តើ​ទីផ្សារ​ដំបូង និង​ទីផ្សារ​បន្ទាប់​នៅក្នុង​ទីផ្សារ​មូលបត្រ​ខុសគ្នា​យ៉ាង​ដូចម្តេច​?

ដើម្បី​ក្លាយ​ខ្លួន​ជា​ម្ចាស់​ភាគហ៊ុនិក​របស់​ក្រុមហ៊ុន​មួយ ឬ​ដើម្បី​វិនិយោគ​នៅក្នុង​ទីផ្សារ​មូលបត្រ វិនិយោគិន​អាច​ជ្រៀតចូល​ទៅក្នុង​ទីផ្សារ​តាមរយៈ​ទីផ្សារ​ចំនួន ​២ សំខាន់ៗ គឺ​ទីផ្សារ​ដំបូង និង​ទីផ្សារ​បន្ទាប់​។

តើ​អ្វី​ជា​ទីផ្សារ​ដំបូង (Primary market)?

ទីផ្សារ​ដំបូង គឺជា​ទីផ្សារ​សម្រាប់​ការជួញដូរ​មូលបត្រ​រវាង​វិនិយោគិន និង​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ ដោយ​មាន​ជំនួយ​ពី​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​។ ក្រុមហ៊ុន​អាច​កៀរគរ​មូលធន ឬ​ទទួល​បាន​ហិរញ្ញប្បទាន​បន្ថែម សម្រាប់​បន្ត​ការវិនិយោគ ឬ​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន តាមរយៈ​ការបោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​ដល់​វិនិយោគិន​។

នៅក្នុង​ន័យនេះ ដើម្បី​ទិញ​មូលបត្រ​ពី​ទីផ្សារ​ដំបូង វិនិយោគិន​ត្រូវធ្វើ​ការបញ្ជាទិញ​មូលបត្រ​ដោយផ្ទាល់​ពី​ក្រុមហ៊ុន​បោះផ្សាយ​នៅក្នុង​ដំណាក់កាល​ប៊ុកបៀលឌីង (Book building) ឬ​ការ​ស្ទាបស្ទង់​ថ្លៃ និង​/​ឬ​ការធ្វើ​បរិវិសកម្ម (subscription) ឬ​ការចុះឈ្មោះ​ទិញ​។ បន្ថែម​ពីនេះ លំហូរ​សាច់ប្រាក់​នៅក្នុង​ទីផ្សារ​ដំបូង គឺ​ចេញ​ពី​វិនិយោគិន ទៅកាន់​ក្រុមហ៊ុន​បោះផ្សាយ ហើយ​វិនិយោគិន​ដែល​បាន​ទិញ​មូលបត្រ​ពី​ក្រុមហ៊ុន​បោះផ្សាយ​នឹង​ក្លាយ​ជា​ភាគហ៊ុនិក​របស់​ក្រុមហ៊ុន​បោះផ្សាយ​នោះ​។

តើ​អ្វី​ជា​ទីផ្សារ​បន្ទាប់ (Secondary market)?

វិនិយោគិន​ដែល​បាន​ទិញ​មូលបត្រ​នៅក្នុង​ទីផ្សារ​ដំបូង អាច​លក់​មូលបត្រ​នោះ​វិញ​បាន​នៅក្នុង​ទីផ្សារ​បន្ទាប់​។ ទីផ្សារ​បន្ទាប់​គឺជា​ទីផ្សារ​សម្រាប់​ជួញដូរ​មូលបត្រ​រវាង​វិនិយោគិន និង​វិនិយោគិន​។ មាន​ន័យថា រាល់​សកម្មភាព​ទិញ-លក់​មូលបត្រ​ធ្វើ​ឡើង​តែ​រវាង​វិនិយោគិន (​អ្នកទិញ​ដែល​មាន​សាច់ប្រាក់​) និង​វិនិយោគិន (​អ្នកលក់​ដែល​មាន​មូលបត្រ​) តាមរយៈ​ក្រុមហ៊ុន​មូលបត្រ​ប៉ុណ្ណោះ​។ ចំពោះ​អ្នកទិញ​ទទួល​បាន​មូលបត្រ​នឹង​ក្លាយ​ជា​ភាគហ៊ុនិក​ថ្មី ចំណែកឯ​អ្នកលក់​ទទួល​បាន​សាច់ប្រាក់ ហើយ​វា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​បោះផ្សាយ​នោះទេ ឬ​មានន័យថា​ ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​មិន​ទទួល​បាន​ផលប្រយោជន៍​ដោយ​ផ្ទាល់​ពី​ការជួញដូរ​លើ​ទីផ្សារ​នេះ​ទេ​។

ម្យ៉ាងវិញទៀត មូលបត្រ​ទាំងអស់​ដែល​ជួញដូរ​នៅ​ទីផ្សារ​បន្ទាប់ ត្រូវ​បាន​ជួញដូរ​នៅក្នុង​ទីផ្សារ​មូលបត្រ (CSX) ដែល​នាពេល​បច្ចុប្បន្ន​នេះ ទីផ្សារ​បន្ទាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​មាន​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (​ផ.ម.ក​.) ដែល​បាន​បង្កើតឡើង​ដោយ​ទុន​រួមគ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កូរ៉េ​។

នីតិវិធី​ដើម្បី​អាច​វិនិយោគ និង​/​ឬ ទិញ-លក់​មូលបត្រ​បាន​នៅក្នុង​ទីផ្សារ​ទាំង ២

ដើម្បី​ចូលរួម​នៅក្នុង​ទីផ្សារ​មូលបត្រ​តាមរយៈ​ការវិនិយោគ និង​/​ឬ ការទិញ-លក់​មូលបត្រ​ជា​ជំហាន​ដំបូង វិនិយោគិន ត្រូវ​ស្នើសុំ​អត្តសញ្ញាណ​វិនិយោគិន (Investor ID) ជាមុន​សិន​ដែល Investor ID នេះ​អាច​ស្នើសុំ​បាន​តាមរយៈ​អនឡាញ​នៅក្នុង​គេហទំព័រ គ.ម.ក. (https://id.secc.gov.kh) ឬ​អាច​ស្នើសុំ​តាមរយៈ​ក្រុមហ៊ុន​​មូលបត្រ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី គ.ម.ក. និង​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ដូចជា អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លងដែន រូបថត ៤x៦ (​ថត​ចំ​ពី​មុខ​ក្នុង​រយៈពេល ៦​ ខែ​ចុងក្រោយ​) និង​ហត្ថលេខា​ឌីជីថល (​សម្រាប់​ការស្នើសុំ​តាម​អនឡាញ​)​។

បន្ទាប់ពី​ទទួលបាន Investor ID វិនិយោគិន​ត្រូវ​ទៅ​បើក​គណនី​ជួញដូរ (Trading Account) ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​មូលបត្រ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី គ.ម.ក.។ ជំហាន​បន្ទាប់​វិនិយោគិន​ត្រូវមាន​កាតព្វកិច្ច​សំខាន់​មួយទៀត គឺ​ការបង្កើត​គណនី​សាច់ប្រាក់​នៅ​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​ដែល​ទទួលបាន​ការទទួល​ស្គាល់​ពី គ.ម.ក.។

បន្ទាប់ពី​បាន​បញ្ចប់​នូវ​ដំណាក់កាល​ទាំង ៣ ​ខាងលើ វិនិយោគិន​អាច​ដាក់​លុយ​នៅក្នុង​គណនី​សាច់ប្រាក់ ទៅតាម​ទំហំ​ដែល​ខ្លួន​ចង់​វិនិយោគ ឬ​ទិញ​មូលបត្រ​ពី​ក្រុមហ៊ុន​បោះផ្សាយ​ទាំង​នៅក្នុង​ទីផ្សារ​ដំបូង (​នៅពេល​ដែល​មាន ការបោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង - IPO) និង​ទីផ្សារ​បន្ទាប់​។ ដោយ​គោរព​តាម​នីតិវិធី​ខាងលើ​វិនិយោគិន​នឹង​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការវិនិយោគ និង​/​ឬ​ទិញ-លក់​មូលបត្រ​នៅក្នុង​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា​។

រៀបរៀង​ដោយ៖ គណៈកម្មការ​មូលបត្រ​កម្ពុជា​នាយកដ្ឋាន​ត្រួតពិនិត្យ​ទីផ្សារ​មូលបត្រ

អ៊ីមែល៖ marketsup@secc.gov.kh

ទូរស័ព្ទ៖ 023​885​611