ភ្នំពេញៈ វិនិយោគិន​ឥណ្ឌូនេស៊ី​ហាក់​បាន​មើល​រំលង​ឱកាស​​​វិនិយោគ​នៅ​កម្ពុជា​នា​ពេល​​​កន្លង​​មក​ ហើយ​ស្ទើរ​តែ​គ្មាន​គម្រោង​វិនិយោគ​ផ្ទាល់​ណា​មួយ​​បាន​ដាក់​ទុន​នៅ​កម្ពុជា​នៅ​ឡើយ​ ​ទោះ​បី​ជា​លំហូរ​ពាណិជ្ជកម្ម​ និង​ទេសចរ​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​ប្រចាំ​ឆ្នាំ​ក្តី។ នេះ​បើ​យោង​តាម​លោក Sudirman Haseng ឯក​​អគ្គ​រដ្ឋទូត​​​​ឥណ្ឌូនេស៊ី​ប្រចាំ​​នៅ​កម្ពុជា។

លោក Sudirman Hasen​g ត្រូវ​បាន​ស្រង់​សម្តី​នៅ​ក្នុង​សេចក្តី​រាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌​​មាន​រដ្ឋ​ឥណ្ឌូនេស៊ី ANT​ARA ថា​ មូលហេតុ​​​ធ្វើ​ឲ្យ​វិនិយោគិន​ឥណ្ឌូនេស៊ី​ មិន​បាន​ដាក់​​​ទុន​វិនិយោគ​នៅ​កម្ពុជា​​​ ដោយ​​សារ​ការ​យល់​ច្រឡំ​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​​​សក្កានុពល ខណៈ​​ពួក​គេ​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ពី​​​​ការ​អភិវឌ្ឍ​​របស់​កម្ពុជា​។

លោក Haseng ​បាន​ជំរុញ​ពាណិជ្ជករ​ឥណ្ឌូនេស៊ី​ និង​សហគ្រាស​រដ្ឋ​ឲ្យ​ចាប់​ផ្ដើម​ធ្វើ​ពាណិជ្ជកម្ម ​និង​វិនិយោគ​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ ដោយ​លើក​ឡើង​ថា ប្រទេស​នេះ​បាន​ទទួល​​កំណើន​សេដ្ឋកិច្ច​យ៉ាង​រហ័ស​ ជា​មធ្យម ​៧​ ភាគរយ​ក្នុង​មួយ​ឆ្នាំ​ ដែល​ខ្ពស់​ជាង​កំណើន​សេដ្ឋកិច្ច​របស់​​​​ឥណ្ឌូនេស៊ី។​

លោក Haseng ថ្លែង​ថា៖ «​ពាណិជ្ជករ​​​ឥណ្ឌូនេស៊ី ត្រូវ​តែ​ដើរ​តួនាទី​ដ៏​សំខាន់​​​ក្នុង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ ​សម្រាប់​អគារ​សាធារណៈ ទូរគមនាគមន៍ ​និង​បំពង់​បង្ហូរ​ឧស្ម័ន​នៅ​​ប្រទេស ​កម្ពុជា​»​។

លោក​បន្ត​ថា​៖ «​ក្រុមហ៊ុន​ និង​សហគ្រាស​រដ្ឋ​របស់​​​ឥណ្ឌូនេស៊ី ចាំបាច់​ត្រូវ​វិនិយោគ​លើ​វិស័យ​រុករក​​រ៉ែ​នៅ​​ទី​នេះ ដោយ​សារ​​​នៅ​​​មាន​​​ឱកាស​ច្រើន​ ឧទាហរណ៍​ រ៉ែ​មាស ​និង​ប្រេង​ ដែល​មិន​ទាន់​ត្រូវ​បាន​ទាញ​យក​គ្រប់គ្រាន់​​នៅ​ឡើយ​ទេ​នៅ​ទីនេះ»​។​

ទោះ​បី​ជា​មិន​មាន​ការ​វិនិយោគ​​​ឥណ្ឌូនេស៊ី​នៅ​​ប្រទេស​ ​កម្ពុជា ក៏​ដោយ ក៏​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​​ប្រទេស​ទាំង ​២ ​បាន​មើល​ឃើញ​​កំណើន ​២ ខ្ទង់​ប្រចាំ​ឆ្នាំ​ជា​មធ្យម​ចាប់​ពី​ឆ្នាំ ​២០១៣​ ដល់​ឆ្នាំ ​២០១៧។​

លោក Haseng ​ឯក​អគ្គ​រដ្ឋទូត​ បាន​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​​ឥណ្ឌូនេស៊ី​ និង​កម្ពុជា​ ​កើន​​ដល់​ ៥៤២,​២៣ ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ​២០១៧ ​កើន​ឡើង​ប្រហែល​ ​២០ ​ភាគរយ​​ធៀប​នឹង​ឆ្នាំ ​២០១៦ ដែល​មាន​​ចំនួន ​៤៥២,១៩ ​លាន​ដុល្លារ​។ នៅ​​​ក្នុង​អំឡុង​ពី​ខែ​មករា​ ដល់​ខែ​​តុលា​ ឆ្នាំ ​២០១៨​ ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង ​២ កើន​ឡើង​ដល់​ ៤៥៥,​៨៧ ​លាន​ដុល្លារ ​ភាគ​ច្រើន​តម្លៃ​​​ការ​នាំចេញ​ពី​ប្រទេស ​ឥណ្ឌូនេស៊ី ​​មក​កម្ពុជា​។​

ទំនិញ​ប្រើប្រាស់​មួយ​ចំនួន​ដែល​កម្ពុជា​នាំចេញ​ទៅ​​​ប្រទេស​​ឥណ្ឌូនេស៊ី រួម​មាន​សម្លៀក​បំពាក់ ​កៅស៊ូ ​និង​ស្បែក​ជើង ខណៈ​​ប្រទេស ​ឥណ្ឌូនេស៊ី ភាគ​ច្រើន​​នាំចូល​មក​កម្ពុជា​នូវ​​ផលិតផល​​អាហារ​កញ្ចប់ ​​ភេសជ្ជៈ​ ឱសថ អាវ​បាទិក​ និង​ទំនិញ​ប្រើប្រាស់​ផ្សេង​ទៀត​។​

ក្រៅ​ពី​ពាណិជ្ជកម្ម​ ភ្ញៀវ​ទេសចរ​​ឥណ្ឌូនេស៊ី​កាន់​តែ​ច្រើន​ បាន​មក​ទស្សនា​​ប្រទេស ​កម្ពុជា​​។ ចំនួន​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី​ ដែល​ទស្សនា​​កម្ពុជា​ កាល​ពី​ឆ្នាំ ​២០១៨ បាន​កើន​​ឡើង​ដល់ ​៥៥​ ៧៥៣ នាក់ ​ខណៈ​ភ្ញៀវ​ទេសចរ​កម្ពុជា​ ៨ ៨១៩ នាក់​បាន​ទៅ​ទស្សនា​​​​​ឥណ្ឌូនេស៊ី​​នៅ​​​ឆ្នាំ​ដដែល​នេះ។

លោក ​សៀង ​ថៃ​ អ្នក​នាំ​ពាក្យ​​ក្រសួង​ពាណិជ្ជកម្ម​​កម្ពុជា ​បាន​​ឯកភាព​នឹង​ការ​លើក​ឡើង​នេះ​​​កាល​ពី​ម្សិលមិញ​ដោយ​ថា ការ​វិនិយោគ​របស់​ប្រទេស ​ឥណ្ឌូនេស៊ី ​នៅ​​ប្រទេស ​កម្ពុជា​ គឺ​តិចតួច​ណាស់​ និង​មាន​សក្តានុពល​តិចតួច​បំផុត​ ដែល​​ប្រទេស​ កម្ពុជា ​អាច​ស្រូប​យក​បាន​។

ខុស​គ្នា​ពី​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ ដែល​​ក្រុម​វិនិយោគិន​របស់​ពួក​គេ​​បាន​បង្កើត​ហាង​លក់​នៅ​​កម្ពុជា លោក ​ថៃ ​បាន​ឲ្យ​ដឹង​ថា ​មិន​មាន​គម្រោង​ការ​​វិនិយោគ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណា​មួយ​នោះ​ទេ​ពី​​ប្រទេស ​ឥណ្ឌូនេស៊ី ​​មក​កម្ពុជា​​​។​

លោក​បន្ថែម​ថា ​​​កម្ពុជា​​ដឹង​អំពី​​អត្ថ​ប្រយោជន៍​នៃ​ការ​ទាក់ទាញ​​ការ​វិនិយោគ​កាន់​តែ​ច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ច ​ហើយ​​ក្រសួង​ពាណិជ្ជកម្ម ​នៅ​ចុង​ខែ​​មីនា នឹង​រៀបចំ​ព្រឹត្តិការណ៍​ផ្គូផ្គង​ពាណិជ្ជកម្ម​ សម្រាប់​​ក្រុមហ៊ុន​របស់​​​​កម្ពុជា​ និង​ឥណ្ឌូនេស៊ី​ ដោយ​សង្ឃឹម​ថា​នឹង​បង្កើន​ការ​យល់​​ដឹង​ដល់​ក្រុម​វិនិយោគិន​​​​ឥណ្ឌូនេស៊ី​​ជាង ​៥០ នាក់ អំពី​បរិយាកាស​វិនិយោគ​របស់​​កម្ពុជា​​។​

លោក​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​កាន់​តែ​ច្រើន​ មក​ពី​ប្រទេស​ទាំង​ ២ ​​នឹង​​ជួប​គ្នា​ទៅ​វិញ​​ទៅ​មក ​ពួក​គេ​​កាន់​តែ​ច្រើន​​យល់​ដឹង​ពី​សក្ដានុពល​អាជីវកម្ម​ ហើយ​យើង​សង្ឃឹម​ថា ការ​វិនិយោគ​នឹង​​មាន​កាន់​តែ​​ច្រើន​»៕​LA