កាលពីឆ្នាំ២០១០ បានកំណត់ទិសដៅនាំចេញអង្ករ ១ លានតោននៅចុងឆ្នាំ ២០១៥។ ពាក់កណ្ដាលផ្លូវហើយរហូតមកដល់ឆ្នាំនេះ ហើយវាមើលទៅហាក់ដូចជាទិសដៅដ៏មានមហិច្ឆតានេះទំនងជាមិនសម្រេចបានតាមការកំណត់នោះទេ។
លោក ហៀន វណ្ណហ៊ន ប្រធានលេខាធិការដ្ឋានសេវាច្រកចេញចូលតែមួយសម្រាប់បែបបទនាំចេញអង្ករ ជាស្ថាប័នមួយដែលធ្វើការងារជាមួយក្រសួងកសិកម្ម បានផ្តល់បទសម្ភាសដាច់ដោយឡែកមួយជាមួយនឹងភ្នំពេញប៉ុស្តិ៍ដើម្បីពិភាក្សាអំពីសមិទ្ធផល បញ្ហាប្រឈម និងអនាគតរបស់ឧស្សាហកម្មអង្ករនេះ។
ក្នុងបំណងដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេសកម្ពុជា រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការផលិតនិងការនាំចេញអង្ករកាលពីចុងឆ្នាំ២០១០ចាប់តាំងពីការបង្កើតគោលនយោបាយនេះ តើអ្វីទៅដែលជាសមិទ្ធផលសំខាន់ៗរបស់ឧស្សាហកម្មនេះ?
ចាប់តាំងពីឆ្នាំ២០១០ដល់ឆ្នាំ២០១៤ ប្រទេសកម្ពុជាបានផ្លាស់ប្តូរប្រែក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអង្ករកំពូលទាំង ១០។ ការនាំចេញអង្កររបស់យើងបានរក្សាការកើនឡើងជារៀងរាល់ឆ្នាំចាប់ពី ២០០ ០០០ តោនកាលពីឆ្នាំ ២០១១ ដល់ជាង ៣៨៧ ០០០ តោនកាលពីឆ្នាំមុន។ អង្កររបស់យើងបានឈ្នះរង្វាន់ជាអង្ករល្អបំផុតរបស់ពិភពលោកអស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ហើយកំពុងក្លាយជាអង្ករដ៏ល្បីឈ្មោះនៅក្នុងទីផ្សារអន្តរជាតិ។
មានការកើនឡើងក្រុមហ៊ុននាំចេញអង្ករផងដែរចាប់តាំងពីពេលនោះ។
ទីផ្សារនេះត្រូវបានពង្រីកដល់បណ្ដាប្រទេសជាច្រើននៅក្នុងសហភាពអឺរ៉ុប (EU) និងថ្មីៗនៅក្នុងប្រទេសចិន។
តើលោកអាចធ្វើការបញ្ជាក់បានទេថា យើងសម្រេចបានចំនួនប៉ុនណាហើយនៃដំណើរឆ្ពោះទៅរកការសម្រេចបានតាមទិសដៅនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ?
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយកាលពីចុងឆ្នាំ២០១០។ ការអនុវត្តគោលនយោបាយនេះបានចាប់ផ្ដើមប្រហែលនៅក្នុងឆ្នាំ២០១១។
មានទិសដៅសំខាន់ពីរដែលយើងចង់សម្រេចបាន។
ទី១ ត្រូវបានអតិរេកផលស្រូវនៅក្នុងកម្រិតជាង៤លានតោន។
ទី២ ត្រូវនាំចេញអង្ករយ៉ាងហោចណាស់១លានតោនទៅទីផ្សារអន្តរជាតិ។ ការផលិតស្រូវរបស់ប្រទេសកម្ពុជាបានកើនឡើងពី៨,៧លានតោនកាលពីឆ្នាំ២០១១ ដល់ប្រហែល៩,៤លានតោនកាលពីឆ្នាំមុន។
អតិរេកស្រូវមានចំនួន៤,៣លានតោនកាលពីឆ្នាំ២០១១ ដល់៤,៨លានតោនកាលពីឆ្នាំមុន។
ការនាំចេញនៅឆ្នាំនេះក៏បានកើនឡើងខ្លាំងផងដែរ។ ចាប់ពីខែមករាដល់ខែឧសភាឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន២៣៤ ០២៥តោនរួចហើយដែលកើនឡើង៦៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គ្រាន់តែនៅក្នុងខែឧសភាតែមួយ តួលេខនាំចេញបានកើនឡើងពីរដងធៀបនឹងខែឧសភាឆ្នាំមុនដោយសារតែកូតាអង្ករពីប្រទេសចិនដែលយើងបានចរចាដោយជោគជ័យ។ នេះបង្ហាញពីការរីកចម្រើនដ៏ធំនៃឧស្សាហកម្មអង្កររបស់យើង។
រដ្ឋាភិបាលបានចាប់ផ្ដើមដំណើរការគោលនយោបាយជាច្រើនផ្សេងទៀត និងការជួយសម្រួលដើម្បីជួយដល់វិស័យឯកជន។ ឧទាហរណ៍ ការបង្កើតលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បែបបទនាំចេញអង្ករដើម្បីធ្វើឲ្យមានភាពងាយស្រួលនៃនីតិវិធីនាំចេញ ដែលជាក្រុមការងារមួយរវាងរដ្ឋាភិបាលនិងវិស័យឯកជនដើម្បីដោះស្រាយបញ្ហាប្រឈម និងការរៀបចំវេទិការដ្ឋាភិបាលនិងវិស័យឯកជនរយៈពេលមួយឆ្នាំម្ដង។
តើលោកយល់ថាប្រទេសកម្ពុជានឹងមានលទ្ធភាពក្នុងការសម្រេចបានទិសដៅនាំចេញ១លានតោននៅចុងឆ្នាំនេះបានទេ?
គ្មានអ្វីអាចនិយាយបានទេលើបញ្ហានេះនៅពេលនេះ។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថាប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ នៅចុងឆ្នាំនេះ ខ្ញុំរំពឹងថាតួលេខនាំចេញមានចំនួនយ៉ាងហោចណាស់ជាង៥០០ ០០០តោន។
ប្រសិនបើមានកូតាថ្មីពីប្រទេសចិន ដែលនៅពេលនេះយើងមិនទាន់ប្រាកដនៅឡើយទេ ខ្ញុំគិតថា យើងអាចសម្រេចបានតាមទិសដៅ១លានតោន។ ប៉ុន្តែតាមពិតយោងតាមកំណត់ត្រាអន្តរជាតិ (ការនាំចេញផ្លូវការនិងក្រៅផ្លូវការ) ប្រទេសកម្ពុជាសម្រេចបានការនាំចេញអង្ករ១លានតោនរួចហើយ។
ប្រសិនបើយើងមិនអាចសម្រេចបានតាមទិសដៅរបស់យើងដើម្បីនាំចេញអង្ករ១លានតោននៅឆ្នាំនេះ វាមិនមែនដោយសារតែប្រទេសកម្ពុជាមិនមានរោងម៉ាស៊ីនកិនស្រូវទំនើបនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដោយសារតែប្រទេសកម្ពុជាមិនមានអង្ករដើម្បីនាំចេញ។
យើងមានអតិរេកស្រូវ ប៉ុន្តែស្រូវនៅតែត្រូវបាននាំចេញទៅប្រទេសជិតខាង។
រោងម៉ាស៊ីនកិនស្រូវមិនមានសមត្ថភាពគ្រប់គ្រាន់ ទាំងម៉ាស៊ីនសម្ងួតនិងហិរញ្ញវត្ថុ ដើម្បីស្ដុកស្រូវ។ នៅពេលនេះកសិករបានផ្លាស់ប្តូរហើយ។
កសិករនៅកាលពីអតីតកាលបានស្ដុកស្រូវនៅក្នុងផ្ទះរបស់ពួកគេ ប៉ុន្តែនៅពេលនេះ យើងកម្រមើលឃើញមានការស្តុករបៀបនេះ។ ពួកគេត្រូវការប្រាក់រហ័សដើម្បីសងកម្ចី ដូច្នេះពួកគេលក់ស្រូវយ៉ាងរហ័សឲ្យឈ្មួញកណ្ដាល។ វាគឺជាបញ្ហាប្រឈមមួយសម្រាប់ពេលនេះ។
តើអ្វីចាំបាច់ត្រូវធ្វើនៅក្នុងឧស្សាហកម្មនេះ?
ជាការពិត តម្លៃនៃការផលិតនៅក្នុងប្រទេសកម្ពុជាមានកម្រិតខ្ពស់បើធៀបជាមួយនឹងបណ្ដាប្រទេសជិតខាង។ ផលិតភាពរបស់យើងនៅតែទាបធៀបជាមួយនឹងបណ្ដាប្រទេសជិតខាង។ អគ្គិសនី ការដឹកជញ្ជូន និងលទ្ធភាពទទួលបានហិរញ្ញប្បទានគឺនៅតែជាបញ្ហាប្រឈមដែលឧស្សាហកម្មនេះចាំបាច់ត្រូវជម្នះដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។ រដ្ឋាភិបាលបាននិងកំពុងធ្វើការងារដើម្បីដោះស្រាយបញ្ហាប្រឈមតាមរយៈគោលនយោបាយ និងការជួយសម្រួល។
ក្នុងចំណោមផែនការយុទ្ធសាស្ដ្រ៤ដែលបានដាក់ចេញនៅក្នុងគោលនយោបាយលើកកម្ពស់ការផលិតនិងនាំចេញស្រូវ ផែនការសកម្មភាពដំបូងត្រូវបានសម្រេចលទ្ធផលដ៏ល្អ។ យុទ្ធសាស្ដ្រ៣ចុងក្រោយចាំបាច់ត្រូវត្រួតពិនិត្យឡើងវិញបន្ថែមទៀតដោយសារតែលទ្ធផលនៅមានកម្រិត។
ប្រទេសកម្ពុជា នៅចុងឆ្នាំ២០១៥នេះ នឹងចាំបាច់ត្រូវត្រួតពិនិត្យ និងធ្វើការផ្លាស់ប្តូរដើម្បីលើកកម្ពស់គោលនយោបាយផលិតនិងនាំចេញស្រូវដើម្បីកែលម្អវា៕PB