
កម្មករកំពុងបញ្ជាម៉ាស៊ីនដេរបិទមាត់ការុងអង្ករ។ ហេង ជីវ័ន
ភ្នំពេញៈ ប្រទេសចិននៅតែជាទីផ្សារនាំមុខគេដែលទទួលទិញអង្ករពីកម្ពុជា ដោយនៅក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២០ នេះស្រូបបានចំណែកទីផ្សារជិត ៤០ ភាគរយ ឬជាង ២៣ ម៉ឺនតោននៃការនាំចេញអង្ករសរុបរបស់កម្ពុជា។ នេះបើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យបានឱ្យដឹងថា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២០ ការនាំចេញអង្ករដែលឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ សម្រេចបាន ៦០១ ០៤៥ តោន កើនឡើង ៨៦ ៨៩៦ តោន ស្មើនឹង ១៦,៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ក្នុងចំណោមអង្ករនាំចេញខាងលើ គឺមានអង្ករក្រអូបគ្រប់ប្រភេទ ៤៨១ ១២៣ តោន អង្ករសចម្រុះគ្រប់ប្រភេទ ១១៣ ៧០៣ តោន និងអង្ករចំហុយ ៦ ១៥១ តោន។
ប្រទេសចិនបានបន្តនាំមុខគេក្នុងនាមជាទីផ្សារទទួលទិញអង្ករពីកម្ពុជាច្រើនជាងគេ ដោយមានបរិមាណ ២៣៤ ៩៤០ តោនស្មើនឹង ៣៩,០៩ ភាគរយតាមពីក្រោយដោយទីផ្សារសហភាពអឺរ៉ុបមាន ១៨៨ ៤៣៦ តោនស្មើនឹង ៣១,៣៥ ភាគរយបណ្តាប្រទេសអាស៊ានមាន ៧៨ ២០៨ តោន ស្មើ ១៣,០១ ភាគរយ និងគោលដៅផ្សេងៗទៀតមានចំនួន ៩៩ ៤៦១ តោនស្មើនឹង ១៦,៥៥ ភាគរយ។ នេះបើយោងតាមទិន្នន័យខាងលើ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃអង្គារបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការនាំចេញអង្ករកម្ពុជាបានបន្តកើនឡើងគ្រប់ទិសដៅ ពិសេសទីផ្សារប្រទេសចិនដែលបានស្រូបយកប្រមាណជិត ៤០ ភាគរយការនាំចេញសរុប។ ជាមួយនឹងកំណើននាំចេញស្ទើរគ្រប់ខែក្នុងឆ្នាំ ២០២០ នេះកម្ពុជារំពឹងថា ការនាំចេញឆ្នាំនេះនឹងកើនខ្ពស់ជាងឆ្នាំមុនបន្តិច។
លោកថ្លែងថា៖ «ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះទីផ្សារនាំចេញអង្ករកម្ពុជាថា នឹងមានកំណើនជាបន្តបន្ទាប់នៅពេលខាងមុខ ប៉ុន្តែទោះជាយ៉ាងណាអ្វីៗក៏អាស្រ័យទៅលើការបញ្ជាទិញផងដែរ»។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយថា ចិន ជាទីផ្សារនាំចេញឈានមុខគេរបស់កម្ពុជា ខណៈការបញ្ជាទិញមានដំណើរការកាន់តែប្រសើរ។
លោកបន្តថា ដោយសារតែប្រទេសចិនជាទីផ្សារមានសក្តានុពលខ្ពស់ ហេតុនេះថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធតែងទៅចូលរួមក្នុងកម្មវិធីនានានៅប្រទេសចិនដើម្បីធ្វើការផ្សព្វផ្សាយពីគុណភាព និងភាពឈ្ងុយឆ្ងាញ់របស់អង្ករកម្ពុជា។
លោកនិយាយថា៖ «ជាមួយនឹងកំណើនជាបន្តបន្ទាប់នេះ យើងសង្ឃឹមថា នៅពេលខាងមុខប្រទេសចិន នឹងបញ្ជាទិញអង្ករពីកម្ពុជាកាន់តែកើនឡើងច្រើនបន្ថែមទៀត»។
ទាក់ទងនឹងកំណើននាំចេញអង្ករក្នុងរយៈពេល ១១ ខែនេះ លោក សារ៉ន បានឱ្យដឹងថា តាមសម្ទុះនៃការនាំចេញអង្ករកម្ពុជានៅឆ្នាំនេះអាចមានកំណើនក្នុងរង្វង់ ១៧ ភាគរយ ខណៈកាលពីដើមឆ្នាំត្រូវបានរំពឹងថា នឹងកើន ២០ ភាគរយ។
លោកពន្យល់ថា ការទម្លាក់អត្រាកំណើននៅពេលនេះ គឺដោយសារវិស័យស្រូវអង្ករកម្ពុជានារយៈពេលចុងក្រោយនេះបានជួបនឹងបញ្ហាមួយចំនួនដូចជា គ្រោះទឹកជំនន់ រាំងស្ងួត និងការដឹកជញ្ជូន ជាដើម។
ដោយឡែកបើយោងតាមទិន្នន័យពីលោក វេង សាខុន គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ការនាំចេញស្រូវតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាមមានបរិមាណសរុប ១ ៧៧៧ ១០៧ តោន។
លោក វេង សាខុន បាននិយាយថា ការនាំចេញស្រូវក្នុងបរិមាណនេះគឺមិនប៉ះពាល់ដល់បរិមាណនៃការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិទេ ព្រោះកម្ពុជាតែងមាននៅសល់ស្រូវ។ ជាក់ស្តែងកាលពីឆ្នាំមុន កម្ពុជាមាននៅសល់ស្រូវរហូតដល់ជាង ៥,៧៦ លានតោន។
លោកបន្តថា៖ «កាលពីឆ្នាំមុន កម្ពុជាបាននាំចេញស្រូវទៅប្រទេសវៀតណាមប្រមាណជាង ២ លានតោន ខណៈសល់ពីនោះគេយកទៅកែច្នៃជាចំណីសត្វ និងការប្រើប្រាស់ផ្សេងៗមួយចំនួនទៀត»៕LA