
កសិករម្រេចកំពតកំពុងពិនិត្យផ្លែម្រេចក្នុងចម្ការរបស់ខ្លួននាពេលកន្លងមក។ ម្រេច GI កំពតឆ្នាំនេះរំពឹងថានឹងទទួលបានផលខ្ពស់។ ភ្នំពេញ ប៉ុស្តិ៍
កំពតៈ បរិមាណផលម្រេចកំពត ដែលជាដំណាំសម្គាល់ទីតាំងភូមិសាស្ដ្រ (GI) ត្រូវបានព្យាករថា នឹងកើនឡើងខ្ពស់ជាងឆ្នាំទៅសម្រាប់រដូវប្រមូលផលខាងមុខ ទោះបីជាប្រឈមភាពរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដែលត្រូវបានព្យាករនៅឆ្នាំនេះក៏ដោយ។ នេះបើយោងតាមប្រធានសមាគមលើកកម្ពស់ម្រេចកំពត។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត (KPPA) បានឲ្យដឹងកាលពីម្សិលមិញថា ទោះបីជារដ្ឋាភិបាលបានធ្វើការប្រកាសអំពីការប្រឈមនឹងភាពរាំងស្ងួតនៅឆ្នាំនេះក៏ដោយ ក៏ទិន្នផលម្រេចកំពត ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៩០ តោនសម្រាប់រដូវប្រមូលផលនៅពេលខាងមុខ ខណៈកសិករម្រេច ដែលធ្លាប់ឆ្លងកាត់នូវភាពរាំងស្ងួត នៅពេលនេះអាចគ្រប់គ្រងទឹកបានល្អប្រសើរ។
លោកថ្លែងថា៖ «រដូវប្រមូលផលនៅពេលបន្ទាប់របស់យើង នឹងកើនឡើងដល់ ៩០ តោន កើនឡើងពីរដូវប្រមូលផលឆ្នាំមុន»។ លោកបន្តថា៖ «កសិកររបស់យើងពេលនេះយល់ដឹងច្រើន ដោយពួកគេដឹងពីរបៀបក្នុងការបម្រុងទឹកទុក សម្រាប់រដូវប្រាំង ដោយសារតែពួកគេ ធ្លាប់ជួបប្រទះភាពរាំងស្ងួតចាប់តាំងពីឆ្នាំ ២០១៥»។
លោកបានឲ្យដឹងថា នៅក្នុងរដូវប្រមូលផលកាលពីឆ្នាំមុន KPPA អាចប្រមូលផលបាន ៦៩ តោន និងបាននាំចេញ ៥៣ តោនទៅទីផ្សារ។
លោក ងួន ឡាយ បានឲ្យដឹងថា សម្រាប់រដូវប្រមូលផលនៅពេលខាងមុខ កសិករនឹងចាប់ផ្ដើមប្រមូលផលចាប់ពីដើមខែមីនា ដល់ខែមិថុនា ដែលមានម្រេចក្រហមបានកាន់តែច្រើន។
លោកលើកឡើងថា៖ «ដូច្នេះវាមិនមានបញ្ហាប្រឈមច្រើនទេនៅពេលបច្ចុប្បន្ន ដោយសារតែកសិកររបស់យើង អាចគ្រប់គ្រងចង្វាក់ផលិតរបស់ពួកគេសម្រាប់កសិដ្ឋានខ្នាតមធ្យម ប៉ុន្តែវាពិបាកបន្តិចសម្រាប់ការវិនិយោគធំៗលើកសិដ្ឋានធំៗ ដែលវាមានការចំណាយច្រើនសម្រាប់ចង្វាក់ផលិតរបស់ពួកគេ»។
តំបន់ GI របស់ម្រេចកំពត បច្ចុប្បន្នមានចំនួន ២៥០ ហិកតា នៅខេត្តកំពត និងខេត្តកែប។ នៅក្នុងតំបន់នោះ ២០០ ហិកតា មានដើមម្រេច ដែលអាចប្រមូលផលបាន។
លោកថ្លែងថា៖ «រដូវប្រមូលផលនេះ យើងនឹងផ្ដោតលើការផលិតម្រេចក្រហម ដើម្បីឆ្លើយតបតម្រូវការទីផ្សារ»។ ទីផ្សារសំខាន់ៗរបស់ម្រេចកំពត គឺអឺរ៉ុប អាមេរិក ជប៉ុន និងកាណាដា ប៉ុន្តែគំរូម្រេចកំពត ក៏ត្រូវបានយកទៅទីផ្សារទិសដៅថ្មីៗ ដើម្បីពង្រីកបន្ថែម ដូចជាកូរ៉េខាងត្បូង ទីក្រុងហុងកុង និងចិនផងដែរ។
KPPA មានកសិករ ៤៥៧ នាក់ជាសមាជិក ហើយស្ថាប័ននេះ បានធ្វើជាដៃគូជាមួយក្រុមហ៊ុន ៣៥ ដើម្បីនាំចេញផលិតផលរបស់ខ្លួនទៅទីផ្សារអន្តរជាតិ។
តម្លៃម្រេចកំពតនៅរក្សាតម្លៃ ១៥ ដុល្លារក្នុងមួយគីឡូក្រាមសម្រាប់ម្រេចខ្មៅ ២៥ ដុល្លារសម្រាប់ម្រេចក្រហម និង ២៨ ដុល្លារសម្រាប់ម្រេចស។
លោក ប៉ុក លី ជាសមាជិកម្នាក់របស់ KPPA ដែលមានផ្ទៃដីដាំដុះម្រេចជិត ២ ហិកតា និងមានម្រេច ៤ ០០០ ដើមរំពឹងថា នឹងទទួលបានទិន្នផលម្រេច ៣ តោននៅឆ្នាំនេះ ដោយសារតែចម្ការរបស់គាត់ទទួលបានទឹកគ្រប់គ្រាន់។
លោក ប៉ុក លី បានទទួលទិន្នផលម្រេច ២ តោនកាលពីឆ្នាំ ២០១៨។ លោកថ្លែងថា៖ «វាមិនមែនជាការបារម្ភសម្រាប់ខ្ញុំនោះទេ ដោយសារតែខ្ញុំមានទឹកបម្រុងទុករួចហើយ ដែលអាចដោះស្រាយដើមម្រេចរបស់ខ្ញុំរហូតដល់ខែកក្កដា»។
លោកបន្តថា៖ «ចាប់តាំងពីយើងបានជួបប្រទះភាពរាំងស្ងួតរួចហើយ ដូច្នេះកសិករភាគច្រើន ត្រៀមស្ដុកទឹក ដូចជាការជីកអណ្ដូង ស្រះ និងអាងទឹក»៕LA