សិង្ហបុរីៈ ទីក្រុង​ប៉ារីស​ បាន​​ឡើង​​​ដល់​​​កំពូល​តារាង​​​ទីក្រុង​មាន​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​សម្រាប់​ជន​បរទេស​ រួម​ជា​មួយ​ទីក្រុង​សិង្ហបុរី និង​ទីក្រុង​ហុងកុង ខណៈ​ទីក្រុង​​​ប្រទេស ​វ៉េណេស៊ុយអេឡា ជា​កន្លែង​ដែល​​មាន​តម្លៃ​ទាប​បំផុត។ នេះ​បើ​តាម​​ការ​អង្កេត​​កាល​ពី​ថ្ងៃ​អង្គារ។

ទីក្រុង​របស់​ប្រទេស ​បារាំង ​នេះ គឺ​ជា​ទីក្រុង​នៅ​តំបន់​ចាយ​ប្រាក់​​អឺរ៉ូ​តែ​មួយ​គត់​ដែល​មាន​ឈ្មោះ​ក្នុង​ចំណាត់​ថ្នាក់​កំពូល។ កាល​ពី​ឆ្នាំ ​២០១៨ ទីក្រុង​ប៉ារីស ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ២ និង​កាល​ពី​ឆ្នាំ ​២០១៧ មាន​ចំណាត់​ថ្នាក់​លេខ ៧​​។​

ការ​អង្កេត​នេះ​បាន​រក​ឃើញ​ថា ប៉ារីស​ ​«គឺ​ជា​ទីក្រុង​មាន​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ការ​រស់នៅ» ក្នុង​នោះ​​ឈុត​សម្លៀក​បំពាក់​ពាណិជ្ជកម្ម​សម្រាប់​បុរស​មាន​តម្លៃ​ជា​មធ្យម​ប្រហែល​ ២ ០០០ ​ដុល្លារ ចំណែក​តម្លៃ​​កាត់​សក់​របស់​ស្ដ្រី​មាន​ជា​ធម្មតា ​១២០ ​ដុល្លារ។​​

ការ​អង្កេត​នេះ​ឲ្យ​ដឹង​ថា មាន​តែ «ស្រា ការ​ដឹក​ជញ្ជូន និង​ថ្នាំ​ជក់» ​ប៉ុណ្ណោះ​មាន​តម្លៃ​ប្រហាក់​ប្រហែល​ជា​មួយ​ទីក្រុង​អឺរ៉ុប​ផ្សេង​ទៀត។​

ស្ថាប័ន Economist Intelligence Unit (EIU) បាន​ឲ្យ​ដឹង​ថា ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង ​៣ ​ទសវត្សរ៍​នៃ​ការ​អង្កេត​ដែល​ទីក្រុង​ចំនួន​ ៣ ត្រូវ​បាន​ផ្ដល់​ចំណាត់​ថ្នាក់​ឈាន​មុខ​គេ​ស្មើ​គ្នា បន្ទាប់​ពី​ប្រទេស ​សិង្ហបុរី ដែល​នាំ​មុខ​តារាង​ កាល​​ពី​ឆ្នាំ​មុន​​។

បញ្ជី​ទីក្រុង​ឈាន​មុខ​គេ​ទាំង ១០ ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ទីក្រុង​អាស៊ី និងអឺរ៉ុប ក្នុង​នោះ​ទីក្រុង Zurich (ស្វ៊ីស) លេខ ៤ អូសាកា ​(ជប៉ុន) និង​ទីក្រុង​ហ្សីណែវ (ស្វ៊ីស) លេខ ​៥ ស្ទួន ទីក្រុង​សេអ៊ូល (កូរ៉េ​ខាង​ត្បូង) និង​កូប៊ិនហាក ​(ដាណឺម៉ាក) លេខ ​៧ ស្ទួន។

អាមេរិក​ខាង​ជើង ​ត្រូវ​បាន​តំណាង​ដោយ​ទីក្រុង​ញូវយ៉ក​របស់​អាមេរិក​ ជាប់​លេខ ​៧ និង​ទីក្រុង​ Los Angeles លេខ​ ១០​ ជា​មួយ​ទីក្រុង Tel Aviv របស់​ប្រទេស ​អ៊ីស្រាអែល។​​

EIU ដែល​បាន​អង្កេត​ទីក្រុង ១៣៣ ​ទូទាំង​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​នៃ​តម្លៃ​រូបិយប័ណ្ណ អតិផរណា និង​ភាព​​ចលាចល​ផ្នែក​នយោបាយ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ប្រែប្រួល​​ចំណាត់​ថ្នាក់​នៅ​ឆ្នាំ​នេះ។

ការ​អង្កេត​នេះ​បាន​ប្រៀប​ធៀប​​តម្លៃ​ផលិត​ផល​ ៤០០ ​ប្រភេទ និង​សេវាកម្ម​​ ​១៦០ រួម​មាន​ម្ហូប​អាហារ និង​ភេសជ្ជៈ សម្លៀក​បំពាក់ ការជួល​លំនៅឋាន ការ​ដឹក​ជញ្ជូន ការ​រៀន​សូត្រ និង​ការ​​កម្សាន្ត។​

ការ​អង្កេត​នេះ មាន​គោល​បំណង​ជួយ​ក្រុមហ៊ុន​គណនា​កញ្ចប់​ប្រាក់​សំណង និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​ជា​ជន​បរទេស និង​អ្នក​ដំណើរ​បែប​អាជីវកម្ម។​

ទីក្រុង​ការ៉ាកាស​​ប្រទេស​​វ៉េណេស៊ុយអេឡា បាន​យក​ឈ្នះ​​ក្រុង​ដាម៉ាស របស់​ប្រទេស ​ស៊ីរី ជា​ទីក្រុង​មាន​តម្លៃ​ទាប​បំផុត​លើ​ពិភព​លោក ខណៈ​ជម្លោះ​ដណ្តើម​អំណាច​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​កាន់​តែ​ជ្រៅ។​

ទីក្រុង​ជា​ច្រើន​នៅ​ទ្វីប​អាស៊ី ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទាប​ ​រួម​មាន​ក្រុង​ Bangalore ​(ឥណ្ឌា) ​លេខ ១២៩ ទីក្រុង​ Karachi (ប៉ាគីស្ថាន) ​លេខ ​១២៧ ក្រុង Chennai ​(ឥណ្ឌា) លេខ​ ​១២៥​ និង​ទីក្រុង​ញូវដែលី (ឥណ្ឌា) លេខ​ ​១២៣​៕ AFP/LA