ក្រុងប៉ារីសៈ ទិន្នផលប្រេងរបស់អង្គការប្រទេសនាំចេញប្រេង (OPEC) បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែមុនដោយសារការកាត់បន្ថយផលិតកម្មខ្លាំងនៅប្រទេស វ៉េណេស៊ុយអេឡា និងប្រទេស អារ៉ាប៊ី សាអ៊ូឌីត។ នេះបើយោងតាមការឲ្យដឹងរបស់អង្គការ OPEC កាលពីថ្ងៃពុធ។
អង្គការ OPEC បានឲ្យដឹងនៅក្នុងរបាយការណ៍ ១ ដែលបានដកស្រង់ប្រភពបន្ទាប់បន្សំផ្សេងៗថា ផលិតកម្មប្រេងរួមគ្នារបស់ខ្លួន បានធ្លាក់ចុះចំនួន ៥៣៤ ០០០ បារ៉ែលក្នុង ១ ថ្ងៃក្នុងខែមីនា។ អង្គការនេះមិនបានបញ្ចេញទិន្នន័យផលិតផ្ទាល់របស់ខ្លួនទេ។
ប្រទេស វ៉េណេស៊ុយអេឡា ដែលស្ថិតនៅក្នុងវិបត្តិនយោបាយ ការដាក់ទណ្ឌកម្ម និងការដាច់ភ្លើងអគ្គិសនីជាច្រើនលើកច្រើនសា បានបូមប្រេងតិចជាងមុន ២៨៩ ០០០ បារ៉ែលក្នុង ១ ថ្ងៃ ធៀបនឹងខែកុម្ភៈ ដែលធ្វើឲ្យផលិតកម្មប្រេងរបស់ប្រទេសនេះបានធ្លាក់ចុះមកនៅត្រឹម ៧៣២ ០០០ បារ៉ែលក្នុង ១ ថ្ងៃ។
បរិមាណនេះធៀបទៅនឹងចំនួនជាង ១ លានបារ៉ែលក្នុង ១ ថ្ងៃដែលប្រទេសនេះបានបូមនៅដើមឆ្នាំនេះ ហើយសមត្ថភាពផលិតរបស់ខ្លួនមានចំនួនជិត ២ លានបារ៉ែលក្នុង ១ ថ្ងៃក្នុងឆ្នាំ ២០១៧។
ទន្ទឹមនេះដែរ យោងតាមប្រភពរបស់អង្គការ OPEC របាយការណ៍នេះបានឲ្យដឹងថា ផលិតកម្មរបស់អារ៉ាប៊ី សាអ៊ូឌីត បានធ្លាក់ចុះ ៣២៤ ០០០ បារ៉ែលក្នុង ១ ថ្ងៃ។
កាលពីថ្ងៃពុធ តម្លៃក្នុងកិច្ចសន្យាអនាគតរបស់ប្រេងឆៅប្រភេទ WTI ដែលជាប្រេងគោលសម្រាប់ផលិតកម្មប្រេងរបស់អាមេរិក មាន ៦៤,៤២ ដុល្លារក្នុង ១ បារ៉ែល ខណៈដែលតម្លៃក្នុងកិច្ចសន្យាអនាគតរបស់ប្រេងឆៅប្រភេទ Brent ដែលជាប្រេងគោលរបស់អឺរ៉ុបថ្លៃ ៧០,៩៥ ដុល្លារក្នុង ១ បារ៉ែល៕ AFP/PS