ភ្នំពេញៈ កម្ពុជា​នឹង​ផ្អាក​ការនាំចូល​អំបិល​ពី​បរទេស​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​នៅក្នុង​ឆ្នាំនេះ ដោយសារ​ការប្រមូលផល​អំបិល​សម្រេចបាន​ប្រមាណ​ពី ៧-៨ ​ម៉ឺន​តោន​រួចមក​ហើយ​គិត​រហូត​មកទល់ពេលនេះ​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​វិស័យ​ផលិត​អំបិល​កម្ពុជា​។

កាលពី​ឆ្នាំ​ ២០១៩ បើទោះបី​ប្រទេស​កម្ពុជា​​ ទទួលរង​ឥទ្ធិពល​បាតុភូត​អាកាសធាតុ​ក្តៅ​ខ្លាំង El Nino ប៉ុន្តែ​ការផលិត​អំបិល​សម្រេចបាន​ប្រមាណ​ជាង ៣ ​ម៉ឺន​តោន​ប៉ុណ្ណោះ ដោយសារ​តែ​តំបន់​ផលិត​អំបិល​បែរ​ជា​មាន​ភ្លៀង​ច្រើន​ទៅវិញ​។ តាម​ការសិក្សា​ជា​មធ្យម​ក្នុង ១ ​ឆ្នាំ​កម្ពុជា​ត្រូវការ​អំបិល​សម្រាប់​បរិភោគ​ចន្លោះ​ពី ៨-១០ ​ម៉ឺន​តោន​។

លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពតកែប ដែល​ជា​កន្លែង​ផលិត​អំបិល​តែមួយគត់​នៅ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា អំបិល​ដែល​ផលិត​បាន​ក្នុង​ឆ្នាំ​នេះ​អាច​នឹង​បំពេញ​បាន​តាម​តម្រូវការ​ក្នុង​ស្រុក ខណៈ​អាកាសធាតុ​នៅ​តំបន់​ផលិត​នៅតែ​ល្អប្រសើរ​មកដល់ពេលនេះ​។ លោក​បន្ត​ថា ការផលិត និង​ប្រមូលផល​អាច​មាន​រយៈពេល​យូរថ្ងៃ​ទៅមុខទៀត​ក្នុងឆ្នាំនេះ​។

លោក​បាន​ថ្លែងថា​៖ «​អំបិល​សម្រាប់​បរិភោគ​ឆ្នាំនេះ​នឹង​មិនមាន​នាំចូល​ដូច​ឆ្នាំមុន​ឡើយ​»​។ លោក​បន្តថា​៖ «​ខ្ញុំ​គិតថា មក​ដល់​ពេល​នេះ ទិន្នផល​អំបិល​ដែល​ផលិត​បាន​អាច​ស្ថិតក្នុង​រង្វង់ ៨ ​ម៉ឺន​តោន​»​។

លោក​ប្រាប់​ទៀត​ថា អំបិល​ក្នុង​ឆ្នាំ​នេះ​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន ដោយ​អំបិល​លេខ​ ១ មានតម្លៃ​ប្រមាណ ១៥ ០០០ ​រៀល​ក្នុង​ ១ ​ការុង ៥០ ​គីឡូក្រាម និង​អំបិល​លេខ​ ២ មានតម្លៃ​ ១២ ០០០ ​រៀល​។

លោក ប៊ុន ណារិន ដែលជា​អ្នក​ផលិត​អំបិល​ក្នុង​ខេត្តកំពត​បាន​និយាយថា បើទោះបី​តំបន់​ខ្លះ​ចាប់ផ្តើម​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​ការប្រមូលផល​អំបិល​ក្នុង​ខេត្តកំពត​នៅពេល​នេះ​មិនទាន់​ចប់​នៅឡើយ​ទេ គ្រាន់តែ​វា​មិនបាន​ច្រើន​ដូច​ក្នុងអំឡុង​ខែមីនា និង​មេសា​។ ផល​ប្រមូល​បាន​ក្នុងឆ្នាំនេះ​កើន​លើស​ឆ្នាំ​មុន​ច្រើន​គួរសម​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​គិតថា ឆ្នាំនេះ​អំបិល​ (​ធម្មជាតិ​) សម្រាប់​បរិភោគ​នឹង​មិន​ខ្វះ​ទេ តែបើ​អាចមាន​ការនាំចូល​ខ្លះ គឺ​សម្រាប់​តែ​អំបិល​ឧស្សាហកម្ម​ប៉ុណ្ណោះ​»​។

អំបិល​ឧស្សាហកម្ម​សំដៅ​ដល់​អំបិល​ដែល​គេ​ប្រើប្រាស់​សម្រាប់​ការបោកគក់​សម្លៀកបំពាក់ និង​សម្រាប់​ប្រើ​សម្រាប់​ការផលិត​ទឹកកក​ជាដើម​។ នេះ​បើតាម​លោក ណារិន​។

លោក​បន្ថែមថា តាម​ទិន្នន័យ​ដែល​មន្ត្រី​ជំនាញ​ទើប​ចុះមក​ប្រមូល​កាលពីពេល​ថ្មីៗ​នេះ​គឺ​អំបិល​ដែល​ប្រមូល​បាន​មកដល់​ពេល​នេះ​គឺ​មាន​ជាង ៧ ម៉ឺន​តោន​រួចមកហើយ​។

លោក​បន្តថា ទោះ​យ៉ាងណា​វិស័យ​ផលិត​អំបិល​នៅតែ​ជួបនឹង​បញ្ហា​ច្រើន​ទាក់ទង​ទៅ​នឹង​កង្វះ​កម្លាំង​ពលកម្ម​។

របាយការណ៍​កន្លងមក​បាន​បង្ហាញថា នៅ​កម្ពុជា​មាន​ផ្ទៃដី​ផលិត​អំបិល​ប្រមាណ​ ៤ ៥០០ ​ហិកតា គ្របដណ្តប់​ក្នុង​ខេត្ត​កំពតកែប​។ បើ​អាកាសធាតុ​ល្អ ក្នុង​ ១ ​ហិកតា គេ​អាច​ផលិត​អំបិល​បាន​ប្រហែល ២០ ​តោន​ក្នុង​ ១ ​ឆ្នាំ​ដោយ​គិត​ចាប់ពី​ខែ​មករា​ដល់​ខែ​ឧសភា​។

ឆ្នាំ​ ២០១៤, ២០១៥ និង​ឆ្នាំ​ ២០១៦ គឺជា​ពេលដែល​កម្ពុជា​ប្រមូលផល​អំបិល​បាន​ច្រើន​ដោយ​ក្នុង​ ១ ​ឆ្នាំៗ​បាន​ជាង ១០ ​ម៉ឺន​តោន​។ ទោះយ៉ាងណា ទិន្នផល​នេះ​បាន​ធ្លាក់ចុះ​ចំនួន ៣ ​ឆ្នាំ​ជាប់​គ្នា​វិញ ដោយ​កាលពី​ឆ្នាំ​ ២០១៨ កម្ពុជា​នាំចូល​អំបិល​ពី​ចិន​ជាង ១ ​ម៉ឺន​តោន និង​ឆ្នាំ ២០១៩ នាំចូល​អំបិល​ពី​ឥណ្ឌា​ជាង ៥ ០០០ ​តោន​។ នេះ​បើតាម​លោក ប៊ុន បារាំង​។

មិនមាន​តួលេខ​ពី​ចំនួន​ទឹកប្រាក់​នៃ​ការ​នាំចូល​អំបិល​កាលពី​ឆ្នាំ​ ២០១៩ ទេ ប៉ុន្តែ​កាលពី​ឆ្នាំ​ ២០០៩ កម្ពុជា​បាន​នាំចូល​អំបិល ២ ​ម៉ឺន​តោន​ពី​ប្រទេស​ចិន ដោយ​ចំណាយ​ប្រាក់ ២,២ លាន​ដុល្លារ​៕ LA