទរកថាជាសាធារណៈកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ក្នុងអំឡុងពិធីបើកដំណើរការរោងចក្រវារីអគ្គិសនីមានថាមពល៣៣៨មេហ្គាវ៉ាត់នៅខេត្តកោះកុងឲ្យមានការពិភាក្សាដើម្បីបន្តស្វែងរកលទ្ធភាពបញ្ចុះបន្ថែមទៀត។
សេដ្ឋវិទូបានសង្កេតឃើញថាការលក់ក្នុងស្រុកគួរតែតិចជាង៤ ០០០រៀលក្នុងមួយលីត្រធៀបនឹងការធ្លាក់ចុះនៃតម្លៃប្រេងពិភពលោកនៅពេលបច្ចុប្បន្ន។ តើលោកយល់យ៉ាងណាដែរ?
ជាការពិត យើងគ្រប់ៗគ្នានិយាយថាអាចលក់បាន វាមិនមែនជាការខុស និងត្រូវនោះទេ ប៉ុន្តែបញ្ហាសំខាន់គឺត្រង់ថា តើអ្នករស់ដូចម្ដេចនៅក្នុងអំឡុងតម្លៃប្រេងធ្លាក់ចុះនេះ។ អ្នកត្រូវសម្លឹងមើលទៅព្រៃឈើទាំងមូល មិនមែនសម្លឹងមើលទៅឈើមួយដើមនោះទេ។ នៅក្នុងអាជីវកម្មរបស់យើង យើងត្រូវតែសម្លឹងមើលទៅលើផលិតផលដ៏សំខាន់ទាំងអស់ និងវិស័យទាំងអស់ដើម្បីថ្លឹងថ្លែងពីតុល្យភាព មិនមែនសង្គ្រាមតម្លៃនោះទេ។
បើតាមខ្ញុំដឹងយើងមានក្រុមហ៊ុនផ្គត់ផ្គង់ប្រេងសាំងជាង ១០ នៅក្នុងប្រទេសកម្ពុជា មានមនុស្សមួយចំនួនបានត្អូញត្អែរថា ពេលណាដែលតម្លៃប្រេងពិភពលោកកើនឡើង ស្ថានីយប្រេងសាំងទាំងនោះបង្កើនតម្លៃលក់រាយភ្លាម។ តើលោកមានប្រតិកម្មតបយ៉ាងណាដែរ?
វាគឺជារឿងធម្មតារបស់អាជីវកម្ម រហូតមកដល់ពេលនេះតម្លៃប្រេងបានធ្លាក់ចុះជាច្រើនលើក ដែលគ្រាន់តែមានដំណើរការយឺតបន្តិច ឬលឿនវាអាស្រ័យលើតម្លៃស្ដុក។ ប៉ុន្តែវានៅតែល្អប្រសើរជាងតម្លៃរបស់ផលិតផលប្រើប្រាស់ផ្សេងៗទៀតដូចជា ការដឹកជញ្ជូន ផលិតផលប្រើប្រាស់។ល។ យើងអាចមើលឃើញថា មិនមានការធ្លាក់ចុះនោះទេ ទោះបីជាតម្លៃប្រេងបានធ្លាក់ចុះក៏ដោយ។
រដ្ឋាភិបាលអះអាងថាខ្លួនបានផ្ដល់ការឧបត្ថម្ភធនអស់រយៈពេលជាច្រើនឆ្នាំដើម្បីទប់ស្កាត់ការកើនឡើងតម្លៃលក់រាយ។ តើហេតុអ្វីបានជាតម្លៃរបស់យើងនៅតែខ្ពស់?
យើងមិនអាចប្រើប្រាស់ពាក្យថា៖ «ឧបត្ថម្ភធន» បានទេក្នុងអំឡុងពេលនេះ គឺវានឹងមានការភាន់ច្រឡំបើអ្នកពិតជាដឹងពីហេតុផលលើតម្លៃប្រេងបច្ចុប្បន្នធៀបនឹងមូលដ្ឋានពន្ធកំណត់តម្លៃប្រេងសាំងក្នុងតម្លៃ៧៨៥ដុល្លារអាមេរិកក្នុងមួយតោន និងតម្លៃប្រេងម៉ាស៊ូត៥៨០ដុល្លារអាមេរិកក្នុងមួយតោន ដែលនាយកដ្ឋានពន្ធគយនិងរដ្ឋាករយកពីយើង។ ពិតហើយថា អត្រាពន្ធ ការចំណាយដឹកជញ្ជូន និងការចំណាយប្រតិបត្តិការ ក៏ដូចជាការវិនិយោគ ដែលកត្តាទាំងអស់នេះហើយដែលធ្វើឲ្យការលក់របស់យើងនាំតែខ្ពស់។
កម្ពុជានឹងអាចបូមប្រេងបាននៅឆ្នាំ ២០១៨ ខាងមុខនេះ។ តើលោកគិតថា វានឹងជួយដល់ការពឹងលើការនាំចូលនិងការកាត់បន្ថយតម្លៃលក់រាយរបស់ប្រទេសនេះឬទេ?
ខ្ញុំមិនគិតអ៊ីចឹងទេ លុះណាតែរដ្ឋាភិបាលបានកំណត់បទប្បញ្ញត្តិត្រឹមត្រូវ ហើយការសិក្សាអំពីលទ្ធភាពនៃសេដ្ឋកិច្ចឲ្យបានប្រសើរ៕PB