
ទូកុងតឺន័រដឹកទំនិញនៅចំណតផែនៃកំពង់ផែភ្នំពេញនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ហេង ជីវ័ន
ភ្នំពេញៈ នៅពេលសារព័ត៌មានគាំទ្ររដ្ឋាភិបាល Fresh News បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងកម្ពុជាបានកើនឡើងដល់ ៣,៤៦ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧ ដែលកើនឡើងជាង ៨ ភាគរយធៀបនឹងឆ្នាំ ២០១៦ សារព័ត៌មានមួយនេះមិនប្រើប្រាស់ទិន្នន័យរបស់រដ្ឋាភិបាលនោះទេ។
ហើយទីភ្នាក់ងារព័ត៌មានរដ្ឋ AKP ក៏មិនប្រើប្រាស់ស្ថិតិរដ្ឋាភិបាលដែរនៅក្នុងការរាយការណ៍កាលពីខែវិច្ឆិកាដែលថា ពាណិជ្ជកម្មជាមួយប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ ២០១៧ ជិតដល់ ៥ ពាន់លានដុល្លារដែលបានកំណត់ដោយរដ្ឋាភិបាលទាំង ២។
ផ្ទុយទៅវិញពួកគេកំពុងពឹងផ្អែកលើទិន្នន័យគយបានពីរដ្ឋាភិបាលបរទេស ដែលបច្ចុប្បន្នរបាយការណ៍ជាប្រភពទិន្នន័យតែមួយគត់ដែលអាចរកបានសម្រាប់ទិន្នន័យពាណិជ្ជកម្មកាលពីឆ្នាំ ២០១៧ របស់ប្រទេសកម្ពុជា។
ខណៈប្រទេសជាច្រើនជុំវិញពិភពលោកបានចាប់ផ្ដើមធ្វើរបាយការណ៍តួលេខពាណិជ្ជកម្មពីឆ្នាំ ២០១៧ រដ្ឋាភិបាលកម្ពុជាមិនទាន់ចេញផ្សាយតួលេខណាមួយសម្រាប់រយៈពេល ៩ ខែចុងក្រោយឆ្នាំ ២០១៧ នោះទេ។
លោក ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងកាលពីម្សិលមិញថា៖ «កង្វះស្ថិតិមានគុណភាពគឺនៅតែជាបញ្ហារសើបនៅក្នុងប្រទេសរបស់យើង ហើយនេះត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ការកែលម្អ»។
ការមិនមានទិន្នន័យទាន់ពេលវេលាធ្វើឲ្យបាត់ទំនុកចិត្តចំពោះសាស្ដ្រាចារ្យ និងក្រុមវិនិយោគិនដែលពឹងផ្អែកលើព័ត៌មាននេះ និងបន្ថែមដល់ភ័ស្ដុតាងដែលបង្ហាញថា ភាគច្រើននៃពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរបស់កម្ពុជាមិនមានការត្រួតពិនិត្យ ហើយរាយការណ៍មិនបានគ្រប់គ្រាន់។
ការទទួលខុសត្រូវសម្រាប់ទិន្នន័យពាណិជ្ជកម្ម និងការអនុវត្ត ធ្លាក់លើនាយកដ្ឋានគយ និងរដ្ឋាករដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅពេលទាក់ទងកាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្វែរឲ្យសួរដោយផ្ទាល់ទៅនាយកដ្ឋានគយដែលមិនមានអ្នកនាំពាក្យ។ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករបានទេ។

ក្រាហ្វិកបង្ហាញពី ទិន្នន័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសមួយចំនួនតូច កាលពីឆ្នាំ ២០១៦ និង ២០១៧ ខណៈទិន្នន័យពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត មិនមានបង្ហាញ។ រូប ភ្នំពេញ ប៉ុស្តិ៍
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីសប្ដាហ៍មុនថា ក្រសួងរបស់លោកបានទទួលទិន្នន័យពីនាយកដ្ឋានគយតែសម្រាប់រយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០១៧ ប៉ុណ្ណោះ។
លោក ម៉ី កល្យាណ បានបញ្ជាក់ថា បញ្ហាទិន្នន័យគយបានកើតឡើងជាធម្មតានៅក្នុងប្រទេសជាច្រើន ខណៈទទួលស្គាល់ថា លោកបានឮការត្អូញត្អែរពី «ក្រុមវិនិយោគិនធំៗ» អំពីកង្វះព័ត៌មានផ្លូវការ លោកបានថ្លែងថា លោកមានសុទិដ្ឋិនិយមថា ការកែលម្អនឹងត្រូវបានធ្វើឡើងនៅក្នុងពេលអនាគតដ៏ខ្លី។ លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា ស្ថាប័នពាក់ព័ន្ធ [នឹងធ្វើការកែលម្អ] ជាមិនខាន ហើយយើងទទួលស្គាល់ថា វាត្រូវការពេលវេលា»។
លោកបន្តថា៖ «យើងតែងតែចង់កែលម្អឲ្យបានរហ័ស»។
ពាណិជ្ជកម្មខុសច្បាប់ ឬមិនរាយការណ៍បានបង្កឲ្យមានការបារម្ភដល់ឧស្សាហកម្មផ្សេងៗរបស់កម្ពុជានៅក្នុងរយៈពេលជាច្រើនឆ្នាំថ្មីៗនេះ។
កម្ពុជាត្រូវបានបង្ខំឲ្យមានការហាមឃាត់ការនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី នៅពាក់កណ្ដាលឆ្នាំ ២០១៧ បន្ទាប់ពីត្រូវបានគេរកឃើញថា ប្រទេសសិង្ហបុរីបាននាំចូលខ្សាច់ ៧៧ លានតោនពីប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៧ ខណៈកម្ពុជាបានកត់ត្រាចំនួនបន្តិចបន្តួចប៉ុណ្ណោះ។
ថ្មីៗនេះទិន្នន័យគយវៀតណាមបានរាយការណ៍ឈើហុបតម្លៃ ៤០ លានដុល្លារត្រូវបាននាំចូលពីប្រទេសកម្ពុជា ដែលជាការរំលោភជាក់ស្ដែងនៃការហាមឃាត់ការនាំចេញទូទាំងប្រទេសរបស់កម្ពុជាលើឈើហុបទៅប្រទេសវៀតណាម។ ដោយឡែកខាងកម្ពុជាទិន្នន័យនាំចេញឈើហុបទៅវៀតណាមមិនមានទេ។
អ្នកនៅក្នុងឧស្សាហកម្មកៅស៊ូដែលវិស័យនេះមាន ៣០០ លានដុល្លារបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីខែមុនថា ពួកគេមិនអាចរកបានប្រាក់ចំណេញដោយសារតែការរីករាលដាលការរត់ពន្ធកៅស៊ូទៅប្រទេសវៀតណាម ខណៈសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០១៧ ថា ការរត់ពន្ធអង្ករដែលមិនអាចគ្រប់គ្រងបាននៅកម្ពុជាពីប្រទេសវៀតណាមបានគំរាមកំហែងដល់ស្ថានភាពឧស្សាហកម្មស្រូវអង្ករទាំងមូល។
នៅក្នុងព្រឹត្តិការណ៍មួយដែលបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបកាលពីសប្ដាហ៍មុន មេដឹកនាំពាណិជ្ជកម្មបានត្អូញត្អែរថា ទំនិញក្លែងក្លាយហូរចូលមិនអាចរារាំងបាននៅក្នុងប្រទេសនេះកំពុងដណ្ដើមប្រាក់ចំណេញរបស់ពួកគេ។
លោក ឯម វុទ្ធី មន្ដ្រីក្រសួងមហាផ្ទៃដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះបានថ្លែងនៅក្នុងពេលនោះថា មន្ដ្រីគយភាគច្រើន «មិនមានបុគ្គលិកគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យនៅច្រកត្រួតពិនិត្យតាមព្រំដែននោះទេ»។
ឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍មិនធម្មតាជាច្រើន របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យដោយសារព័ត៌មាន ជប៉ុន Nikkei Asian Review បានសួរថា តើកម្ពុជាអាចក្លាយជា «មជ្ឈមណ្ឌលរត់ពន្ធសាច់គោជប៉ុន» ដែលកត់សម្គាល់ថា ប្រទេសនេះគឺជាប្រទេសនាំចូលឈានមុខគេរបស់ពិភពលោកនៃសាច់គោ Wagyu ប៉ុន្តែ សាច់គោជប៉ុនដ៏សំខាន់នេះមិនអាចរកបាននៅកន្លែងជាច្រើននៃទីផ្សារហាងលក់គ្រឿងទេស និងភោជនីយដ្ឋានរបស់ទីក្រុងនេះទេ។
កម្ពុជាបានចាប់ផ្ដើមនាំចូលសាច់គោ Wagyu កាលពីឆ្នាំ ២០១១ បន្ទាប់ពីប្រទេសវៀតណាមបានហាមឃាត់សាច់គោនេះ ហើយប្រតិបត្តិការរត់ពន្ធសាច់គោដែលបានបិទទ្វារនៅក្នុងប្រទេសចិនក៏បានហាមឃាត់សាច់គោ Wagyu ផងដែរ ដោយបានចាប់សាច់គោ ១៣ តោនដឹកជញ្ជូនពីប្រភពដើមប្រទេសជប៉ុនមកទីក្រុងភ្នំពេញ។
ភាពមិនច្បាស់លាស់នៃទិន្នន័យគយរបស់រដ្ឋាភិបាលគឺជាប្រភពនៃការធ្វើឲ្យបាត់ទំនុកចិត្តក្នុងចំណោមសាស្ដ្រាចារ្យ ដែលព្យាយាមក្នុងការសិក្សាសេដ្ឋកិច្ចដែលជំរុញដោយការនាំចេញរបស់ប្រទេសកម្ពុជា។
លោក តេង ឌឺលុច សាស្ដ្រាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងភ្នំពេញបានថ្លែងកាលពីម្សិលមិញថា ការពិបាកទទួលបានស្ថិតិពាណិជ្ជកម្ម និងការវិនិយោគពីស្ថាប័ននានារបស់ប្រទេសកម្ពុជាបានរារាំងការស្រាវជ្រាវសេដ្ឋកិច្ចដ៏សំខាន់អំពីប្រទេសនេះ។
លោកបានថ្លែងថា៖ «កង្វះស្ថិតិគឺជាបញ្ហាមួយសម្រាប់ការធ្វើការស្រាវជ្រាវ និងការសិក្សាណាមួយដែលឆ្លុះបញ្ចាំងពីតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។
លោកបានកត់សម្គាល់ថា កង្វះទិន្នន័យជារឿយៗបានបង្ខំឲ្យក្រុមអ្នកស្រាវជ្រាវប្រើប្រាស់ហួសកាលបរិច្ឆេទ ឬស្ថិតិមិនផ្លូវការ។
លោកបញ្ជាក់ថា៖ «ស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែពង្រឹងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកដើម្បីរួមគ្នាផលិតស្ថិតិច្បាស់លាស់ និងធ្វើឲ្យសាធារណជនអាចរកបានដោយងាយស្រួល»៕ LA