ភ្នំពេញៈ ទីតាំងល្បាយខ្សាច់សមុទ្រចំនួន ៧ ទីតាំង ស្ថិតក្នុងខេត្តកោះកុង និងព្រះសីហនុដែលមានទំហំជាង ២ ០០០ ហិកតា ត្រូវក្រសួងរ៉ែ និងថាមពល ប្រកាសឱ្យដាក់ពាក្យដេញថ្លៃជាសាធារណៈដល់ក្រុមហ៊ុនក្នុងស្រុកទាំងអស់ដែលចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា។
សេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី ៥ ខែមករា ឱ្យដឹងថា តំបន់ដែលត្រូវដាក់ឱ្យដេញថ្លៃចំនួន ៣ ទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុងមានទំហំសរុប ១ ៤៥៥ ហិកតា ក្នុងនោះ ១០៩ ហិកតា និង ៨៨២ ហិកតាស្ថិតក្នុងស្រុកបទុមសាគរ និង ៤៦៤ ហិកតាទៀតស្ថិតនៅក្នុងស្រុកស្រែអំបិល។
ចំណែកតំបន់ ៤ ទៀតដែលត្រូវដាក់ឱ្យដេញថ្លៃស្ថិតនៅខេត្តព្រះសីហនុមានទំហំសរុប ៦៦៨,២ ហិកតា ក្នុងនោះទំហំ ៣១៨,៧០ ហិកតា និង ៨១,៥០ ហិកតាស្ថិតនៅក្នុងស្រុកស្ទឹងហាវហើយ ៦០ ហិកតា និង ២២៨ ហិកតាទៀតស្ថិតក្នុងស្រុកព្រៃនប់។
សេចក្តីជូនដំណឹងឱ្យដឹងថា៖ «ក្រុមហ៊ុនដែលមានបំណងចង់ចូលរួមការដេញថ្លៃធ្វើអាជីវកម្មនៅទីតាំងខាងលើអាចចាត់តំណាងស្របច្បាប់ ឬប្រធានក្រុមហ៊ុនមកទទួលពាក្យ និងចុះឈ្មោះនៅនាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់នៃក្រសួងរ៉ែ និងថាមពលស្ថិតនៅសង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ១៩ មករា ឆ្នាំនេះ»។
សេចក្តីជូនដំណឹងបានបន្តថា ក្រុមហ៊ុនមួយអាចស្នើសុំធ្វើអាជីវកម្មច្រើនទីតាំង ប៉ុន្តែក្រុមហ៊ុនដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែ ១ អាចទទួលយកឯកសារប្រកួតប្រជែងបានតែ ១ គត់សម្រាប់ ១ ទីតាំង។
លោក ជួន សុខជា អនុប្រធាននាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់នៃក្រសួងរ៉ែ និងថាមពលបានប្រាប់ថា ក្រុមមន្ត្រីជំនាញរបស់ក្រសួងបានចុះសិក្សា និងវាយតម្លៃដោយសម្គាល់ថា តំបន់ទាំងនេះនឹងអាចធ្វើអាជីវកម្មបាន។
លោកអះអាងថា៖ «មុនឈានទៅដល់ការដាក់ដេញថ្លៃឱ្យធ្វើអាជីវកម្មនៅតំបន់ទាំង ៧ នេះអ្នកជំនាញរបស់ក្រសួងបានចុះសិក្សា និងវាយតម្លៃដោយសង្កេតឃើញថា តំបន់ទាំងនេះអាចយកផលប្រយោជន៍ជួយសេដ្ឋកិច្ចជាតិបាន ហើយតំបន់ទាំងនេះមិនធ្លាប់មានការបូមយកខ្សាច់ពីមុនមកទេ»។
លោក យស់ មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែបានប្រាប់ថា ការបើកតំបន់ឱ្យមានការដេញថ្លៃដើម្បីទទួលបានអាជ្ញាប័ណ្ណបូមខ្សាច់នៅតាមតំបន់សមុទ្រនៅខេត្តព្រះសីហនុ និងកោះកុងគឺអនុញ្ញាតឱ្យបូមខ្សាច់តែតាមមាត់ស្ទឹងដែលជាមុខទឹកចេញពីស្ទឹងនីមួយៗនៃដៃសមុទ្រ។ លោកបន្តថា៖ «ការផ្តល់អាជ្ញាប័ណ្ណឱ្យធ្វើអាជីវកម្មទាំងនេះសម្រាប់តែផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះ»។
លោកបន្ថែមថា ក្រុមហ៊ុនទាំងនោះនឹងអាចចូលរួមដេញថ្លៃដោយតម្រូវឱ្យសិក្សាពីសក្តានុពលធនធានរ៉ែជាមុនសិន។
លោកនិយាយថា៖ «យើងនឹងអញ្ជើញក្រុមហ៊ុនដែលដាក់ពាក្យមកណែនាំអំពីនីតិវិធីបែបបទឯកសារដេញថ្លៃ បន្ទាប់មកយើងនឹងចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនទៅសិក្សាពីសក្តានុពលធនធានរ៉ែនៅតំបន់ទាំងនោះ។ បើគាត់គិតថាមានសក្តានុពលអាចធ្វើអាជីវកម្មបានគឺពួកគាត់អាចបំពេញបែបបទឯកសារសម្រាប់ដេញថ្លៃ»។
នៅក្នុងឆ្នាំ ២០១៩ កម្ពុជារកចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែប្រមាណ ២១ លានដុល្លារកើនជាង ៥ ភាគរយធៀបនឹងឆ្នាំ ២០១៨ មានប្រមាណ ២០ លានដុល្លារ។ នេះបើតាមលោក មុនីរ៉ាត់៕