ភ្នំពេញៈ ភាពអំណោយផល​នៃ​កត្តា​អាកាសធាតុ​បាន​ធ្វើឲ្យ​ទិន្នផល​ដូងប្រេង​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កើន​លើសពី​ការព្យាករ​ប្រមាណ ៣ ​ម៉ឺន​តោន​។ នេះ​បើ​យោង​តាម​លោក ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​។

លោក ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ភាពអំណោយ​ផល​នៃ​អាកាសធាតុ​បាន​ធ្វើឲ្យ​ទិន្នន័យ​ដូងប្រេង​ដែល​ប្រមូលបាន​ក្នុង​ឆ្នាំ​នេះ​អាច​មាន​ចំនួន ៣០០ ០០០ ​តោន កើន​លើស​ការព្យាករ​ប្រហែល ៣០ ០០០ ​តោន​។

លោក​ថ្លែងថា​៖ «​តាម​ការព្យាករ​ពីមុន​ក្នុង​ឆ្នាំ​ ២០២០ នេះ​យើង​អាច​ទទួលផល​ប្រមាណ​ ២៧០ ០០០ ​តោន ប៉ុន្តែ​តាម​ការពិនិត្យ​មើល​ជាក់ស្តែង​ផល​ផ្លែ​ដូង​អាច​កើនឡើង​រហូត​ដល់ ៣០០ ០០០ ​តោន​។ តែ​ជា​អកុសល​រោងចក្រ​កែច្នៃ​ទាំង​ ២ ​នេះ​មិនអាច​ទទួល​យក​ទៅ​កែច្នៃ​បាន​គ្រប់​ចំនួន​ទេ ដែល​ធ្វើឲ្យ​ផល​ផ្លែ​ដូងប្រេង​នៅ​សល់​លើ​ទីលាន ប្រមាណ​ជាង ៥ ០០០ ​តោន​ បណ្តាល​ឲ្យ​រលួយ​ស្អុយ​ចោល​ខាតបង់​ថវិកា​យ៉ាងធ្ងន់ធ្ងរ​»​។

ទោះយ៉ាងណា​លោក​មិនបាន​ប្រាប់​ឲ្យ​ដឹង​ពី​ទឹកប្រាក់​នៃ​ការខាតបង់​នោះទេ​។

លោក​បន្ថែមថា ផល​ផ្លែ​ដូង​ដែល​ត្រូវ​រលួយ​ចោល​នេះ​គឺ​មិនមែន​ដោយសារ​តែ​ក្រុមហ៊ុន​កាត់បន្ថយ​ចង្វាក់​ផលិតកម្ម ឬ​ម៉ោង​ធ្វើការ​របស់​បុគ្គលិក​នៅ​ចម្ការ និង​រោងចក្រ​នា​អំឡុង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ នេះ​ទេ ប៉ុន្តែ​ដោយសារ​រោងចក្រ​ទាំង​ ២ ​របស់​ក្រុមហ៊ុន​មិនអាច​កិន​ដូងប្រេង​បាន​ទាន់​ពេលវេលា​។

លោក​បន្ថែមថា នៅក្នុង​ពេល​ឆាប់ៗ​នេះ​ក្រុមហ៊ុន​នៅ​មិនទាន់​មាន​ផែនការ​វិនិយោគ​លើ​ការសាងសង់​រោងចក្រ​បន្ថែម​ទេ ព្រោះ​រោងចក្រ​កិន​ដូងប្រេង​មាន​តម្លៃ​ខ្ពស់​ខ្លាំង ដោយ​រោងចក្រ​ដែលមាន​សមត្ថភាព​កិន​ដូងប្រេង​បាន ៤៥ ​តោន​ក្នុង​ ១ ​ម៉ោង​ អាច​មាន​តម្លៃ​ប្រមាណ ៤០ ​លាន​ដុល្លារ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា កន្លងមក​ដោយសារ​ដំណាំ​ដូងប្រេង​មិនសូវ​មាន​ទីផ្សារ​ល្អ អ្នក​ដាំ​ (​ពិសេស​ក្នុង​ខេត្តរតនគិរី​) ​បាន​នាំគ្នា​ងាក​ទៅ​ដាំចេក​វិញ ព្រោះ​មាន​ទីផ្សារ​ល្អ​ជាង​។ លោក​បន្ថែមថា ដោយសារ​កម្ពុជា​មិន​មាន​ការដាំដុះ​ច្រើន ហេតុនេះ​មិនមាន​ការវិនិយោគ​ឲ្យ​បាន​ទូលំទូលាយ​ឡើយ ដោយ​កម្ពុជា​មាន​ត្រឹមតែ​ការនាំចេញ​វត្ថុធាតុដើម​ទៅ​ទីផ្សារ​អន្តរជាតិ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ដូងប្រេង​របស់​យើង​នៅ​មិនទាន់​មាន Brand ជា​អន្តរជាតិ​ទេ​»​។

បច្ចុប្បន្ន​ផលិតផល​ពី​ដំណាំ​ដូងប្រេង ត្រូវ​គេ​យក​ទៅ​ប្រើ​យ៉ាង​ទូលំទូលាយ​ដូចជា ចំណី​អាហារ​មនុស្ស សត្វ ថាមពល ឱសថ និង​គ្រឿងសម្អាង​ជាដើម​។ ​ដូងប្រេង​មាន​ការដាំដុះ​ច្រើន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ថៃ​ជាដើម​។

ចាប់ផ្តើម​បណ្តុះ​កូន​ដាំ​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៦ មកដល់​ពេល​នេះ​ផ្ទៃដី​ដាំដុះ​ដូងប្រេង​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប មាន​ប្រមាណ ២០ ០០០ ​ហិកតា​។ កាលពី​ឆ្នាំ​ ២០០០ ក្រុមហ៊ុន​បាន​វិនិយោគ​លើ​ការសាងសង់​រោងចក្រ​កែច្នៃ​ទី​ ១ (​កិន​យក​ប្រេងដូង​) ដែលមាន​សមត្ថភាព​ផលិត​ប្រេងដូង​បាន​ ៣០ ​តោន​ក្នុង​ ១ ​ម៉ោង ហើយ​នៅ​ឆ្នាំ​ ២០១៥ ក្រុមហ៊ុន​ក៏បាន​សាងសង់​រោងចក្រ​កែច្នៃ​ថ្មី​ ១ ​ទៀត​ដែល​មាន​កម្លាំង​ផលិត ៤៥ ​តោន​ក្នុង​ ១ ​ម៉ោង​។

កាលពី​មុន​ប្រេងដូង​ដែល​ផលិត​បាន​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវបាន​ក្រុមហ៊ុន​នាំចេញ​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​។

យោងតាម​លោក ឫទ្ធី ការនាំចេញ​ប្រេងដូង​របស់​ក្រុមហ៊ុន​ទៅ​ទីផ្សារ​អន្តរជាតិ​នាពេល​នេះ​មាន​ដំណើរការ​ទៅ​មុខ​ជា​ធម្មតា​។ ផលិតផល​ប្រេងដូង​ដែល​កិន​រួច​ប្រមាណ ៩៦ ​ភាគរយ​ត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ខណៈ​ ៤ ​ភាគរយ​ទៀត​ត្រូវបាន​ទុក​ប្រើប្រាស់​ក្នុង​ស្រុក​សម្រាប់​កិន​លាយ​ជាមួយ​ផលិតផល​រួមផ្សំ​ផ្សេងទៀត​ដើម្បី​ធ្វើ​ជា​ចំណី​សត្វ​។

នៅក្នុង​ឆ្នាំនេះ ប្រេងដូង​មាន​តម្លៃ​ប្រមាណ ៥៤០ ​ដុល្លារ​ក្នុង​ ១ ​តោន​កើនលើស​ឆ្នាំ​មុន​ជិត​ ១០០ ​ដុល្លារ​ក្នុង ១​ តោន​។ នេះ​បើតាម​លោក ម៉ុង ឫទ្ធី​។

ខណៈ​បច្ចុប្បន្ន​ប្រេងឆា​ប្រើប្រាស់​នៅ​កម្ពុជា​សុទ្ធតែ​នាំចូល​មកពី​បរទេស លោក ម៉ុង ឫទ្ធី បាន​និយាយ​ថា គេ​មិន​អាច​ធ្វើការ​វិនិយោគ​លើ​រោងចក្រ​ផលិត​ប្រេងឆា​បាន​ទេ ប្រសិនបើ​នៅ​កម្ពុជា​មាន​ការដាំដុះ​ដើម​ដូងប្រេង​តិចជាង ៣០ ០០០ ​ហិកតា​នោះ ព្រោះ​ការវិនិយោគ​នោះ​នឹង​ត្រូវ​ខាតបង់​៕ LA