The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទិន្នផល​ស្វាយ ​អាច​នឹង​ធ្លាក់​ចុះ​ដោយ​សារ​អាកាសធាតុ​

ទិន្នផល​ស្វាយ ​អាច​នឹង​ធ្លាក់​ចុះ​ដោយ​សារ​អាកាសធាតុ​

Content image - Phnom Penh Post
កសិករកំពុងដឹក​ផ្លែស្វាយ​តាម​ទូក​នៅក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ដើម្បី​យកមកលក់​នៅផ្សារ។ ហេង ជីវ័ន

ទិន្នផល​ស្វាយ ​អាច​នឹង​ធ្លាក់​ចុះ​ដោយ​សារ​អាកាសធាតុ​

ភ្នំពេញៈ ទិន្នផល​ផ្លែ​ស្វាយ​ត្រូវ​រំពឹង​ថា នឹង​​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​​​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​​ដល់​ទិន្នផល​ស្វាយ។ នេះ​បើ​​តាម​សមាគម​ស្វាយ​កំពង់ស្ពឺ ដែល​ជា​​សមាគម​ផលិត​ផ្លែ​ឈើ​ក្នុង​តំបន់​ឈាន​មុខ​គេ​របស់​កម្ពុជា​។

លោក អ៊ិន ឆៃ​វ៉ាន ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​​រដូវ​ប្រមូល​ផល​ទើប​ចាប់​ផ្ដើម ផល​ប៉ះពាល់​ដោយ​សារ​ការ​ប្រែប្រួល​អាកាស​ធាតុ អាច​នឹង​ត្រូវ​កាត់​បន្ថយ​​ទិន្នផល​ប្រហែល ៥០ ​ភាគរយ​ក្នុង​ឆ្នាំ​នេះ។

លោក​ថ្លែង​ថា៖ «ការ​ផលិត​ស្វាយ​នៅ​ឆ្នាំ​នេះ នឹង​មិន​ល្អ​ដូច​ឆ្នាំ​មុន​​ទេ។ ការ​ប្រែប្រួល​អាកាស​ធាតុ ដោយសារ​មាន​ភ្លៀង​​ធ្លាក់​ច្រើន និង​ភាព​រាំងស្ងួត​ខ្លាំង នឹង​​កាត់​បន្ថយ​ទិន្នផល​ស្វាយ​នៅ​​ឆ្នាំ​នេះ»។ លោក​បន្ត​ថា ការ​ប្រមូល​ផល​សំខាន់​នឹង​ត្រូវ​ចាប់​ផ្ដើម​​នៅ​ខែ​ក្រោយ។

លោក​លើក​ឡើង​ថា៖ ​«​ដោយ​សារ​​ការ​ប្រែប្រួល​អាកាសធាតុ ផ្កា​ស្វាយ​ត្រូវ​បាន​​បំផ្លាញ​ដោយ​ទឹក​ភ្លៀង និង​ភាព​រាំងស្ងួត ព្រម​ទាំង​សត្វល្អិត​ចង្រៃ ខណៈ​ទឹក​ស្រះ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​​​បាន​ចាប់​ផ្ដើម​រីង​ជា​បណ្ដើរ​ៗ​»​។

រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ខែ​មុន​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​​លើក​ឡើង​ពី​ក្តី​បារម្ភ​ទាក់ទង​នឹង​គ្រោះ​រាំង​ស្ងួត ខណៈ​​​បាតុភូត​ El Nino នឹង​ធ្វើ​​​ឲ្យ​មាន​ភាព​រាំងស្ងួត​​រយៈ​ពេល​យូរ ដែល​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ប្រទេស ​កម្ពុជា ចាប់​ពី​ខែ​មេសា ដល់​ខែ​ឧសភា​។

ទោះ​ជា​យ៉ាង​ណា លោក​បាន​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ​តម្លៃ​ផ្លែស្វាយ​កើន​​ខ្ពស់​ជាង​ឆ្នាំ​មុន។ លោក​​បាន​ថ្លែង​ថា៖ «តម្លៃ​មិន​ប្រែប្រួល​ច្រើន​ដូច​ឆ្នាំ​មុន​ទេ ស្វាយ​របស់​យើង​មាន​តម្រូវ​ការ​ច្រើន​ពី​អ្នក​ទិញ​នៅ​ប្រទេស ​វៀតណាម»។ លោក​​បន្ថែម​ថា នៅ​ឆ្នាំ​នេះ​សមាគម​នេះ​បាន​ធ្វើ​ការ​ទាក់ទង​​​ជា​មួយ​អ្នក​ទិញ​នៅ​​វៀតណាម​​រួច​ហើយ ជា​មួយ​​នឹង​តម្លៃ ១ ៥០០ ​រៀល​ក្នុង​ ១ ​គីឡូ​ក្រាម​។

លោក​​បញ្ជាក់​ថា៖ «ទីផ្សារ​ស្វាយ​មិន​មែន​ជា​បញ្ហា​សម្រាប់​​ពួក​យើង​ទេ ខណៈ​យើង​មាន​រោងចក្រ​កែ​ច្នៃ​រួច​ហើយ ដូច្នេះ​​តម្រូវ​ការ​ ​គឺ​មាន​រួច​ហើយ​»។ លោក​​បន្ត​ថា​៖ «អ្វី​ដែល​យើង​​ត្រូវ​ធ្វើ​ គឺ​លើក​កម្ពស់​ការ​យល់​ដឹង​​អំពី​បច្ចេកទេស​ដាំដុះ និង​បង្កើន​ទំនុក​ចិត្ត​ទីផ្សារ​ដល់​​កសិករ​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា»​។

រោងចក្រ​សម្អាត​ផ្លែ​ឈើ​គ្រប់គ្រង​​ដោយ​​ក្រុមហ៊ុន Hyundai នៅ​​ខេត្ត​កំពង់ស្ពឺ បាន​បញ្ចប់​ការ​ដំឡើង​​រួច​ហើយ​​ក្នុង​ខែ​នេះ និង​​បន្ត​ផែន​ការ​ក្នុង​ការ​នាំចេញ​​ផ្លែ​ស្វាយ​ទៅ​កាន់​ប្រទេស ​កូរ៉េខាង​ត្បូង។ ក្រុមហ៊ុន​​នេះ​គ្រោង​​នាំចេញ​ផ្លែ​ស្វាយ ចំនួន ១ ៧០០ តោន​ទៅ​ប្រទេស ​កូរ៉េ ​នៅ​ឆ្នាំ​ដំបូង។

អ្នក​ស្រី គីម ឡា កសិករ​ដាំ​ផ្លែ​ស្វាយ​នៅ​​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ជា​សមាជិក​​សមាគម​ស្វាយ​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ប្រមូល​ផល​បាន ៦០ ​តោន លើ​ផ្ទៃ​ដី​ដាំដុះ ៥ ហិកតា​នៅ​​រដូវ​ប្រមូល​ផល​លើក​ដំបូង​នេះ​។

ទោះ​យ៉ាង​ណា អ្នកស្រី​លើក​ឡើង​​ថា នៅ​រដូវ​ប្រមូល​ផល​បន្ទាប់ (ចាប់​ផ្ដើម​​ពី​ខែ​មីនា) ទិន្នផល​ប្រហែល​មិន​កើន​ទេ ដោយ​សារ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ពេក។ ​អ្នក​ស្រី​ថ្លែង​ថា៖ «​ពេល​នេះ​ខ្ញុំ​កំពុង​បារម្ភ​ពី​​​ការ​ប្រមូល​​ផល​នា​រដូវ​កាល​ខាង​មុខ​ ដោយ​សារ​តែ​អាកាសធាតុ​ក្ដៅ និង​ស្ងួត ខ្ញុំ​បារម្ភ​ថា​ដើម​ស្វាយ​​​​មិន​អាច​ផ្ដល់​ផ្លែ​ស្វាយ​ធំៗ​ច្រើន​ទេ»៕ LA

អត្ថបទគួរចាប់អារម្មណ៍