ភ្នំពេញ: អ្នក​វិនិយោគិន​ក្នុងស្រុក​បាន​បោះទុន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ជា​ ១០០ ​លាន​ដុល្លារ​អាមេរិក​ សាងសង់​ទីក្រុង​ថ្មី​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​នៃ​តម្រូវការ​នៃ​ខេត្ត​ទឹកដី​តំបន់ ឆ្នេរសមុទ្រ​មួយ​នេះ​។

គម្រោង​សាងសង់​នេះ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន លន ស៊ីធី មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​សម្ពោធ​សាងសង់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​ ២២ ខែកុម្ភៈ កន្លង​មក​នេះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាលខេត្ត​។

លោក តុល លន ស្ថាបនិក ក្រុមហ៊ុន លន ស៊ីធី ក្រុង​ព្រះសីហនុ មានប្រសាសន៍​ថា គម្រោង​នេះ​នឹង​អភិវឌ្ឍ​លើ​ផ្ទៃដី​ប្រមាណ ៦៦ ​ហិកតា ដែលមាន​ការសាងសង់​ជា​លំនៅឋាន ផ្ទះល្វែង បុរី វីឡា សម្រាប់​លក់​ជូន​អតិថិជន និង​សាងសង់​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​រួមមាន សាលារៀន សួនច្បារ ស្ថានីយប្រេងឥន្ធនៈ អាហារដ្ឋាន និង​កន្លែង​ហាត់ប្រាណ​ជាដើម ដែល​មាន​ទុនវិនិយោគ​ជាង​ ១០០ ​លាន​ដុល្លារ​អាមេរិក​។

លោក​បាន​ថ្លែងថា​៖ «​ជាមួយ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ បង្ក​ឱកាស​ដល់​វិនិយោគិន​មាន​ទំនុកចិត្ត​ក្នុង​ការបោះទុន​វិនិយោគ​លើ​គម្រោង​នានា​»​។

លោ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ដែល​បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​កម្មវិធី​នោះបាន​លើកឡើងថា ស្រប​ពេលដែល​ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​តំបន់ឆ្នេរ​មួយ​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ភ្លើង​បំភ្លឺ​ផ្លូវ និង​សំណង់​អគារ​តូច ធំ ក្នុង​ក្រុងព្រះសីហនុ ក៏ដូចជា​តាម​តំបន់​ទេសចរណ៍​នានា ហើយ​មួយវិញទៀត​ខេត្ត​ព្រះសីហនុ សម្បូរ​ទៅដោយ​រមណីយដ្ឋាន​ទេសចរណ៍​ដើម្បី​​ឱ្យ​ភ្ញៀវ​មក​ទស្សនា និង​លេង​កម្សាន្ត​។

លោក​មានប្រសាសន៍​យ៉ាងដូច្នេះ​ថា​៖ «​ទោះបីជា​ប្រទេស​កម្ពុជា និង​ពិភពលោក​ព្រួយបារម្ភ​ចំពោះ​ជំងឺ​កូវីដ​១៩​ក្តី ប៉ុន្តែ​ចំពោះ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​ការសាងសង់​សំណង់ផ្ទះ​ល្វែង វីឡា បុរី លំនៅឋាន​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ក្នុង​ខេត្ត​ព្រះសីហនុ នៅតែ​មាន​សកម្មភាព​ជា​បន្តបន្ទាប់​»​។

បើ​យោងតាម​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កន្លងមក​ថា បើ​គិត​ចាប់ពី​ឆ្នាំ​ ១៩៩៤ រហូតដល់​ពាក់កណ្តាល​ឆ្នាំ​ ២០២០ ខេត្ត​ព្រះសីហនុ​មាន​ក្រុមហ៊ុន​ចំនួន​ ២០ ​បាន​មក​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​លើ​កោះ និង​ឆ្នេរសមុទ្រ​នៅលើ​ផ្ទៃដី​សរុប ១១ ៦៣៧ ​ហិកតា ដោយមាន​ទុនវិនិយោគ​សរុប​ជាង ៣,៩ ​ពាន់​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​ការវិនិយោគ​យើង​បើកទូលាយ យើង​ចង់បាន​អ្នកវិនិយោគ និង​អ្នកទេសចរ​មកពី​បរទេស ដោយ​យើង​អត់​កំណត់​ទិសដៅ​មកពី​ប្រទេស​ណា​ទេ​»​។

លោក​ឱ្យដឹងទៀតថា ជាមួយ​គ្នា​នេះ​ខេត្ត​ព្រះសីហនុ​ក៏​ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សេវាកម្ម​ទេសចរណ៍ និង​សណ្ឋាគារ​ចំនួន ៦០ ​ដោយមាន​ទុនវិនិយោគ​សរុប​ជាង ១០,៧៤ ​ពាន់​លាន​ដុល្លារ គិត​មកដល់​ពេល​នេះ​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ដ-ក្រុងព្រះសីហនុ​កាលពី​ដើមខែ​មិថុនា​ឆ្នាំមុន​ថា ការស្ថាបនា​ផ្លូវ​ទាំង ៣៤ ​ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ដ​ព្រះសីហនុ​ដោយ​រាជរដ្ឋាភិបាល​បានកំណត់​ផែនការ​ក្នុង​ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​ចក្ខុវិស័យ​ឆ្នាំ ២០៣០ គឺ​រៀបចំ និង​អភិវឌ្ឍ​ខេត្ត​នេះ​ជា​ប៉ូល​អភិវឌ្ឍន៍​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។

លោក​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ប្រមាណ ៣០០ លាន​ដុល្លារ​ ក្នុង​ការកសាង​ផ្លូវ​ចំនួន ៣៤ ​ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែលជា​ផ្លូវ​ប្រកបដោយ​ប្រណីតភាព​ដំបូង​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​តាមរយៈ​ការអភិវឌ្ឍ ខេត្ដ​នេះ​ជា​ទីក្រុង​ទំនើប​ជាមួយ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ដែល​នឹង​ទាក់ទាញ​ទេសចរ និង​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត​ពី​បរទេស ខេត្ដ​នេះ​ក៏​នឹង​បម្រើ​ដល់​ការរស់នៅ​ដ៏ល្អប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​»៕ LA